លោក​ឧកញ៉ា គួច ម៉េងលី ៖ “កូន​អ្នក​មាន និង​កូន​អ្នក​ក្រ រៀន​មាន​ទិសដៅ​ខុស​គ្នា​”

  • 2018-06-27 03:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​​ការ​រៀន​សូ​ត្រ​​ត្រូវ​បាន​បើក​ទូលាយ ​មាន​កា​រ​​លើក​ទឹកចិត្ត​​ និង​ផ្ដល់​​តម្លៃ​​ខ្ពស់​​ពី​​មនុស្ស​ទូទៅ ក៏​ដូច​សង្គម​ទាំង​មូល​​​។ ប៉ុន្តែ​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​រៀង​ៗ​ខ្លួន​​អ្នក​រៀន​សូត្រ​រមែង​មាន​ទិសដៅ និង​ការ​ខិតខំ​ប្រឹង​ប្រែង​ផ្សេងៗ​គ្នា​។  

លោក​ឧកញ៉ា គួច ម៉េងលី ​ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​ក្រុម​ហ៊ុន Mengly J. Quach Holding Co, Ltd បាន​លើក​ឡើង​ថា ​កូន​អ្នក​មាន​ និង​កូន​អ្នកក្រ​រៀន​សូត្រ​មាន​ទិសដៅ​ខុស​គ្នា ពិសេស​ការសិក្សា​នៅ​មហាវិទ្យាល័យ​ ​​ត្រូវ​បាន​កំណត់​ និង​​បែងចែក​ជា ៤​ប្រភេទ​។

ថ្លែង​​ក្នុង​ឱកាស​អញ្ជើញ​ជា​វាគ្មិន​ក្នុង​អង្គ​សិក្ខាសាលា​ស្ដីពី “យុទ្ធសាស្ត្រ​ជ្រើសរើស​មុខជំនាញ​ និង​ឱកាស បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​” នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិចណូ) កាល​ពី​ពេល​កន្លងមក​លោក​ឧកញ៉ា គួច ម៉េងលី​​ បាន​ឱ្យ​ដឹង​ដូចខាងក្រោម៖

  • ទី១ គឺ​កូន​អ្នក​ក្រីក្រ​ ពេល​មាន​ឱកាស​ចូលរៀន​នៅ​មហាវិទ្យាល័យ ពិត​ជា​រីករាយ និង​មោទនភាព​ណាស់​សម្រាប់​ ​ខ្លួនឯង និង​ក្រុម​គ្រួសារ ហើយ​អ្នក​ទាំង​នោះ​រមែង​ចាប់​​យក​ជំនាញ​វិជ្ជាជីវៈ​ណា​មួយ​ដែល​ខ្លួន​ពេញចិត្ត។ ពួកគេ​ភាគច្រើន​ខិតខំ​រៀន​សូត្រ​ ដើម្បី​អាច​​ឆាប់​រក​បាន​​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ការសិក្សា​ និង​ទទួល​ជោគជ័យ​ទៅ​ថ្ងៃក្រោយ។ ​

  • ទី២ កូន​អ្នក​រកស៊ី​សាមញ្ញ ភាគច្រើន​ពួកគេ​គ្រាន់តែ​ចង់​សិក្សា​រៀន​សូត្រ​ និង​ធ្វើ​ការងារ​ឱ្យ​ជោគជ័យ​។ ចុង ក្រោយ​គឺ​ឈាន​ទៅ​​បង្កើត​មុខរបរ​ណាមួយ​ដោយ​ខ្លួន​ឯង ដូច​ឪពុកម្ដាយ​ពួកគេ​តែប៉ុណ្ណោះ​។

  • ទី៣ កូនអ្នកមាន​ គឺ​គេ​រៀន​ដើម្បី​តែ​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង និង​ដឹង​ពី​តម្រូវការ​ក្នុង​សង្គម​ និង​យល់​ស៊ី​ជម្រៅ​នូវ​ផ្នត់​គំនិត​របស់​មនុស្ស​តែប៉ុណ្ណោះ។​ ដូច្នេះ​ពេល​ទៅ​គ្រប់​គ្រង​ក្រុមហ៊ុន​មិន​ប្រឈម​ទៅ​នឹង​ការ​ក្ស័យធន ហើយ​អាច បន្ត​និរន្តរភាព​របស់​គ្រួសារ​បាន​។ ​​

  • ទី៤ កូនអ្នក​ធ្វើ​ការងារ​រាជ្យ​ការ គឺ​គេ​មាន​គោលបំណង និង​មាន​ប្លង់​អស់​ហើយ​។ គេរៀន​មក​ដើម្បី​បម្រើ​កិច្ច​ការងារ​សង្គម​។ “ដូច្នេះ​យើង​ត្រូវ​ដឹង​គោលដៅ​ផ្ទាល់​ខ្លួន​ តើ​យើង​រៀន​ដើម្បី​មក​ធ្វើ​ការងារ​​…ដើម្បី​ការងារ​រកស៊ី ឬ​ដើម្បី​មក​គ្រប់​គ្រង​​ក្រុមហ៊ុន​​ យើង​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់”។

លោក​ឧកញ៉ា​បន្ថែមថា បច្ចុប្បន្ន​នេះ​ឱកាស​មាន​ដូចៗ​គ្នា​មិន​ថា កូន​អ្នក​​ក្រ ឬ​កូនអ្ន​មាន​នោះ​ទេ ព្រោះ​សង្គមទាំង​មូល​បាន​បើក​ចំហ ឱ្យ​តែ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​គឺ​អាច​ក្លាយ​ជា​អ្នក​មាន​ដូច​គ្នា​។ ដូច្នេះ​មនុស្ស​ម្នាក់ៗ​កុំ​មើល​ស្រាល​សមត្ថភាព​​ និង​អនាគត​ខ្លួនឯង ត្រូវ​មាន​ការ​ខិតខំ ប្រឹងប្រែង​ព្រោះ​ថា​ កាលៈទេសៈ​មាន ការប្រែប្រួល​ជានិច្ច។ បើ​យើង​មិន​សូវ​តស៊ូ​ក៏​មិន​សូវ បានផល​បើ​មិន​សូវ​តស៊ូ​ក៏​មិន​សូវ​មាន​ បើ​យើង​មិន​សូវ​មាន​ទំនុក​ខ្លួន​ចិត្ត​ឯង​ខ្ពស់​ ឱកាស​ក៏​មាន​តិច​តាម​ហ្នឹង​ដែរ៕