មានប្រវត្តិរស់តាមផ្លូវ កូនខ្មែ១រូប ប្រាប់គន្លឹះ មុនជាប់ទៅបណ្ឌិតសភា កងទ័ពអាមេរិក

  • 2018-06-22 07:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនខ្មែរ១រូប មាន​សមត្ថភាព​​មិន​ធម្មតា បូក​រួម​នឹង​​ឆន្ទៈ​ខ្ពស់​ផង ទើប​អាច​ជម្នះ​ឧបសគ្គ​ ​រហូត​​ទទួល​ជោគជ័យ​ក្នុង​ការ​សិក្សា។ និស្សិត​ខ្មែរ​រូប​នេះ បាន​ទទួល​អាហារូបករណ៍​ តាម​រយៈ​ស្ថាន​ទូត​អាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

ឆ្លៀត​ពេល​សិក្សា​ដ៏​រវល់ ប៉ុន្តែ​យុវជន​រូប​នេះ រីករាយ​ចែករំលែក​បទពិសោធន៍​ និង​លើក​ទឹកចិត្ត​និស្សិត​ទូទៅ ពិសេស​អ្នក​ក្រីក្រ មកកាន់ Sabay។

មាន​ឈ្មោះ ពេជ្រ ចន្រ្ទា លោកជា​និស្សិត​អាហារូបករណ៍​ ថ្នាក់​បរិញ្ញាបត្រ ​នៅ​បណ្ឌិត​សភា​កងទ័ព​ ជើងទឹក The United States Naval Academy (USNA)។ ​ជា​សាលា​ជាន់ខ្ពស់​ មាន​វ័យ​ចំណាស់​​ជាង​គេ​ទី​២ និង​មាន​ឈ្មោះ​ល្បី នៅ​សហរដ្ឋ​អាមេរិក USNA មាន​បណ្ដុះបណ្ដាល ​ជំនាញ​ពិសេស​ដល់​កងទ័ព​ សម្រាប់​តែ​កម្រិត​បរិញ្ញាបត្រ​តែ​ប៉ុណ្ណោះ។

តាម​សារ​អេឡិចត្រូនិក ពី​សហរដ្ឋ​អាមេរិក និស្សិត​ខ្មែរ​រូប​នេះ បាន​ប្រាប់ Sabay ថា​បច្ចុប្បន្ន​នេះ លោក​កំពុង​ស្នាក់នៅ និង​សិក្សា​ក្នុង​រដ្ឋ​ ម៉ារីឡែន។ លោក គឺ​ជា​និស្សិត​ខ្មែរ​ទី៤ ដែល​បាន​មក​សិក្សា​នៅ​ទីនេះ​ ព្រោះ​កន្លង​ទៅ ក៏​ធ្លាប់​មាន​និស្សិត​ខ្មែរ ៣​រូប​ផ្សេង​ទៀត​​ដែរ។

លោក​នឹង​ត្រូវ​សិក្សា​ ចាប់​ពី​ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដោយ​ចាប់​ផ្ដើម​ពី​ការ​ចូលរួម​ការ​វគ្គ​ហ្វឹកហាត់​ដ៏​តឹងរ៉ឹង និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​នានា​នៅ​ទីនោះ ក្នុង​រយៈ​ពេល​ ៨​សប្ដាហ៍​ខាង​មុខ។

រំលឹក​ពី​ប្រវត្តិ​ជីវិត​តស៊ូ

​មុន​មាន​ថ្ងៃ​នេះ លោក​ពេជ្រ ចន្រ្ទា បាន​ប្រាប់ Sabay ពី​ប្រវត្តិ​សំខាន់​ៗថា លោក​មាន​ស្រុក​កំណើត​ នៅ​ខេត្ត​កំពង់ឆ្នាំង ក្នុង​គ្រួសារ​ក្រីក្រ។ ​មាន​ម្ដាយ​ជា​កសិករ និង​លោក​ឪពុក​ជា​អតីត​នាយ​ទាហាន​ ធ្លាប់​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​សូវៀត។ លោក​ជា​អតីត​និស្សិត​សាលា​ពេទ្យ ឬ​ហៅ​ថា​សាលា​ក្រហម កាលពីឆ្នាំ២០១១។

២​ចំណុច នៃ​ការ​ចងចាំ​ក្នុង​ជីវិត ពេល​រស់នៅ​តាម​ផ្លូវ

​ក្នុងឆ្នាំ២០១១ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១ នៃ​ការ​ចាប់​ផ្ដើម​សិក្សា​នៅ​សាលា​ពេទ្យ លោក​ថា និស្សិត​ដទៃ​ក្រោយ​ចេញ​ពី​រៀន​គេ​ទៅ​ផ្ទះ និង​កន្លែង​ត្រូវ​ទៅ​ ខុស​ពី​លោក​គឺ​គ្មាន​ផ្ទះ និង​គោលដៅ។ ​លោក​បាន​ទៅ​ស្នាក់​នៅ និង​ដេក​​លើ​កៅអី​ថ្ម​សាធារណ​តាម​ផ្លូវ​ មូស​ខាំ ហាលខ្យល់ ហាល​ក្ដៅ គ្មាន​បាយ​ទឹក​ត្រឹមត្រូវ ម្ដុំ​មាត់​ទន្លេ​ក្រុង​ភ្នំពេញ អស់​រយៈ​ពេល​ជាង​ ៣សប្តាហ៍។

ទោះ​ធ្លាក់​ខ្លួន ​វេទនា​កម្រិត​ណា តែ​លោក​តែងតែ​ដាស់​តឿន លើក​ទឹក​ចិត្ត​ខ្លួនឯង ថា​វា​គ្មាន​អី​ពិបាក​ទេ ដែល​នេះ​ជា​ចំណែក​បន្ត​ឆន្ទៈ​មោះមុត និង​ជា​ការ​ចង​ចាំ​ល្អ​ក្នុង​ជីវិត។

ទី១ ​លោក​បាន​ជួប​ជនជាតិ​បរទេស​ម្នាក់ ជា​សមាជិក​ក្រុម​កីឡាករ​បាល់​ទាត់​ព្រះ​ខណ្ឌ​រាជ ដែល​អាណិត​ និង​បាន​ឲ្យ​លោក​ស្នាក់នៅ​ជាមួយ​ជាង ១សប្តាហ៍។

ទី២ ​គឺ​នៅ​ចុង​សប្ដាហ៍​ទី​៣ លោក​បាន​ដើរ​តាម​សួន​នាគ​បាញ់​ទឹក ជិត​វិមាន​ឯករាជ្យ ដោយ​ភាព​ស្រេកឃ្លាន ហេវហត់ លោក​បាន​សម្រាក​អង្គុយ នឹង​រើស​បាន​ក្រដាស​កាសែត​ខ្ចប់​នំប៉័ង​ ដែល​គេ​ចោល​តាម​ផ្លូវ។

រឿង​ភ្ញាក់​ផ្អើល គឺ​លោក​បាន​ឃើញ​ដំណឹង​រើស​អាហារូបករណ៍​លើ​កាសែត ដែល​សឹង​តែ​រលុប​ទៅ​ហើយ។ លោក​បញ្ជាក់​​ដោយ​អួល​ដើម កថា ពេលនោះ ឆន្ទៈ​បាន​ផ្ទុះ​ឡើង​ខ្ពស់ បាត់​អស់​ភាព​ស្រេកឃ្លាន ហេវហត់​ គឺ​ដឹង​តែ​ម្យ៉ាង​ធ្វើ​យ៉ាង​ម៉េច​ យក​អាហារូបករណ៍ ​ដែល​បាន​ស្រលាញ់​ជាង១០ឆ្នាំ ទៅ​បណ្ឌិត​សភា​យោធា​អាមេរិក​ឲ្យ​បាន។

ក្រោយ​មក លោក​បាន​ព្យាយាម​ទាក់ទង មិត្ត​ភក្តិ និង​សាច់ញាតិ អ្នក​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ចិត្ត​ល្អ ទម្រាំ​បាន​ជម្រក​ស្នាក់​នៅ។

ពាក្យ​ស្លោក​ប្រចាំ​ជីវិត

ផ្លូវ​ទៅ​កាន់​ជ័យ​ជម្នះ គ្មាន​ដាន​ជើង​ជន​ខ្ជិល​ច្រអូស​ឡើយ។

លើ​លោក​យើង​នេះ គ្មាន​ពាក្យ​ថា​មិន​អាច​ទេ។

ពាក្យស្លោកបានសរសេរនៅផ្ទះកម្សត់ នៅឯខេត្ត

សារ​ចែករំលែក

រាល់​ពេល​ជួប​រឿង​លំបាក សូម​កុំ​គិត​ថា​វា​ជា​ឧបសគ្គ សូម​គិត​ថា​វា​មាន​បង្កប់​ឱកាស និង​អរគុណ​ភាព​ក្រ និង​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​។ មុន​ជោគជ័យ​ជាប់​អាហារូបករណ៍​នេះ លោក​ក៏​​ធ្លាប់​បរាជ័យ​ធ្លាក់​ម្ដង​ដែរ តែ​លោក​នៅ​តែ​ព្យាយាម និង​ប្រឹង​បន្ថែម​ទើប​អាច​រក​ជ័យជម្នះ​ឃើញ។

ចំណេះ​ដឹង​ពី​ការ​ដាក់​អាហារូបករណ៍

លោក ពេជ្រ ចន្រ្ទា និស្សិត​អាហារូបករណ៍​ រៀន​នៅ​បណ្ឌិត​សភា​កងទ័ព​ ជើងទឹក សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ថា មាន​ចំណុច​សំខាន់​ចង់ចែករំលែក។

១. តាមដាន​រាល់​កម្មវិធី​ព័ត៌មាន​អាហារូបករណ៍​របស់​ស្ថានទូត

២. ចំណាយ​ពេល និង​ត្រៀមខ្លួន ​ជិត​១០ឆ្នាំ មុន​បាន​ជាប់​អាហារូបករណ៍

មាន​ដំបូន្មាន​ល្អ​ពី​សាស្ត្រាចារ្យ លោក​ថា កាល​រៀន​វិទ្យាល័យ ​នៅ​ថ្នាក់ទី១១​ ធ្លាប់​មាន​គ្រូ​បង្រៀន​១រូប​ បាន​ប្រាប់​លោក​ ពី​ដំណឹង​អាហារូបករណ៍​នេះ ដែល​ជា​ហេតុផល​១ ឲ្យ​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ លើ​ជំនាញ​ដែល​ខ្លួន​ស្រលាញ់។ ក្រៅពីនេះក៏មានការចូលរួមជួយផ្តល់យោបល់ និងទំនុកម្រុងគ្រប់បែបយ៉ាង ពីមិត្តភ័ក្ដិ និងសាស្រ្តាចារ្យជាច្រើន នៅថ្នាក់សកលវិទ្យាល័យ ពិសេស គឺសកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជា

៣. អាន​សៀវភៅ​ពាក់ព័ន្ធ ដូច​បទ​ពិសោធន៍​របស់​លោក​ បាន​អាន​សៀវភៅ​១ ស្តី​ពី​សង្គ្រាមលោកលើកទី២ តាំងពី​មុន​បាន​ជាប់​អាហារូបករណ៍

ដើមឈើ លោក ពេជ្រ ចន្រ្ទា តែងអង្គុយអានសៀវភៅ នៅស្រុកកំណើត

៤.ត្រូវ​មាន​ពិន្ទុ​គណិតវិទ្យា​ល្អ (SAT) Scholastic Aptitude Test

៥. ត្រូវ​ប្រលង​យក TOEFLសម្រាប់​ផ្នែក​ភាសា​អង់គ្លេស

៦. ត្រៀម​ខ្លួន​សម្រាប់​ការ​តេស្ត​កាយ​សម្បទា (CFA)

ទិស​ដៅ​អនាគត

ក្រោយ​រៀន​ចប់​ពី​សហរដ្ឋ​អាមេរិក លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ការងារ​ជួយ​សង្គម។ លោក ពេជ្រ ចន្រ្ទា បញ្ជាក់​ថា បន្ថែម​ពី​ចិត្ត​ស្រលាញ់​ និង​ឆន្ទៈ​លើ​ជំនាញ​នេះ លោក​ក៏​ចង់​បន្ត​ឆន្ទៈ​របស់​លោក​ឪពុក​ដែល​ជា​នាយ​ទាហាន​ស្រាប់ និង​ធ្លាប់​បាន​បម្រើ​ជាតិ។​

រូបភាពទាំងអស់ ផ្តល់ឲ្យ ដោយលោក ពេជ្រ ចន្រ្ទា

អត្ថបទ៖ ពៅ រក្សា