ភស្តុតាង​បង្ហាញ​ច្បាស់​ចែស ក្រូអាត ​ចាប់​បាន​ក្បួន​លេង​អាហ្សង់ទីន​ទាំង​អស់ បិទមុំជិតឈឹង

  • 2018-06-22 03:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាន​មើល​ការ​ប្រកួត​យប់មិញ ​ពិត​ជា​បាន​ឃើញ​ច្បាស់​ថា ក្រូអាត ​មាន​ទម្រង់​លេង​ល្អ ​ចង្វាក់​នៃ​ការ​កាត់​ចរន្ត​លេង​របស់​អាហ្សង់ទីន ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។

ការ​ដឹង​របៀប​លេង​របស់​អាហ្សង់ទីន ​និង​ការ​ចេះ​ចាប់​កីឡាករ​សំខាន់​ឬ​កីឡាករ​នាំ​លេង​ក្នុង​ក្រុម បាន​ធ្វើ​ឱ្យ​ក្រូអាត ​ទទួល​បាន​លទ្ធផល​ជោគជ័យ ​រហូត​យក​ជ័យជម្នះ​លើ​ក្រុម​អាហ្សង់ទីន​បាន​ដល់ ៣-០ ​ឯ​ណោះ។ ​តើ​អ្វី​ជា​យុទ្ធសាស្ត្រ​ក្រូអាត ​ប្រើ ដើម្បី​យក​ឈ្នះ​យប់មិញ​នេះ?

បើ​តាម​ការ​បញ្ជាក់​របស់​កីឡាករ Luka Modric ​ដែល​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​បាន​បញ្ជាក់​ថា​សមាជិក​ក្រុម​ទាំង​មូល​បាន​យល់​ច្បាស់​ពី​ក្បួន​លេង​របស់​អាហ្សង់ទីន ​ដែល​តែងតែ​ពឹង​ទៅ​លើ​កីឡាករ​ម្នាក់។ Lionel Messi ​ជា​ស្នូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ចាប់​តាំង​ពី​លោក Jorge Sampaoli ​ចូល​ដឹក​នាំ​និង​មុន​នេះ​ទៅ​ទៀត ​ក្រុម​​នៅ​អាមេរិក​ឡាទីន​មួយ​នេះ តែងតែ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជា​កម្លាំង​សំខាន់​ដើម្បី​លេង​នៅ​តំបន់​ប្រយុទ្ធ។

កីឡាករ​ដែល​ជាប់​ជា Man of The Match ​ក្នុង​ប្រកួត​យប់មិញ បាន​និយាយ​ច្បាស់​ៗ​បន្ថែម​ទៀត​ថា​៖ “លទ្ធផល​យប់មិញ និង​ការ​លេង​មិន​ល្អ​របស់​អាហ្សង់ទីន គឺ​មក​ពី​ក្រូអាត​បាន​កាត់​ផ្ដាច់​ចង្វាក់​លេង​របស់ Messi ។ គាត់​ជា​កីឡាករ​គ្រោះ​ថ្នាក់​និង​អស្ចារ្យ​ជាង​គេ ប៉ុន្តែ​គាត់​មិន​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​តែ​ម្នាក់​ឯង​បាន​ឡើយ។ បាល់ទាត់ ​អ្នក​ត្រូវ​ការ​ជំនួស ហើយ​វា​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ។ បិទ Messi ​១ ​និង​បិទ Mascherano ​មិន​ឱ្យ​បាន​បាល់​លេង​មួយ​ទៀត ​នោះ​អាហ្សង់ទីន​នឹង​គ្មាន​ចង្វាក់​លេង​ឡើយ”។

ជាក់​ស្ដែង​កាល​ពី​យប់មិញ​នេះ គឺ​ដូច​អ្វី​ដែល Modric ​និយាយ​មែន។ Messi ​ប្រកួត​ជាមួយ​អ៊ីស្លង់​មាន​បាល់​អូស​ចូល​តំបន់​គ្រោះ​ថ្នាក់​៩​ដង ​តែ​មក​ប៉ះ​ក្រូអាត​នេះ ​រូបគេ​មាន​អូស​បាន​តែ​២​ដង​ប៉ុណ្ណោះ។ ខណៈ​ដែល​ការ​បញ្ជូន​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​វិញ ​ប្រកួត​មុន Messi ​ធ្វើ​បាន​សម្រេច​ដល់​៤៥​ដង ​ប៉ុន្តែ​ប្រកួត​យប់មិញ​នេះ កាត់​បន្ថយ​មក​ត្រឹម​១០​ដង​ប៉ុណ្ណោះ។

ដោយ​ឡែក​ការ​ដឹង​ក្បួន​លេង​របស់​អាហ្សង់ទីន​មុន​នេះ​ហើយ ​ទើប​បាន​ជា​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​ក្រូអាត​លោក Zlatko Dalic ​បាន​និយាយ​តាំង​ពី​មុន​ប្រកួត​ម្ល៉េះ​ថា ​ប៉ះ​អាហ្សង់ទីន​នេះ ​ជា​ប្រកួត​ងាយ​ស្រួល​ជាង​គេ​សម្រាប់​ក្រុម​របស់​លោក៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម