អ្នកប្រើ MacBook និង MacBook Pro មានបញ្ហាគ្រាប់ចុច​ ពេលនេះមានសង្ឃឹមហើយ

  • 2018-06-23 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតក្រុមហ៊ុន Apple បានចេញមុខមកសារភាពរឿងកំហុសនៃគ្រាប់ចុច Butterfly Switch ជាភាពបរាជ័យមួយ ដែលខ្លួនបានបំពាក់លើ MacBook និង MacBook Pro ចាប់ពីស៊េរីឆ្នាំ​ ២០១៥ មកដល់បច្ចុប្បន្ននេះហើយ។​

Apple បានប្រកាសថា ខ្លួននឹងផ្ដល់ការផ្លាស់ប្ដូរលើគ្រាប់ចុច មួយចំនួន ឬមួយផ្ទាំងថ្មីតែម្ដង ដល់អតិថិជនជួបបញ្ហាលើគ្រាប់ចុច ដែលចុចទៅចេញជាន់គ្នា ២ ទៅ ៣ដង ចុចមិនដើរ ឬក៏គ្រាប់ចុចដែលមានសភាពស្អិត មិនលោតមកវិញ។

សេវាជួសជុលនេះ មានសម្រាប់គ្រប់កុំព្យូរទ័រញួរដៃរបស់ Apple ស៊េរីទាំង​ MacBook និង MacBook Pro ដែលមានប្រើគ្រាប់ចុចប្រភេទស្ដើង​ Buttefly Mechanism ទាំងជំនាន់ទីមួយ និងជំនាន់ទីពីរ ហើយទាំង MacBook Pro ដែលមាន​ Touch Bar និងគ្មាន Touch Bar ក៏នឹងទទួលបានការជួសជុលនេះដែរ។

"ខាង Apple និងតំណាងជួសជុលស្របច្បាប់របស់ Apple នឹងធ្វើការពិនិត្យមើល កុំព្យូទ័ររបស់អតិថិជន ដែលទទួលបានសិទ្ធជួសជុលនេះ ហើយការត្រួតពិនិត្យនេះ នឹងមិនត្រូវបានគិតប្រាក់ឡើយ។

ក្នុងការជួសជុលនេះ គ្រាប់ចុចដែលខូចចំនួន ២ ឬក៏ ៣ នឹងត្រូវផ្លាស់ប្ដូរ ឬក៏ត្រូវប្ដូរមួយផ្ទាំងចោលតែម្ដងក៏ថាបាន។ " នេះបើតាមក្រុមហ៊ុន Apple ចេញមកបញ្ជាក់ផ្ទាល់តែម្ដង។

គួរបញ្ជាក់ផងដែរថា តាំងតែពីបានបញ្ចេញ MacBook ១២អុីញ​ ឆ្នាំ ២០១៥ ប្រើក្ដារចុច Butterfly Switch ដែលផលិតឡើងដោយ Apple ផ្ទាល់ដើម្បីឲ្យការផលិតកុំព្យូទ័រយួរដៃបានកាន់តែស្ដើងជាងមុននោះ ក្ដារចុចនោះក៏ទទួលបានការរិះគន់ច្រើនលើសលប់ភ្លាមៗ ពិសេសលើចំណុចដែលវាគាំង វាយមិនលោតមកវិញ ពេលមានធូលីចូលក្នុងគ្រាប់ចុចហ្នឹងតែម្ដង។

ខាងក្រោមនេះជា Macbook និង MacBook Pro ដែលនឹងទទួលបានការផ្លាស់ប្ដូរក្ដារចុចនេះ៖

  • MacBook (អេក្រង់ Retina ទំហំ ១២អុីញ ចេញដើមឆ្នាំ ២០១៥)
  • MacBook (អេក្រង់ Retina ទំហំ ១២អុីញ ចេញដើមឆ្នាំ ២០១៦)
  • MacBook (អេក្រង់ Retina ទំហំ ១២អុីញ ចេញឆ្នាំ ២០១៧)
  • MacBook Pro (អេក្រង់ ១៣អុីញ ឆ្នាំ ២០១៦ មានរន្ធ Thunderbolt 3 ចំនួន ២ រន្ធ)
  • MacBook Pro (អេក្រង់ ១៣អុីញ ឆ្នាំ ២០១៧ មានរន្ធ Thunderbolt 3 ចំនួន ២ រន្ធ)
  • MacBook Pro (អេក្រង់ ១៣អុីញ ឆ្នាំ ២០១៦ មានរន្ធ Thunderbolt 3 ចំនួន ៤ រន្ធ)
  • MacBook Pro (អេក្រង់ ១៣អុីញ ឆ្នាំ ២០១៧ មានរន្ធ Thunderbolt 3 ចំនួន ៤ រន្ធ)
  • MacBook Pro (អេក្រង់ ១៣អុីញ ឆ្នាំ ២០១៦)
  • MacBook Pro (អេក្រង់ ១៣អុីញ ឆ្នាំ ២០១៧)

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី