សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​បក​ស្រាយ​ជុំវិញ​រឿង Salah ចេញ​ពី World Cup មុន​ពេល​កំណត់

  • 2018-06-22 11:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​ក្នុង​ថ្ងៃ​នេះ បាន​ចេញ​មុខ​ទាត់​ចោល ពាក្យ​ចចាមអារ៉ាម​ដែល​ថា Mohamed Salah នឹង​ចាក​ចេញ​ពី​ World Cup មុន​ពេល​កំណត់ ដោយ​មិន​នៅ​ជួយ​ក្រុម​ជម្រើស​ជាតិ​ ក្នុង​ប្រកួត​ប៉ះ​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​ឡើយ។

ក្រោយ​ពី​បាន​ចាញ់​អ៊ុយរុយហ្គាយ ១-០ និង រុស្ស៊ី ៣-១ អេហ្ស៊ីប​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​នឹង​ត្រូវ​ហាល​អាវ​ក្នុង World Cup លើក​នេះ។ ការ​ចាញ់​ ២ ប្រកួត​ដំបូង​នេះ ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា ធ្វើ​ឲ្យ​កីឡាករ​បង្គោល​ប្រចាំ​ក្រុម Salah មិន​សប្បាយ​ចិត្ត​នឹង​ក្រុម​ជម្រើស​ជាតិ ហើយ​ត្រៀម​ចាក​ចេញ​ពី​កម្មវិធី​ World Cup មុន​កាល​កំណត់ ដោយ​មិន​នៅ​ជួយ​ក្រុម​ក្នុង​ប្រកួត​បង្គ្រប់​កិច្ច​ប៉ះ​អារ៉ាប៊ីសាអ៊ូឌីត​ឡើយ។

យ៉ាង​នេះ​ក្ដី ក្នុង​ថ្ងៃ​នេះ លោក Hany Abo Rida ប្រធាន​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​បាន​ចេញ​មុខ​បដិសេធ​ពាក្យ​ចចាមអារ៉ាម និង​របាយការណ៍​ទាំង​អស់​នេះ។ លោក​ថា Salah កំពុង "សប្បាយ​រីករាយ" ​ជាមួយ​មិត្ត​រួម​ក្រុម​ខ្លួន ហើយ​គ្មាន​ចេតនា​ចាក​ចេញ​ពី World Cup មុន​គេ​មុន​ឯង​នោះ​ឡើយ។

លោក Abo Rida និយាយ៖ "ប្រធាន​ក្រុម​ជម្រើស​ជាតិ​យើង Mohamed Salah នឹង​បន្ត​នៅ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​រហូត​ដល់​ចប់​ចុង​ចប់​ដើម។ ច្បាប់ FIFA បាន​ចែង​ដូច្នេះ។ ពេល​នេះ​គេ​កំពុង​តែ​សប្បាយ​រីករាយ​ជាមួយ​មិត្ត​រួម​ក្រុម​របស់​គេ ហើយ​គេ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ពេល​ដែល​គេ​ឃើញ​ពី​អ្វី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​សរសេរ។ Salah ​បដិសេធ​ទាំង​ស្រុង​នូវ​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់​នេះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Salah បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ក្នុង​រដូវ​កាល ២០១៧/១៨ ឲ្យ Liverpool ដោយ​ស៊ុត​ចូល​ជាង ៤០ គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​ជិត ២០ គ្រាប់។ កីឡាករ​ក៏​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​អេហ្ស៊ីប​ឡើង​លេង World Cup ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ២៨ ឆ្នាំ។

យ៉ាង​នេះ​ក្ដី កាល​ពី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ប៉ះ​ជាមួយ Real Madrid កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ កីឡាករ​បាន​រង​របួស​ស្មា​ធ្ងន់ធ្ងរ។

ដំណើរ​ព្យាបាល​របួស​បាន​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ល្អ ហើយ​កីឡាករ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​ប្រកាស​ថា​នឹង​មាន​វត្តមាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង World Cup លើក​នេះ។ យ៉ាង​នេះ​ក្ដី ក្នុង​ប្រកួត​​ជុំ​ទី​មួយ​ប៉ះ​អ៊ុយរុយហ្គាយ កីឡាករ​បាន​ត្រឹម​អង្គុយ​លើ​បង់។ ​នៅ​ប្រកួត​ជុំ​ទី​ពីរ​ជួប​រុស្ស៊ី ខ្សែ​ស្លាប​បាន​ស៊ុត​ចូល​ចំនួន ១ គ្រាប់ តែ​នៅ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​អេហ្ស៊ីប​ឲ្យ​បន្ត​លេង​ដល់​វគ្គ​បន្ទាប់ ដោយ​ក្រុម​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣ ទល់​នឹង ១។

អេហ្ស៊ីប នឹងត្រូវប្រកួតបង្គ្រប់កិច្ចជាមួយអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃចន្ទខាងមុខ វេលាម៉ោង ៩ យប់ (ម៉ោង​នៅកម្ពុជា)៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី