កម្មវិធី “Bag to school” ត្រៀម​ចុះជួយ​ សាលាបឋម​សិក្សា​មួយកន្លែង​ នៅ​ខេត្ត​ពោធិ៍សាត់

  • 2018-06-26 13:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ រួម​ជាមួយ​ដៃ​គូ​សហការ និង​ម្ចាស់​ឧបត្ថម្ភ​នានា បាន​រៀប​ចំ​គម្រោង ទៅ​រៀន​ដើម្បី​អនាគត​ខ្ញុំ “Bag to school” ឆ្នាំ២០១៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ អាទិត្យ ទី​​១ ខែ​កក្កដា​ ឆ្នាំ២០១៨​ ក្នុង​បរិវេណ​សាលាបឋមសិក្សា​អណ្ដូង​ស្វាយ ​ដែល​ស្ថិត​ក្នុង ភូមិ​រ៉ាថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង ចែក​ជូន​សម្ភារ​សិក្សា​ទៅ​ដល់​សិស្សានុសិស្ស ចំនួន​២២០​នាក់ មក​ពី​សាលា​បឋម​សិក្សា​អណ្ដូង​ស្វាយ និង​សាលា​បឋម​សិក្សា រលៀប​ស្រង៉ាំ​​ ក៏ដូចជា ការ​ជួយ​ឧបត្ថម្ភ​ដល់​ការ​សាងសង់ ក្នុង​សាលា​បឋមសិក្សា​អណ្ដូង​ស្វាយ​ មាន​ដូចជា អណ្ដូង​ទឹក ខ្លោងទ្វារ ដង​ទង់ជាតិ ទី​លាន​បាល់​ទះ និង​សកម្មភាព​អប់រំ​ជាច្រើន​ទៀត។​

រូបថតផ្ដល់ដោយ​ក្រុម​ការងារកម្មវិធី រៀនដើម្បីអនាគតខ្ញុំ ឬ "Bang to School"

គម្រោង Bag to school 2018 ទទួល​បាន​ការ​ចូល​រួម​បរិច្ចាគ និង​​​ឧបត្ថម្ភ​ពី​បណ្ដា​សប្បុរស​ជន​នានា​ពី​គ្រប់​ស្រទាប់​វណ្ណ: ដែល​រាប់​តាំង​ពី​សិស្ស​និស្សិត ម្ចាស់​អាជីវកម្ម​នានា​ ស្ថាប័ន​រដ្ឋ និង​ឯកជន ក៏​ដូចជា​ទទួល​បាន​ការ​សហការ​ពី​ធនាគារABA ដែល​បាន​ចូលរួម​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​សម្រាប់​កម្មវិធី​សប្បុរសធម៌​ដ៏​អស្ចារ្យ​មួយ​នេះ។

Bag to Schoolវា​ជា​គម្រោង​សប្បុរស​ធម៌​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយ:ការ​ផ្ដួចផ្ដើម​របស់ JCI-PhnomPenh រួម​ជាមួយ JCI-marina ប្រទេស​សាំងហ្គាពួរ ដែល​បាន​ផ្ដល់​នូវ​គុណ​ប្រយោជន៍​ដល់​វិស័យ​អប់រំ​ក្នុង​សង្គម​កម្ពុជា ជាពិសេស​បាន​ជួយ​ដល់​សាលា​រៀន​នានា​នៅ​តំបន់​ដាច់ស្រយាល អស់​រយៈពេល​៧ឆ្នាំ​មក​ហើយ ចាប់​តាំងពី​ឆ្នាំ ២០១២​។

កាល​ពី​ឆ្នាំ ២០១៥ គម្រោង​Bag to School ក៏​ទទួល​បាន​ជយលាភី​ លើ​ការ ផ្ដល់​ប្រយោជន៍​ដ៏​ធំ​ជាងគេ​ក្នុង​ការ​ជួយ​សង្គម​ក្នុង​ចំណោម​គម្រោង​JCI ទាំងអស់​ក្នុង​សន្និបាត JCI ពិ​ភព​លោក នៅ​ប្រទេស​ជប៉ុន​។ កាលពី​ឆ្នាំ​២០១៦ គម្រោង​នេះ​ក៏ ទទួល​ជយលាភី​ពីរ​ទៀ​ត​គឺ The Most Outstanding Local Project និង The Best Long Term Local Community Program នៅក្នុង​សន្និបាត អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច តៃវ៉ាន់៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី