គ្រូ​បឹងកេត​និយាយ​អ្វី​ខ្លះ ​ក្រោយ​ក្រុម​យក​ឈ្នះ​លើ​ណាហ្គា​យប់មិញ​នេះ?

  • 2018-06-25 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹង​កេត បាន​ឡើង​ឈរ​កំពូល​តារាង​លីគ​កម្ពុជា​ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ណាហ្គាវើល​ក្នុង​លទ្ធផល ៣-២ ​នា​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​នេះ។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ពិត​ជា​ស្វិតស្វាញ ​ដោយ​ក្រុម​បឹង​កេត​បាន​នាំ​មុខ​មុន​ដោយ​ការ​ទាត់​យ៉ាង​ស្អាត​ពី ម៉ាត់ យ៉ាមីន ​ត្រឹម​នាទី​១៥ ដើម​តង់​ទី​១។ យ៉ាងណាមិញ ​ការ​នាំ​មុខ​នោះ ​បាន​ធ្វើ​ឱ្យ​ណាហ្គា​វើល​វាយ​សម្រុក​វិញ រហូត​រក​គ្រាប់​បាល់​បាន​ស្មើ​ត្រឹម​នាទី​២៧ ​ដោយ​កីឡាករ គួច សុគុម្ភៈ។ ​ក្រោយ​ពី​ចប់​តង់​ទី​១ ​រក្សា​លទ្ធផល​ស្មើ​គ្នា ​ឈាន​ដល់​តង់​ទី​២ ​ក្រុម​ទាំង​សង​ខាង​ពិត​ជា​មិន​ចង់​រក្សា​លទ្ធផល​ស្មើ​ឡើយ។ បឹង​កេត តែងតែ​វាយ​សម្រុក​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ជ័យជម្នះ​ឡើង​ឈរ​កំពូល​តារាង​វិញ ​រហូត​ដល់​នាទី​៧៧ ​កីឡាករ Paul Omogba ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ជា​ថ្មី​លើ​ក្រុម​ណាហ្គាវើល។

ការ​នាំ​មុខ​នេះ​ក៏​មិន​ទាន់​ឈ្នះ​លើ​​ណាហ្គា​ដែរ ​ស្រប​ដែល​ត្រឹម​១០​នាទី​ក្រោយ​ការ​នាំ​មុខ ​កីឡាករ Osa ​របស់​ណាហ្គា រក​បាន​១​គ្រាប់​តាម​ស្មើ​ទៀត ​មុន​ពេល​ដែល​ Maycon ​របស់​បឹង​កេត ​ថែម​គ្រាប់​ជ័យ​ជម្នះ​ដោយ​បាល់​ប៉េណាល់ទី​នៅ​នាទី​៩០+។ ​១​គ្រាប់​ជ័យជម្នះ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​មិន​សម​ឱ្យ​នោះ​ទេ។ គំនិត​របស់​អ្នក​គាំទ្រ​ជា​ច្រើន​នោះ គិត​ថា​កំហុស​នេះ គឺ​កើត​ឡើង​ដោយ​កីឡាករ​ Maycon ខ្លួន​ឯង​ប៉ុណ្ណោះ។

ចប់​ការ​ប្រកួត​ទៅ ​លោក ហៅ សុជាតិ ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​បាន​និយាយ​ថា​៖ “ការ​ប្រកួត​នេះ​ពិត​ជា​តានតឹង​មែនទេ ​ដូច​ដែល​ខ្ញុំ​និយាយ​ពី​មុន​ការ​ប្រកួត​អីចឹង។ និយាយ​ពី​លទ្ធផល​នេះ គឺ​យើង​អាច​ទទួល​យក ព្រោះ​​ថា​យើង​បាន​រៀប​ចំ​ក្រុម​យ៉ាង​ល្អ ​ទាំង​ការពារ បម្រើ ​និង​ប្រយុទ្ធ។ ដូច្នេះ​លទ្ធផល​នេះ​គឺ​សក្ដិសម​សម្រាប់​បឹង​កេត”។

ការ​ឈ្នះ​ប្រកួត​ជាមួយ​ណាហ្គាវើល​នេះ ​បាន​ធ្វើ​ឱ្យ​បឹង​កេត​ឡើង​ឈរ​កំពូល​តារាង ​និង​ទម្លាក់​ណាហ្គាវើល​មក​លេខ​២​វិញ។ មួយ​វិញ​ទៀត ​ចប់​ជុំ​ទី​១​នៃ​លីគ​កំពូល​កម្ពុជា ​គឺ​ក្រុម​បឹង​កេត​បាន​រក្សា​កំណត់ត្រា​មិន​ចាញ់​១​ប្រកួត​ណា​សោះ​របស់​ខ្លួន​បាន​ថែម​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម