រយៈ​ពេល ៣៧​ ឆ្នាំ ទើប​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​ មាន​ឱកាស​មើល​បាល់ទាត់​ជា​លើក​ដំបូង​

  • 2018-06-23 10:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​អ៊ីរ៉ង់ នឹង​អាច​ទស្សនា​​ការ​ប្រកួត​បាល់ទាត់​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣៧​ឆ្នាំ នៅពេលដែលក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​ ត្រូវ​ប្រកួត​ទល់​នឹង​អេស្ប៉ាញ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​​នា​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​រុស្ស៊ី។

អ្នកគាំទ្រ​អ៊ីរ៉ង់ក្នុង​ជំនួបទល់នឹងអេស្ប៉ាញ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី

ត្បិត​​អ៊ីរ៉ង់​ចាញ់​​អេស្ប៉ាញ ១-០ ប៉ុន្តែ​ជា​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​ស្ត្រី​អ៊ីរ៉ង់​ ពី​ព្រោះ​ជា​លើក​ដំបូង​ដែល​ប្រទេស​កាន់​សាសនា​មូស្លីម​មួយ​នេះ​អនុញ្ញាត​ឲ្យ​​មនុស្ស​ស្រី​​ បាន​ចូល​កីឡដ្ឋាន​មើល​ការ​ប្រកួត​បាល់​ទាត់​ក្នុង​រយៈ​ពេល​៣៧​ឆ្នាំ​ចុង​ក្រោយ​។

កន្លង​មក តាម​ច្បាប់​អ៊ីរ៉ង់ ស្ត្រី​អាច​ប្រឈម​នឹង​ការ​ចាប់ខ្លួន ពិន័យ​ជា​ប្រាក់ ឬ ដាក់​ពន្ធនាគារ​ ប្រសិន​បើ​រក​ឃើញ​ថា​ពួកគេ​​ហ៊ាន​ល្មើស​បម្រាម​ចូល​ទៅ​មើល​ការ​ប្រកួត​​ដោយ​ផ្ទាល់ នូវ​ប្រភេទ​កីឡា​នានា​ផ្នែក​បុរស។

អ្នកគាំទ្រ​អ៊ីរ៉ង់ក្នុង​ជំនួបទល់នឹងអេស្ប៉ាញ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី

ទិដ្ឋភាព​ពី​កីឡដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី បង្ហាញ​ថា​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​រីករាយ​នឹង​សិទ្ធិ​សេរីភាព​តាម​រយៈ​​ការ​ថត​ selfie ការ​លើក​បង្ហាញ​ទង់ជាតិ​អ៊ីរ៉ង់ និង ផ្លុំ​ត្រែ​ជា​សំលេង​ដើម្បី​អបអរ​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ជាដើម។ ​​

យោង​តាម ​​SBS News ក្រុម​ប្រឹក្សា​ក្រុង​តេអេរ៉ង់ បាន​​សម្រេច​អនុម័ត​​ច្បាប់​អនុញ្ញាត​ឲ្យ​ស្រ្តី​​អាច​​ចូល​មើល​ការ​ប្រកួត​កីឡា​នៅ​កីឡដ្ឋាន Azadi និង Takhti ស្ថិត​នៅ​ទីក្រុង​តេអេរ៉ង់ និង ក្រុង Mashhad ។

អ្នកគាំទ្រ​អ៊ីរ៉ង់ក្នុង​ជំនួបទល់នឹងអេស្ប៉ាញ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី

កាល​ពី​ឆ្នាំ ២០០៦ ភាពយន្ត​​ដែល​មាន​ចំណង​ជើង​ថា Offside របស់​អ្នកនិពន្ធ សាហ្វា ប៉ាណាហ៊ី (Jafar Panahi) បង្ហាញ​ថា​អ្នកគាំទ្រ​ជា​ស្រ្តី​មួយ​ក្រុម​បាន​ព្យាយាម​​សម្រុក​ចូល​ទៅ​ក្នុង​កីឡាដ្ឋាន​ជាតិ​នា​ទីក្រុង​តេអេរ៉ង់ ដើម្បី​មើល​ការ​ប្រកួត​​​កីឡាបាល់ទាត់ បើ​ទោះ​ជា​ទង្វើ​នេះ​ល្មើស​នឹង​ច្បាប់​ក្តី។

ខ្សែភាពយន្ត​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​​១២​ឆ្នាំ​ក្រោយ គឺ​នៅ​ពេល​នេះ​ឯង​ដែល​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​អាច​ទស្សនា​កីឡា​ដោយ​ផ្ទាល់​ និង ស្រប​ច្បាប់៕

ប្រភព៖ indy100   ប្រែ​សម្រួល៖ សុខ លាងហ៊ត