ប្រើយុទ្ធសាស្រ្តទីផ្សារសាហាវ មិនបាច់ផ្សាយពាណិជ្ជកម្ម អាចចំណេញដល់ទៅ ១ ០០០%
- 2018-06-23 07:24:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើយុទ្ធសាស្រ្តទីផ្សារសាហាវ មិនបាច់ផ្សាយពាណិជ្ជកម្ម អាចចំណេញដល់ទៅ ១ ០០០%
ចន្លោះមិនឃើញ
មីរ៉ៃ ណាហ្កាស៊ូ (Mirai Nagasu) បង្កើតប្រវត្តិសាស្ត្រនៅកីឡាអូឡាំពិករដូវរងារ កាលពីដើមឆ្នាំ២០១៨ នៅកូរ៉េខាងត្បូង ដោយបានឈ្នះមេដាយសំរឹទ្ធផ្នែកកីឡាជិះស្គី និងបានក្លាយទៅជាស្រ្តីអាមេរិកដំបូងគេដែលឈ្នះមេដាយលើប្រភេទកីឡានេះ៣សម័យ។
ណាហ្កាស៊ូ ជនជាតិអាមេរិកដើមកំណើតជប៉ុនមិនត្រឹមតែឈ្នះមេដាយពិភពលោកសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងបាននាំយកភាពល្បីល្បាញដល់អ្នកឌីហ្សាញក្រវិលឲ្យនាងពាក់ទៀតផង។ អត្តពលិករូបនោះបានពាក់ក្រវិលរាងត្រីកោណ ដែលច្នៃម៉ូដដោយ Sonia Hou អ្នករចនាម៉ូដជនជាតិអាមេរិកដើមកំណើតចិន។
ម៉ូដគ្រឿងអលង្ការដែលណាហ្កាស៊ូពាក់អំឡុងពេលប្រកួតកីឡាអូឡាំពិក លក់ដាច់អស់ត្រឹម៥ម៉ោងប៉ុណ្ណោះ ធ្វើឲ្យអាជីវកម្មរបស់ Sonia Hou កើនឡើង១ ០០០% នាសប្តាហ៍នោះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ Hou មិនបានចាយលុយសូម្បី១សេន ដើម្បីផ្សាយពាណិជ្ជកម្មឡើយ។
តើនាងធ្វើវាដោយរបៀបណា?
១ខែមុនពេលដែលការប្រកួតកីឡាពិភពលោកនោះមកដល់ Hou បានទៅជួបអត្តពលិកនារី៣នាក់ រួមមាន៖ មីរ៉ៃ ណាហ្កាស៊ូ Karen Chen (អាមេរិកដើមកំណើតតៃវ៉ាន់) និង ប្រេដឌី ថេនណ័ល ដើម្បីអង្វរឲ្យពួកគេទាំង៣ព្រមពាក់គ្រឿងអលង្ការរបស់នាងទៅចូលរួមកីឡាអូឡាំពិក។ ពួកគេទាំង៣បានយល់ព្រម។
យុទ្ធសាស្ត្រទីផ្សាររបស់សហគ្រិនអាមេរិកដើមកំណើតចិននេះគឺផ្តោតទៅលើ អត្តពលិកដ៏ស្រស់ស្អាតទាំង៣ ដែលម្នាក់ៗ មានអ្នក followers នៅលើ Instagram ដល់ទៅ ៥០ ០០០។ Sonia Hou បានថ្លែងអំណរគុណទៅដល់បណ្តាញសង្គមដែលធ្វើឲ្យអាជីវកម្មរបស់នាងជោគជ័យខ្លាំង។ នាងនិយាយថា "បណ្តាញសង្គមពិតជាមានឥទ្ធិពល ហើយ ខ្ញុំពិតជាមិនអាចឈានមកដល់ដំណាក់កាលនេះទេ ប្រសិនបើគ្មានវា"៕