អបអរខួប៥​​ឆ្នាំរបស់ BTS អ្នកគាំទ្រកម្ពុជាធ្វើពិធីជួបជុំធំមិនធម្មតា និងបង្កើតមូលនិធិសប្បុរសធម៌

  • 2018-06-25 09:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ BTS ប្រចាំ​នៅ​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​ទាំង​អស់​អបអរ​ខួប​ ៥​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុមសំណព្វចិត្ត​របស់ពួកគេ។

ក្រុម​យុវជន-យុវនារី​ដែល​ជា​ Army កម្ពុជា (អ្នក​គាំទ្រ​ BTS) បាន​មូលមតិ​គ្នា​រៀប​ចំ​ការ​ជួប​ជុំ​ជា​លក្ខណៈ​មិត្តភាព។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាងនេះ​ទៅទៀត​នោះ​ ពួកគេ​បាន​រៀបចំ​ជា​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​ជន​ដែល​កំពុង​ត្រូវ​ការ​ជំនួយ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​យុវជន​ Kim Kang Jin ដែល​សមាជិក​ម្នាក់ក្នុងក្រុម​អ្នក​គាំទ្រ​ BTS នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ Project របស់​ពួកគេ​មាន​ឈ្មោះ​ "BTS 5TH ANNIVERSARY CAMARMYs Fanmeeting THE LOVE” ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​ ១០ ខែមិថុនា ឆ្នាំ​ ២០១៨ វេលា​ម៉ោង​ ១ រសៀលដល់​ ៥ល្ងាច​ នៅ Prime Cineplex។

Kang Jin បាន​បញ្ជាក់​ទៀត​ថា​ក្រៅពី​ជុំ​គ្នា​ញ៉ាំ​អី​ ក្រុម​ Army កម្ពុជា​ក៏​បាន​ប្រមូល​ថវិកា​គ្នា​បាន​ ចំនួន​ ៣​ គម្រោង​ហើយ​ ហើយ​ក្នុង​១គម្រោង​ ពួកគេ​ក៏​ប្រមូល​បាន​ច្រើន​គួរសម​ដែរ។

ជាក់ស្ដែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៥ ខែមិថុនា​ ឆ្នាំ​២០១៨​នេះ​ ពួកគេ​ក៏​បាន​យក​ថវិកា​ដែល​បាន​ពីការរៃអង្គាស​នោះ​ ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន ៤០០ដុល្លារ​។ ក្រៅពី​ថវិកា​ ក្រុម​យុវជន​ទាំងអស់​ក៏​ធ្លាប់បាន​យក​សម្ភារៈ​ផ្សេងៗ ដូចជា​សៀវភៅ​សិក្សា​ទៅ​ឲ្យ​កុមារៗ​ជា​ច្រើន​កំពុង​ខ្វះខាត​នៅ​សាលារៀន​ដែល​ក្រីក្រ​មួយ​ចំនួន​ដែរ។

ចំណែក​ Prject មួយ​ទៀត​ដែល​អបអរ​ខួប​ ៥​ឆ្នាំ​របស់ BTS ដូច​គ្នា​ដែរ​នោះ​មាន​ឈ្មោះ​ថា​ "Love Yourself: The Utopian Dream”(ស្រលាញ់ខ្លួនឯង: ក្ដីស្រមៃដ៏ឥតខ្ចោះ) ក៏​ត្រូវ​រៀបចំឡើង​នៅ​អង្គការដើម្បីភាពញញឹមនៃកុមារ កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ ២០១៨។ អំណោយ​ដែលពួកគេ​នាំ​យក​ទៅ​ចែក​រួមមានខោអាវ សម្ភារសិក្សា (សៀវភៅ ប៊ិច ខ្មៅដៃ ខ្មៅដៃពណ៌, ជ័រលុប បន្ទាត់​ កាតាបជាដើម) ព្រមជាមួយ​ទឹកប្រាក់​ចំនួន ១៦០ដុល្លារ។

សូម​បញ្ជាក់​ផងដែរ​ថា​ កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​ក្រុម BTS នៅ​កម្ពុជា​ប្រារព្ធ​ឡើង​ជារៀងរាល់​ឆ្នាំ មានន័យ​ថា​តាំង​ពី​ BTS បង្កើត​ដំបូង​ ហើយ​មកទល់​ពេល​នេះ​ជាលើកទី ៥ហើយ។ ប៉ុន្តែ​សម្រាប់​មូលនិធិ​សប្បុរសធម៌​ ក្រុម​ទាំង​មូល​ ទើប​តែ​ចាប់​ផ្ដើម​ធ្វើ​ក្នុង​ឆ្នាំ​នេះ​ទេ​ ហើយ​ការជួបជុំ​នេះ​ក៏​ធ្វើ​ឡើង​មាន​លក្ខណៈធំ​ពិសេស​ជាងមុន ស្របពេល​ចំនួនសមាជិក​មានការកើនឡើង គឺ​ប្រមាណ​ជាង ៣០០នាក់ឯណោះ។មិន​ចប់​ត្រឹម​នេះ​ទេ ពោល​គឺ​ក្រុម​យុវជន​ទាំង​នេះ​ក៏​នឹង​បន្ត​ការងារ​មនុស្ស​ធម៌​នេះ​ ដើម្បី​ជួយ​កុមារ​ដែល​នៅ​តាម​អង្គការ​មួយ​ចំនួន​ទៀត​ដែរ៕

ខាងក្រោមនេះជាទិដ្ឋភាព​នៃ​ពិធីជួបជុំក្រុមអ្នកគាំទ្រ BTS នៅ​កម្ពុជា៖

អត្ថបទ៖ យី សុធារី