ពីមុនចង់បានប្រពន្ធគេរក ស ស្អាត ឆ្លាត មាន តែប្រុសសម័យឥឡូវគេមើល៦ចំណុច

  • 2018-06-23 03:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​គ្រប់​រូប តែង​ប្រាថ្នា​ចង់​បាន​នារី​ដ៏​ល្អ​ម្នាក់ មក​រួមរស់​កសាង​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល។ នារី​ល្អ សក្ដិសម​ ពេល​ខ្លះ​មិន​សំដៅ​តែ​លើ​រូប​ឆោម​លោម​ពណ៌​នោះ​ទេ តែ​មាន​ចំណុច​ជា​ច្រើន​ដែល​មាន​តម្លៃ​ជាង​រូប​សម្រស់​ទៀត។ បើ​ថ្ងៃ​ណាមួយ​បាន​ជួប​នារី​ ដែល​មាន​ចរិត​លក្ខណៈ​៦​យ៉ាង​នេះ សូម​កុំ​បណ្ដោយ​ឲ្យ​នាង​របូត​ពី​ដៃ​ឲ្យ​សោះ ព្រោះ​នាង​ជា​នារី​ដ៏​ពិសេស​កម្រ​មាន​ណាស់។

១. មិន​ងាយ​នឹង​ស្រលាញ់​អ្នក​ណា​ផ្ដេសផ្ដាស

ខុស​ពី​យុវតី​បច្ចុប្បន្ន​ដែល​ងាយ​នឹង​ crush លើ​គេ ដោយ​មិន​គិត​ច្រើន​ឲ្យ​តែ​ឃើញ​សង្ហា មាន​លុយ​ច្រើន។ តែ​ចំពោះ​នារី​ប្រភេទ​នេះ​វិញ មុន​នាង​ដាក់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់ គឺ​នាង​ប្រុង​ប្រយ័ត្ន​បំផុត ព្រោះ​នាង​មិន​មែន​គិត​ត្រឹម​តែ​១​ឆាវ គឺ​គិត​ដល់​អនាគត។ ដូច្នេះ​ហើយ​ទើប​នារី​បែប​នេះ មិន​ងាយ​នឹង​មាន​សង្សារ តែ​បើ​នាង​មាន​ហើយ បុរស​ម្នាក់​នោះ គឺ​ជា​មនុស្ស​ដែល​សក្ដិសម​នឹង​នាង អាច​មើល​ខុស​ត្រូវ​នាង ច្បាស់លាស់​នឹង​នាង ហើយ​កាន់​ដៃ​នាង​ចូល​រោង​ការ។

រូបតំណាង

**២. នាង​មាន​គោលដៅ និង​ផ្លូវ​ដើរ​របស់​នាង​ច្បាស់​លាស់**

នាង​ជា​មនុស្ស​ម្នាក់​ដែល​តែង​បារម្ភ​ពី​រឿង​អនាគត ឯករាជ្យ​លើ​ខ្លួន​ឯង មិន​ចង់​ពឹងពាក់​លើ​មនុស្ស​ប្រុស​ទាំង​ស្រុង។ ដូច្នេះ​ហើយ ទើប​នាង​តែង​ចាប់​អ្វី​ជា​សំខាន់​ដើម្បី​រក​អនាគត​ដ៏​ល្អ​សម្រាប់​ខ្លួន​ឯង ហើយ​បាន​កំណត់​គោលដៅ​ច្បាស់​លាស់ មិន​ថា​តែ​ការ​សិក្សា ឬ​ការងារ​នោះ​ទេ។ នាង​តែង​បង្ហាញ​ភាព​ក្លៀវក្លា រឹង​មាំ ជឿជាក់​លើ​ខ្លួន​ឯង​ជា​និច្ច។ ប្រសិន​បើ​បុរស​ណា​បាន​នារី​ប្រភេទ​នេះ ជា​ប្រពន្ធ គឺ​សំណាង​បំផុត​ ព្រោះ​ក្រោយ​រៀបការ​ថ្ងៃ នាង​គឺ​ជា​ចំណែក​ដ៏​សំខាន់​ ដើម្បី​អភិវឌ្ឍ​គ្រួសារ​ឲ្យ​រីកចម្រើន។ ​

៣. ជា​មនុស្ស​មាន​ហេតុផល​មិន​ធ្វើ​អ្វី​តាម​តែ​ចិត្ត

ប្រសិន​បើ​នាង​មាន​ស្នេហា គឺ​ជា​ស្នេហា​បែប​ចាស់​ទុំ មិន​មែន​ថ្ងៃ​នេះ​ស្រលាញ់​ ថ្ងៃ​ស្អែក​ស្អប់​ឡើយ។ ខុស​ពី​យុវតី​មួយ​ចំនួន ដែល​តែង​ងរង៉ក់​ដូច​កូន​ក្មេង ប្រចណ្ឌ​រក​រឿង​គ្មាន​ហេតុផល តែ​ចំពោះ​នាង​វិញ ប្រសិន​បើ​មិន​សប្បាយ​ចិត្ត ឬ​សង្ស័យ​អ្វី​មួយ គឺ​នាង​តែង​និយាយ​ត្រង់​ទៅ​ត្រង់​មក ដើម្បី​ឲ្យ​ច្បាស់​តែ​ម្ដង។ បុរស​ណា​ដែល​មាន​សង្សារ​បែប​នេះ គឺ​មិន​សូវ​ពិបាក​លួង​ច្រើន​ឡើយ តែ​ផ្ទុយ​មក​វិញ​វត្ត​មាន​នាង​គឺ​តែង​ធ្វើ​ឲ្យ​បុរស​ដែល​នាង​ស្រលាញ់​មាន​ភាព​កក់ក្ដៅ និង​មាន​កម្លាំង​ចិត្ត​ជានិច្ច។ ​

រូបតំណាង

៤. នាង​ដឹង​ពី​ក្បួន​ចាយ​លុយ និង​ការ​សន្សំ

មិន​មែន​ជា​នារី​ដែល​ចូលចិត្ត​សម្ភារៈ​និយម​ហួស​ហេតុ មិន​ចេះ​តែ​ចាយ​បង្ហូរ​ដូច​ទឹក​ឡើយ។ នាង​ជា​មនុស្ស​ចេះ​ទុក​ដាក់​លុយ​កាក់​បាន​ល្អ ចេះ​បែង​ចែក​លុយ​ដែល​រក​បាន​ប្រើ​ការ​លើ​អ្វី​ដែល​សំខាន់ មាន​លុយ​សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ និង​មាន​លុយ​ទុក​សន្សំ​ទៀត​ផង។ នាង​មិន​មែន​ជា​មនុស្ស​គម្រិះ តែ​នាង​ជា​មនុស្ស​ដែល​ផ្ដល់​តម្លៃ​ដល់​លុយ​ដែល​រក​បាន។ មនុស្ស​ប្រុស​បាន​នារី​បែប​នេះ​ជា​ភរិយា នាំ​តែ​ភាព​រីក​ចម្រើន​ដល់​គ្រួសារ សល់​លុយ​កាក់ ទ្រព្យ​សម្បត្តិ មាស​ប្រាក់ គ្រួសារ​រុងរឿង។

៥. មិនមែន​ទុក​វេលា​ចោល​អង្គុយ​តែ​ខូច​ចិត្ត​រឿង​ស្នេហា

ស្នេហា​ជា​ចំណែក​សំខាន់​ក្នុង​ជីវិត រហូត​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​ត្រូវ​យក​ជីវិត​របស់​ខ្លួន​ មក​ញាំញី​តែ​ជាមួយ​ស្នេហា ខូច​ចិត្ត ស្រក់​ទឹក​ភ្នែក រហូត​លែង​ចង់​ធ្វើ​អ្វី។ ដោយ​ឡែក​ចំពោះ​នារី​ប្រភេទ​នេះ​វិញ នាង​មិន​ចាត់​ទុក​ស្នេហា​ជា​ចំណែក​សំខាន់​រហូត​ធ្វើ​ឲ្យ​នាង​ចំណាយ​ពេល​វេលា​ខ្ជះខ្ជាយ​ជាមួយ​នោះ​ទេ។ នាង​​មិន​ផ្ដោត​តែ​លើ​រឿង​តម្រូវ​ការ​បេះដូង​ឡើយ នាង​មាន​កាតព្វកិច្ច​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ជា​ប្រចាំ ដែល​នាំ​ឲ្យ​ជីវិត​នាង​រីក​ចម្រើន​ជា​លំដាប់។ បើ​នាង​មាន​ស្នេហា​គេ​ក៏​មិន​ចេះ​ហួងហែង​ខ្លាំង​ដែរ បើ​នាង​សម្រេច​ចិត្ត​ស្រលាញ់​នរណា​ម្នាក់ គឺ​ម្នាក់​នោះ​ត្រូវ​តែ​ទទួល​ស្គាល់​នាង​ជា​នាង ជា​នារី​ម្នាក់​ដែល​គិត​រឿង​អនាគត និង​អ្វី​ៗ​ដែល​សំខាន់​ជាង​រឿង​ស្នេហា។

៦. នាង​អាច​មើល​ការ​ខុស​ត្រូវ​ខ្លួន​ឯង​បាន

នៅ​ត្រង់​ចំណុច​នេះ គឺ​មាន​ន័យ​ថា នាង​ជា​មនុស្ស​ដែល​ឯករាជ្យ ជឿជាក់​លើ​ខ្លួន​​ឯង ជឿ​លើ​ទង្វើ​ដែល​នាង​ធ្វើ មិន​ចាំបាច់​ឲ្យ​ឪពុកម្ដាយ​ព្រួយ​បារម្ភ​ខ្វល់​ពី​នាង​ច្រើន​ឡើយ។ ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​គិត​ស៊ី​ជម្រៅ ចេះ​សម្រេច​ចិត្ត​ដោយ​មាន​សុភវិនិច្ឆ័យ​ច្បាស់​លាស់។ នាង​មិន​ដែល​ធ្វើ​ឲ្យ​គ្រួសារ​អស់​សង្ឃឹម​ឡើយ តែ​នាង​តែង​នាំ​រឿង​ល្អៗ​ដល់​គ្រួសារ។ ចំណែក​មនុស្ស​ប្រុស​វិញ បើ​មាន​ភរិយា​ចរិត​លក្ខណៈ​ដូច​នាង គឺ​ចាត់​ទុក​ថា​សំណាង​បំផុត​ក្នុង​ជីវិត នាង​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ​គ្រួសារ ដ៏​សំខាន់​ជាមួយ​អ្នក ក្លាយ​ជា​នារី​ប្រឹក្សា​សម្រាប់​អ្នក​ដ៏​ល្អ អាច​និយាយ​បាន​ថា​នាង​គឺ​ជា​ឧត្ដម​ភរិយា​សម្រាប់​អ្នក៕ ​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម