រឿងរ៉ាវចម្លែកៗទាំង១០ កើតមានតែនៅហ្វាំងឡង់ប៉ុណ្ណោះ ប្រទេសផ្សេងគ្មានឡើយ!

  • 2018-06-22 02:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ មនុស្ស​ប្រុស​អាច​បី​ប្រពន្ធ​របស់​ខ្លួន​រត់​ដើម្បី​ឈ្នះ​ស្រាបៀ ហើយ​ចាហ្វាយ​ក្រុង​ត្រូវ​គេ​ចាប់​បោះ​ចូល​ទឹក​ចំពោះ​ការ​ធ្វើ​អំពើ​ល្អ?

ខាង​ក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​ចម្លែកៗ​ទាំង១០ ដែល​កើត​មាន​តែ​នៅ​ប្រទេស​ហ្វាំងឡង់​ប៉ុណ្ណោះ៖

#១ ចំណត​សម្រាប់​សត្វ​ឆ្កែ នៅ​ក្បែរ​ហាង និង​កន្លែង​ផ្សេង​ទៀត

មាន​ច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ ដែល​ជំរុញ​ឲ្យ​មនុស្ស​ជា​ច្រើន​សាងសង់​ចំណង​សម្រាប់​សត្វ​ឆ្កែ។ ម្ចាស់​អាជីវកម្ម​អាច​នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ ប្រសិន​ណា​បើ​ពួកគេ​មិន​មាន​ចំណត​ទាំង​នោះ។

#២ ដាវ​សម្រាប់​បណ្ឌិត

នៅ​សាកលវិទ្យាល័យ​នៃ​ប្រទេស​ហ្វាំងឡង់​មួយ​ចំនួន ពួកគេ​នៅ​តែ​មាន​ទំនៀមទម្លាប់​ប្រគល់​ដាវ ជូន​ចំពោះ​និស្សិត​ដែល​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត។ ប៉ុន្តែ អ្នក​ត្រូវ​តែ​ទិញ​ដាវ​នោះ​ដោយ​ខ្លួន​ឯង។

#៣ ចូលចិត្ត​អាន​សៀវភៅ

ហ្វាំងឡង់ គឺ​ជា​ជនជាតិ​មួយ ក្នុង​ចំណោម​អ្នក​ចូលចិត្ត​អាន​សៀវភៅ​បំផុត​នៅ​លើ​ពិភពលោក។ ចំនួន​ប្រជាជន​នៅ​ហ្វាំងឡង់ មាន​ត្រឹម​តែ​ជាង ៥ លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ជា​រៀងរាល់​ឆ្នាំ​ពួកគេ​បាន​ខ្ចី​សៀវភៅ ច្រើន​ជាង​៦៧​លាន​ក្បាល​ពី​បណ្ណាល័យ។

#៤ មាន​ប្រាក់​បន្ថែម (Bonus) នៅ​ពេល​បុគ្គលិក​ត្រលប់​ពី​វិស្សមកាល​វិញ

ដើម្បី​លើក​កម្លាំង​ចិត្ត​ឲ្យ​បុគ្គលិក​ត្រលប់​ពី​វិស្សមកាល​វិញ ក្រុមហ៊ុន​នៅ​ហ្វាំងឡង់​មាន​ប្រាក់​បន្ថែម​ពិសេស នៅ​ពេល​ពួកគេ​ត្រលប់​មក​កាន់​ការិយាល័យ​វិញ។

#៥ ការ​ផាក​ពិន័យ​ផ្អែក​លើ​ចំណូល

ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​ពិន័យ​លើ​ការ​ល្មើស​ល្បឿន​កំណត់​នៅ​ហ្វាំងឡង់ គឺ​ផ្អែក​លើ​ចំណូល​ដែល​ជន​ល្មើស​អាច​រក​បាន ពោល​គឺ​ប្រាក់​ខែ​កាន់​តែ​ច្រើន ក៏​ត្រូវ​ពិន័យ​កាន់​តែ​ច្រើន​ដែរ។ ជាក់ស្ដែង អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ហ្វាំងឡង់ ត្រូវ​គេ​ពិន័យ​ជា​ប្រាក់ ១៣៤ ០០០ ដុល្លារ ដោយសារតែ​ការ​បើកបរ​ក្នុង​ល្បឿន ៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​ល្បឿន​កំណត់​ត្រឹម ៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

#៦ ចូលចិត្ត​កាហ្វេ

ហ្វាំងឡង់ ជាប់​លំដាប់​កំពូល​ជា​ប្រទេស​ប្រើប្រាស់​កាហ្វេ​ច្រើន​បំផុត។ ជាមធ្យម ប្រជាជន​ហ្វាំងឡង់​ម្នាក់​ប្រើ​កាហ្វេ​អស់ ១២គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។ (ប្រជាជន​អ៊ីតាលី​ម្នាក់​ប្រើ​តែ ៥គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ)

#៧ Helsinki គឺ​ជា​ទីក្រុង​ស្មោះត្រង់​បំផុត​លើ​ពិភពលោក

បើ​យោង​តាម​ការ​ធ្វើ​ពិសោធន៍​នៅ​ក្នុង​ទីក្រុង​ចំនួន១៦ នៅ​ជុំវិញ​ពិភពលោក បាន​រក​ឃើញ​ថា ទីក្រុង Helsinki របស់​ប្រទេស​ហ្វាំងឡង់ គឺ​ជា​ទីក្រុង​ស្មោះត្រង់​បំផុត​លើ​ពិភពលោក។

#៨ សូណា​មាន​គ្រប់​ទីកន្លែង

ប្រជាជន​ហ្វាំងឡង់​សរុប​មាន​ជាង ៥​លាន​នាក់ ខណៈ​សូណា​មាន​ជាង ២លាន​កន្លែង​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់។

#៩ ពិធី​បុណ្យជាតិ National Sleepy Head Day

National Sleepy Head Day គឺ​ជា​ទំនៀមទម្លាប់​ដ៏​សប្បាយ​មួយ ដោយ​គ្រួសារ​ខ្លះ អ្នក​ដែល​ក្រោក​ក្រោយ​គេ​បង្អស់ ត្រូវ​គេ​ចាប់​បោះ​ទម្លាក់​ចូល​ទឹក។ មិនតែប៉ុណ្ណោះ ពលរដ្ឋ ឬ​នរណា​ម្នាក់​ដែល​បាន​ចូលរួម​ជួយ​ដល់​ការ​អភិវឌ្ឍ​សង្គម​ច្រើន ក៏​ត្រូវ​គេ​ចាប់​បោះ​ចូល​ទឹក​ដែរ។

#១០ សម្បូរ​ការ​ប្រកួត​ប្លែកៗ

ហ្វាំងឡង់ គឺ​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ការ​ប្រកួត​ប្លែកៗ ដូចជា មនុស្ស​ប្រុស​បី​ប្រពន្ធ​រត់​ប្រណាំង​ដើម្បី​ឈ្នះ និង បេក្ខជន​ឡើង​ប្រកួត​លេង​ហ្គីតា​ខ្យល់ (ដៃទទេ) តាម​ការ​ស្រមើស្រមៃ ជាដើម៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង