៥​ចំណុច​ពី​ជំនួប​ជក់ចិត្ត​រវាង​ ព័រទុយហ្គាល់​ និង​អ៊ីរ៉ង់​

  • 2018-06-26 01:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ដឹក​ដៃ​គ្នា​ជាមួយ​អេស្ប៉ាញ​ឡើង​ទៅ​វគ្គ​បន្ត​ក្រោយ​ស្មើ​ជាមួយ​អ៊ីរ៉ង់​ ១ទល់​នឹង​១​​នៅ​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល​ B។

ទោះ​ទទួល​ជ័យ​ជម្នះ​តែ​ម្ដង​គត់​ទល់​ម៉ារ៉ុក​​នៅ​វគ្គ​សន្សំ​ពិន្ទុ​តែ​លទ្ធផល​ស្មើ​អេស្ប៉ាញ​ និង​អ៊ីរ៉ង់​គ្រប់​គ្រាន់​សម្រាប់​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​បន្ត​បេសកកម្ម​របស់​ខ្លួន​នៅ​ World Cup រុស្ស៊ី​លើក​នេះ។​ ខាង​ក្រោម​គឺ​ជា​ចំណុច​ចាប់​អារម្មណ៍​៥​ពី​ប្រកួត​យប់​មិញ។

#៥ ការ​ប្រែប្រួល​សមាសភាព​កីឡាករ

​គ្រូ​បង្វឹក​ព័រទុយហ្គាល់​បាន​ផ្លាស់​ប្ដូរ​សមាសភាព​កីឡាករ​មួយ​ចំនួន​នៅ​ជម្រើស​១១​នាក់​ដំបូង​ទល់​នឹង​អ៊ីរ៉ង់​ដែល​ជា​ក្រុម​ខ្លាំង​មួយ​មក​ពី​អាស៊ី ជាក់​ស្ដែង​លោក​បាន​សម្រេច​ចិត្ត​ត្រូវ​ដែល​ដាក់​ Ricardo Quaresma ជា​ជម្រើស​១១​នាក់​ដំបូង​ជំនួស​ Bernardo Silva និង​ដាក់​ Adrien Silva ជំនួស​ Joao Moutinho ហើយ Goncalo Guedes ត្រូវ​ជំនួស​ដោយ Andre Silva។

#៤ ភាព​លេចធ្លោ​របស់​ Quaresma

Quaresma ដែល​ត្រូវ​ដាក់​ជំនួស​កីឡាករ​ឆ្នើម​ Bernardo Silva របស់​ Manchester City មិន​បាន​ធ្វើ​ឲ្យ​លោក​ Fernando Santos ខក​ចិត្ត​នោះ​ទេ។ ខ្សែ​បម្រើ​ស្លាប​ដែល​ធ្លាប់​លេង​ឲ្យ​ Chelsea កាល​ពី​អតីត​កាល​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេងយ៉ាង​ល្អ​កាល​ពី​យប់​មិញ​មិន​ខុស​ពី​ប្រកួត​កន្លង​ទៅ​ឲ្យ​ព័រទុយហ្គាល់ ហើយ​ថែម​ទាំង​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​នៅ​នាទី​៤៥​ជា​គ្រាប់​ជួយ​ឲ្យ​ព័រទុយហ្គាល់​បាន​១​ពិន្ទុ​បន្ថែម​មាន​កៅអី​ទៅ​វគ្គ​បន្ត។

#៣​ កាល​ទាត់​ប៉េណាល់ទី​មិន​ចូល​របស់​ Ronaldo

Cristiano Ronaldo បាន​ចូល​ក្នុង​បញ្ជី​អ្នក​ទាត់​បាល់​ប៉េណាល់ទី​មិន​ចូល​នៅ​ World Cup ប្រទេស​រុស្ស៊ី​ជាមួយ​ Lionel Messi ដែល​ទាត់​មិន​ចូល​កាល​ប៉ះ​អ៊ីស្លង់។​ ខ្សែ​ប្រយុទ្ធ​ Real Madrid ខកខាន​ឱកាស​នៅ​នាទី​៥៣​ក្រោយ​ព្យាយាម​ទាត់​ទៅ​ខាង​ស្ដាំ​ តែ​ត្រូវ​អ្នក​ចាំ​ទី​ Beiranvand លោត​ត្រូវ​ និង​សង្គ្រោះ​បាន។​​

#២ អ៊ីរ៉ង់​ខ្វះ​តែ​បន្តិច​អាច​ទម្លាក់​ព័រទុយហ្គាល់​បាន

លទ្ធផល​១-១ មិន​អាច​ឲ្យ​អ៊ីរ៉ង់​ឡើង​ទៅ​វគ្គ​បន្ត​បាន​ទេ​ព្រោះ​ពួកគេ​ត្រូវ​ការ​ឈ្នះ​ព័រទុយហ្គាល់​ដាច់​ខាត​ដើម្បី​ឡើង​ទៅ​ជាមួយ​អេស្ប៉ាញ​ យ៉ាងណា​ក៏​ដោយ​ការ​សង្គ្រោះ​បាល់​ប៉េណាល់​ទី​របស់​ Ronaldo និង​លទ្ធផល​ស្មើ​នេះ​អ៊ីរ៉ង់​បាន​ធ្វើ​ឲ្យ​ព័រទុយហ្គាល់​ខកខាន​ឡើង​កំពូល​តារាង​ និង​បាន​ត្រឹម​លេខ​២​ក្រោម​អេស្ប៉ាញ។

#១ អ៊ីរ៉ង់​គឺ​ជា​មោទនភាព​មួយ​របស់​អាស៊ី

ក្នុង​ចំណោម​ក្រុម​៥​មក​ពី​ទ្វីប​អាស៊ី​ អ៊ីរ៉ង់​គឺជា​ក្រុម​មួយ​ដែល​គេ​គិត​ថា​ស្ថិត​នៅ​ក្នុង​ពូល​ពិបាក​បំផុត​ដោយ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ព័រទុយហ្គាល់​ អេស្ប៉ាញ​ និង​ម៉ារ៉ុក។​ យ៉ាង​ណា ក្រុម​ប្រទេស​អ្នក​មាន​អាស៊ី​មួយ​នេះ​បាន​បើក​ឆាក​យក​ឈ្នះ​ម៉ារ៉ុក​ ចាញ់​អេស្ប៉ាញ​ត្រឹម​១ ទល់​០ និង​ចុង​ក្រោយ​ស្មើ​គ្នា​ជាមួយ​ព័រទុយហ្គាល់​ ដែល​លទ្ធផល​នេះ​គ្មាន​នរណា​នឹក​ស្មាន​ដល់៕

ប្រភព៖ FIFA   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម