ផ្សារទំនើបថ្មីចែសមួយទៀត ប្រកាសគិតគូរបរិស្ថាន ដោយគិតថ្លៃថង់ច្រកអីវ៉ាន់ពីអតិថិជន

  • 2018-06-28 06:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្សារ​ទំនើប​ន​ទើប​សម្ពោធ​ថ្មីចែស​មួយ​ទៀត​ បាន​ដាក់​គោល​ជំហរ​គិត​គូរ​ដល់​បរិស្ថាន​ ស្រប​តាម​អនុក្រឹត្យ​របស់​ប្រទេស​កម្ពុជា​​ ដោយ​ប្រកាស​ដល់​អតិថិជន​ដែល​មក​ទិញ​ទំនិញ​នៅ​ផ្សារ​នេះ​ថា ​​​ខ្លួន​នឹង​គិត​ថ្លៃ​បន្ថែម​លើ​ថង់​ប្លាស្ទិក​មួយ​តម្លៃ​ ​៤០០​រៀល​។​

​ដំណឹង​នេះ ​​ត្រូវ​បាន​ប្រកាស​ដោយ​ លោក Chen Zhibin ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ផ្សារ​នៅ​ពិធី​​សម្ពោធ​ជា​ផ្លូវ​ការ​ផ្សារទំនើបនៅជាន់ទី៣នៃអគារខុនដូ Prince នៅ​ថ្ងៃ​ទី​ ២៨ មិថុនា ២០១៨ នៅ​ក្បែរ​គល់​ស្ពាន​ព្រះមុនីវង្ស​។

លោក Chen Zhibin

​លោក ​Chen ​បញ្ជាក់​ថា​៖ «យើង​ធ្វើ​ដូច​នេះ មិន​ខុស​ពី​ផ្សារ​ទំនើប​ដទៃ​នោះ​ទេ​...តាម​ច្បាប់​រដ្ឋាភិបាល​កម្ពុជា​​បាន​តម្រូវ​ឲ្យ​គ្រប់​ផ្សារ​ទំនើប​ទាំង​អស់​​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក ហើយ​វា​ជា​យុទ្ធសាស្ត្រ​ដើម្បី​ផ្សព្វ​ផ្សាយ​ទៅដល់​សាធារណជន​ឲ្យ​យល់​ដឹង​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត​»។​​​​​​​

​​​​​​​​​​​​​​​​​​​​​​​ ​ដោយឡែក​​ច្បាប់​​នេះ​ មាន​ជម្រើស​ឲ្យ​​ពលរដ្ឋ​ ​ប្រសិន​បើ​គាត់​​​ត្រូវ​ការ​ថង់​ច្រក​អីវ៉ាន់​ គេ​​នឹង​គិត​ថ្លៃ​​បន្ថែម​ពី​លើ​ទំនិញ​។​ ​យ៉ាង​ណា​មិញ​​​ប្រសិន​បើ​ពលរដ្ឋ​មិន​ត្រូវ​ការ​ថង់ ​គាត់​អាច​យក​ទំនិញ​ទៅ ដោយ​មិន​បាច់​ច្រក​ ឬ​ច្រក​ថង់​របស់​ខ្លួន​ឯង​ក៏​បាន​។

​​​ ​គួរ​ជម្រាប​ថា ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​ផ្សេងៗ​ទៀត​ដូចជា​ ផ្សារ​ទំនើប​អ៊ីអន​ ផ្សារ​ទំនើប​ឡាក់​គី​ ផ្សារ​ថៃហួត ផ្សារ​ទំនើប​ Giant ជាដើម បាននិង​កំពុង​អនុវត្ត​វិធាន​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក ខណៈ​ទីក្រុង​ភ្នំពេញ​មួយ​ មាន​ចំនួន​ថង់​ប្រើប្រាស់​រហូត​ដល់​ទៅ១០​លាន​ថង់​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថង់​ផ្លាស្ទិក​ដែល​ត្រូវ​គេ​ប្រមូល​បាន​តាមរយៈ​ការ​បោស​សំអាត​តាម​ផ្លូវ​សាធារណៈ​​ មាន​ប្រមាណ១​លាន​៧​សែន​ថង់​៕ ​​​​​

​​​​​​​ ចុចអានបន្ត៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម