ក្រោយ​អ្នក​ប្រើ Visa នៅ​កម្ពុជា​កើន​ច្រើន ក្រុមហ៊ុន​ត្រៀម​ចេញ QR Code និង Contactless

  • 2018-06-22 08:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Visa ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ធំ​មួយ​លើ​ពិភពលោក បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា ខ្លួន​មាន​កំណើន​រឹងមាំ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៧ ដោយ​កាត Visa បាន​កើន​ឡើង ៦៥% ធៀប​នឹង​ឆ្នាំ​មុន។

បន្ថែម​ពី​នេះ បរិមាណ​ទូទាត់​សរុប និង​តម្លៃ​សរុប​នៃ​ប្រតិបត្តិការ​នៅ​លើ​បណ្ដាញ Visa ក៏​កើន​ឡើង ៣០% ខណៈ​ក្រុមហ៊ុន​បាន​បង្កើន​ចំនួន​ទីតាំង​ដែល​ទទួល​ការ​ទូទាត់​ដោយ​កាត​បាន ២០%។

អ្នក​ស្រី ជុំ ម៉ូនីកា នាយិកា​គ្រប់​គ្រង Visa ប្រចាំ​កម្ពុជា បាន​និយាយ​ថា៖ "យើង​ឃើញ​ថា GDP ជាតិ​កើន​ឡើង ៧% កាល​ពី​ឆ្នាំមុន ហើយ​យើង​រំពឹង​ថា នឹង​មាន​ការ​កើន​ឡើង​នូវការ​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ឆាប់​រហ័ស ងាយស្រួល និង​សុវត្ថិភាព ជាង​សាច់​ប្រាក់"។

ក្នុង​រយៈពេល ១២ ខែ​ចុង​ក្រោយ Visa បាន​ជួយ​ពង្រីក​ការ​ទូទាត់​សាច់ប្រាក់​តាម​អេឡិចត្រូនិក​នៅ​កម្ពុជា​ជាច្រើន ដូចជា សហការ​ជាមួយ​គ្រឹះស្ថាន​អង្គរ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កាត Visa ទិញ​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជាដើម។

Visa ក៏​កំពុង​ត្រៀម​ចេញ​ការ​ទូទាត់​សាច់ប្រាក់​តាម​រយៈ ការ​ស្កេន​កូដ QR កូដ ដោយ​ប្រើ Smartphone និង​ការ​បង់​ប្រាក់​តាម​ប្រព័ន្ធ Contactless ក្នុង​ឆ្នាំ​នេះ ដែល​គ្រាន់​តែ​យក​កាត​ទៅ​ប៉ះ​ម៉ាស៊ីន​ទូទាត់​ប្រាក់​កន្លែង​ទិញ​ទំនិញ​តែ​ប៉ុណ្ណោះ៕

ការ​ទូទាត់​ Contactless
ការ​ទូទាត់​ QR កូដ

អត្ថបទ៖ វិទូ