ក្រោយ​ឈ្មោះ​ត្រូវ​ចារ​ជា​ប្រវត្តិសាស្ត្រ ឥឡូវ​បែក​ធ្លាយ​រឿង Kane និង​មិត្ត​ស្រី​ តាំង​ពី​តូច​ក្រូចឆ្មារ!!!

  • 2018-06-25 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិ​ស្នេហា​ខ្សែ​ប្រយុទ្ធ Harry Kane មាន​ស្ថានភាព​មិន​ខុស​ពី​អាជីព​បាល់ទាត់​បច្ចុប្បន្ន​របស់​កីឡាករ​ប៉ុន្មាន​ទេ គឺ​មាន​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់។ កីឡាករ​មាន​មិត្ត​ស្រី​ដែល​ស្គាល់​រាប់​អាន​គ្នា​តាំង​ពី​តូច រហូត​ឈាន​ដល់​បង្កាត់​ភ្លើង​ស្នេហ៍​នា​រយៈ​ពេល ៦ ឆ្នាំ​ចុង​ក្រោយ​នេះ។

ខ្សែ​ប្រយុទ្ធ Kane មាន​មិត្ត​ស្រី​ឈ្មោះ Kate Goodwin។ អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា កាល​ពី​រៀន​បឋមសិក្សា​ជាមួយ​គ្នា ហើយ​ក៏​ចាប់​ផ្ដើម​និយាយ រាប់អាន​គ្នា​ពី​ពេល​នោះ​មក។ អាជីព​បាល់ទាត់​របស់ Kane វិវត្តន៍​យ៉ាង​ម៉េច ហើយ​ឆ្លង​កាត់​អ្វី​ខ្លះ នាង Goodwin ដឹង​ទាំង​អស់។

ទាក់ទង​រឿង​នេះ ក្នុង​បទ​សម្ភាសន៍​ជាមួយ The Sun កាល​ពី​ពេល​កន្លង​ទៅ ​កីឡាករ Kane បាន​និយាយ៖ "នៅ​ពេល​ខ្ញុំ​នៅ​រៀន​នៅ​ឡើយ ពួក​យើង​គឺ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា។ ពួក​យើង​តែង​និយាយ​រក​គ្នា​ជានិច្ច ហើយ​ក៏​មាន​ទំនាក់​ទំនង​គ្នា​កាន់​តែ​ជិត​ទៅៗ។ ទំនាក់ទំនង​ស្នេហា​ចាប់​ផ្ដើម​ពី​ពេល​នោះ​ហើយ"។

រូប Kane និងមិត្តស្រី ក្នុងពិធីសម្ភោធសាលាបាល់ទាត់ Beckham កាលពីឆ្នាំ ២០០៥

ខ្សែ​ប្រយុទ្ធ​បាន​បន្ត៖ "នាង​គឺ​ជា​មនុស្ស​ដែល​មើល​ឃើញ​ទាំង​អស់ អំពី​អាជីព​បាល់ទាត់​របស់​ខ្ញុំ។"

បើ​ទោះ​ស្គាល់​គ្នា​តាំង​ពី​តូចៗ​ក្ដី អ្នក​ទាំង​ពីរ​ទើប​ប្រកាស​ទាក់ទង​គ្នា​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ ២០១២ ប៉ុណ្ណោះ។ គិត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈ​ពេល ៦ ឆ្នាំ​ហើយ ដែល​អ្នក​ទាំង​ពីរ​បាន​បង្កាត់​ភ្លើង​ស្នេហ៍។ បច្ចុប្បន្ន​គូ​ស្នេហ៍​ទាំង​ពីរ​មាន​កូន​ស្រី​មួយ​ឈ្មោះ Ivy មាន​អាយុ ១ ខួប ខណៈ​ម្នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទៃ។

Kane ចាប់​ចូល​ហាត់​បាល់​នៅ​ឆ្នាំ ១៩៩៩ ជាមួយ​ក្លឹប Ridgeway Rovers មុន​ទៅ​ចូល​ទៅ​ហាត់​នៅ​ឈុត​យុវជន​ Arsenal នា​ឆ្នាំ ២០០១។ ហាត់​នៅ​ក្លឹប​កាំភ្លើង​ធំ​បាន​មួយ​ឆ្នាំ ឈ្មោះ​របស់​កីឡាករ​ត្រូវ​បាន​កាត់​ចោល។ បន្ទាប់​មក Kane ក៏​បាន​ត្រលប់​ទៅ​ចូល​ហាត់​នៅ​ក្លឹប​ចាស់ Ridgeway Rovers រហូត​ដល់​ឆ្នាំ ២០០៤។ ក្រោយ​មក កីឡាករ​ក៏​ដូរ​ទៅ​ហាត់​នៅ​ក្លឹប Watford មុន​ពេល​ទៅ​ Tottenham Hotspur ។ កីឡាករ​បាន​ដំឡើង​​ពី​ឈុត​យុវជន ទៅ​ឈុត​ធំ​របស់​ក្លឹប​នៅ​ឆ្នាំ ២០០៩ ហើយ​បន្ត​លេង​ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប​ដល់​ពេល​បច្ចុប្បន្ន។

ខ្សែ​ប្រយុទ្ធ​ Kane ចាប់​ផ្ដើម​លេចធ្លោ​នៅ Spurs កាល​ពី​រដូវ​កាល ២០១៤/១៥ ដោយ​កីឡាករ​បាន​ស៊ុត​ចូល​សរុប​ដល់​ទៅ ៣១ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៥១ លើក។ តាំង​ពី​ពេល​នោះ​មក កីឡាករ​អង់គ្លេស​បាន​ក្លាយ​ជា​កីឡាករ​បង្គោល​ប្រចាំ​ក្លឹប។ គិត​មក​ទល់​ពេល​នេះ ខ្សែ​ប្រយុទ្ធ​វ័យ ២៤ ឆ្នាំ​ Kane ស៊ុត​ចូល ១៤០ គ្រាប់ ក្នុង ២១៣​ប្រកួត​លេង​ឲ្យ​ក្លឹប។

កាល​ពី​ដើម​ខែ​នេះ កីឡាករ​ទើប​តែ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២៤។ ខ្សែ​ប្រយុទ្ធ​ត្រូវ​បាន​រាយការណ៍​ថា មាន​ប្រាក់​នឿយហត់​ប្រមាណ ២ សែន​ផោន (ជាង ២៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​សប្ដាហ៍៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី