ត្រួសៗ​ពី​ខ្សែ​ជីវិត ការងារ​សិល្បៈ ឌីជេ អាលីយ៉ា

  • 2018-06-28 08:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌីជេ អាលីយ៉ា បានលា​ចាក​លោក​នេះ​ហើយ​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​ទី​២៨ ខែមិថុនា នេះ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ដោយ​ជំងឺ​សួត​រ៉ាំរ៉ៃ។ ដំណឹង​ដ៏​ក្រៀម​ក្រំ​នេះ​ធ្វើ​ឲ្យ​មហាជន និង​មិត្ត​រួម​អាជីព​សិល្បៈ​សោក​ស្តាយ​ជា​ទី​បំផុត​នូវ​ការ​បាត់​បង់​សិល្បការិនី​មួយ​រូប​ដែល​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​សង្គម​សិល្បៈ និង​ការងារ​សប្បុរស​ធម៌​ជាហូរហែ។

សព​របស់​ឌីជេ អាលីយ៉ា បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ទួល​អស់​លោក ស្ថិត​ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ឯ​ពិធី​បូជា​សព នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៣​រសៀលថ្ងៃនេះ។ ដើម្បី​រម្លឹក និង​ជូន​ដំណើរ​ជា​ចុង​ក្រោយ Sabay សូម​លើក​យក​ប្រវត្តិ​សង្ខេប និង​ការងារ​សិល្បៈ​ខ្លះៗ​របស់ ឌីជេ អាលីយ៉ា មក​បង្ហាញ​ជូន​ខាង​ក្រោម​នេះ៖

អាលីយ៉ា មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ និង​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ​តាំង​ពី​តូច​ម្ល៉េះ។ នាង​ធំ​ដឹង​ក្តី​ឡើង​ជាមួយ​ឪពុក​ម្តាយ​ចិញ្ចឹម។

ដោយសារ​តែ​ទេព​កោសល្យ បូក​ទាំង​រូប​សម្រស់ និង​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ផង​ដែរ អាលីយ៉ា បាន​សាង​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​មហាជន។ ក្នុង​សង្គម​សិល្បៈ អាលីយ៉ា ចាត់​ចូល​ជា​តារា​ស្រី​ដែល​មាន​ភាព​លេច​ធ្លោលើ​គ្រប់​ទម្រង់ គឺ​ទាំង​បុរាណ សម័យ និង​ស្ទីល​អឺរ៉ុប មិន​ប៉ុណ្ណោះ​អ្នក​នាង​ថែម​ទាំងមានសមត្ថភាពលើការងារអស់ស្ទើរតែទាំងអស់ទៅហើយ ដូច​ជា DJ តារា​ម៉ូដែល តារា​ចម្រៀង និង​សម្តែង។

រយៈពេល៨ឆ្នាំចុងក្រោយ ឌីជេ អាលីយ៉ា ក្លាយជាមនុស្សខ្លួនមួយ ដោយចាកចេញពីបន្ទុកម្តាយចិញ្ចឹមមករស់នៅខាងក្រៅ ម្នាក់ឯង។

ក្នុង​អំឡុង​ខែ​មិថុនា ឆ្នាំ២០១២ អាលីយ៉ា ធ្លាប់​​បាន​ផ្ដើម​គំនិត​ក្នុង​​ប្រមូល​ថវិកា​មួយ​ចំនួន​ពី​មិត្ត​រួម​អាជីព និង​ក្រៅ​រង្វង់​សិល្បៈ​ ដើម្បី​ជូន​ដល់​សិល្បករ​ចាប៉ី​ដ៏​ល្បី​ល្បាញ​លោក​តា​ភិរម្យ ប្រាជ្ញ ឈួន ។ ជា​មួយ​គ្នា​នោះ នាង​ក៏​បាន​ដឹក​នាំ​អ្នក​សិល្បៈ និង​ក្រុម​ការងារ​មួយ​ចំនួន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ វីរ​សិល្បករ​ខាង​លើ​ដោយ​ផ្ទាល់​ដល់​ស្រុកកំណើត​ភូមិ​សម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ។

អ្វី​ដែល​មហាជន​កាន់​តែ​ដោត​សរសើរ​អំពី​ទឹក​ចិត្ត​នាង​គឺ​ក្នុង​អំឡុង​ខែ​ កក្កដា​ឆ្នាំ២០១២​ នាង​ក៏​បាន​ផ្តួច​ផ្តើម​បង្កើត​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​សម្តែង​ទស្សនីយភាព​សិល្បៈ​ដ៏​ធំ​មួយ ​ ​នៅ​សាល​មហោស្រព​ចតុមុខ​ មាន​ ឈ្មោះ​ថា​ «​តន្ត្រី​មនុស្ស​ធម៌​រៃអង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា»។ ជា​​មួយ​ការងារ​​មនុស្សធម៌​នេះ​នាង​ក៏​តែងតែ​ចូល​រួម​សកម្មភាព​​ជា​មួយ​សិល្បករ​ដទៃ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​គ្នា​ផង​ដែរ។ មុន​ពេល​បាត់​មុខ​​​សិល្បៈ​ កាល​ពី​អំឡុង​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៦ តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​នៅ​សាកល​វិទ្យាល័យ​ន័រតុន ដើម្បី​រក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផង​ដែរ។ នៅ​មាន​សកម្មភាព​សង្គម​ជា​ច្រើន​ទៀត​ដែល​តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ចូល​រួម​ចំណែក​ជាមួយ​សិល្បករ​ដទៃ​ជួយ​ដល់​សង្គម។

ជីវិត​នាង​ចាប់​ផ្តើម​ប្រែប្រួល​ក្រោយ​ពី​រង​អំពើ​ហិង្សា​ដោយ​ការ​វាយ​ធ្វើបាប​ពី​បុរស​ម្នាក់​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ហើយ​ពេល​នេះ​នាង​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ ក្រៅ​ពី​រង​សម្ពាធ​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់ធ្ងរ​ នាង​ក៏​ត្រូវ​បាន​គេ​រំលោភ​យក​ហាង​លក់​​សម្លៀក​បំពាក់​ បូក​រួម​ទាំង​សម្ភារៈ​ក្នុង​ហាង​ជា​ច្រើន រហូត​ធ្វើ​ឲ្យ​នាង​កាន់​តែ​បាត់​បង់​អស់​ទី​ពឹង​មួយ​ផ្នែក​ធំ។

ទោះ​បែប​នេះ​ក្តី តារា​ស្រី​រូប​នេះ​ក៏​នៅ​តែ​ប្រឹង​ប្រែង​បន្ត​សកម្មភាព​សិល្បៈ​និង​ធ្វើ​ខ្លួន​ជា​មនុស្ស​រឹង​មាំ​ម្នាក់​ ដោយ​មិន​ចុះ​ចាញ់​នឹង​វិបត្តិ​ផ្លូវ​ចិត្ត និង​ការ​មាក់​ងាយ​ជា​ច្រើន​។ ប៉ុន្តែ​ការ​ប្រឹង​ប្រែង​​របស់​នាង​កន្លង​មក​ ហាក់​មិន​អាច​ទប់​ទល់​នឹង​​រឿង​រ៉ា​វជា​ច្រើន​បន្ត​បន្ទាប់។

នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧ អ្នក​នាង​បាន​ប្រកាស​ដោយ​លាក់​លៀម​ពី​ស្ថានភាព​ដុន​ដាប​របស់​ខ្លួន ដែល​មិន​ខុស​ពី​អ្នក​សុំ​ទាន នោះ​ទេ ព្រោះ​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​សុំ​បន្ទប់​គេ​ស្នាក់​នៅ សុំ​បាយ​គេ​ហូប គឺ​រស់​ដោយសារ​តែ​មិត្ត​ភក្តិ​លើ​ហ្វេសប៊ុក​ឲ្យ​ទាន​ប៉ុណ្ណោះ។ ឌីជេ រូបនេះ​សម្រេច​ចិត្ត​ប្រកាស​សុំ​ជំនួយ​នៅ​លើ​ហ្វេស​ប៊ុក ខណៈ​ចំណូល​ពី​ការងារ​សិល្បៈ​ក្នុង​រយៈពេល​២​ឆ្នាំ​ដែល​នាង​រង​គ្រោះ​គ្មាន​ទាល់​តែ​សោះ។

ការ​ខ្វះ​ខាត​មុខ​ក្រោយ ជំងឺ​ផ្លូវ​ចិត្ត បាន​រុញ​ច្រាន​ឲ្យ​ជីវិត​នាង​កាន់​តែ​ដុន​ដាប រហូត​ធ្លាក់​ខ្លួន​ឈឺ​ស្វិត​ដៃ​ជើង និង​ជំងឺ​រលាក​ទង​សួត​កាន់​តែ​ខ្លាំង រហូត​នាង​សុខ​ចិត្ត​រស់​នៅ​ក្នុង​ទី​ស្ងប់​ស្ងាត់ មិន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។ ទោះ​បែប​នេះក្តី អាលីយ៉ា នៅ​តែ​សង្ឃឹម​ថា យុត្តិធម៌​នឹង​មិន​នៅ​ឆ្ងាយ​ពី​នាង​នោះ​ទេ ហើយ​នាង​ក៏​ជឿ​ដែរ​ថា​ ទេវតា​ពិត​ជា​មាន​ភ្នែក​មើល​ឃើញ​ពីទុក្ខ​លំបាក​របស់​នាង ផ្ដល់​ឲ្យ​នាង​នូវ​ពន្លឺ​ជីវិត​វិញ​ជា​ថ្មី​នៅ​ថ្ងៃ​ខាង​មុខ។ តែ​ជា​អកុសល ឌីជេ​អភ័ព្វ​បាន​លា​ចាក​លោក​នេះ​ទៅ​ទាំង​វ័យ​ក្មេង ថែម​ទាំង​មិន​ទាន់​ទទួល​យុត្តិធម៌៕

អត្ថបទ៖ ដេត ធន្នី