កីឡាករ​៤​រូប​អាច​ឈ្នះ​បាល់​មាស​នៅ​ World Cup

  • 2018-06-28 08:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA World Cup 2018 បាន​បើក​ឆាក​ប្រយុទ្ធ​គ្នា​២​សប្ដាហ៍​មក​ហើយ​ ស្រប​ពេល​យប់​នេះ​ការ​​ប្រកួត​បិទ​ពូល​ក៏​ឈាន​ចូល​មក​ដល់​ដូចគ្នា។​ បេសកកម្ម​នៅ​រុស្ស៊ី​លើក​នេះ​មាន​រឿង​ភ្ញាក់​ផ្អើល​ជា​ច្រើន​បាន​កើត​ឡើង​ដូចជា​ក្រុម​ខ្លាំង​ចាញ់​ក្រុម​តូច​ និង​ក្រុម​ជើង​ឯក​ចាស់​បាន​ធ្លាក់​ចេញ​ពី​កម្មវិធី​ជា​ដើម។

ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ក្ដៅ​គគុក​ក្រៅ​ពី​ Top Scorer ដែល​ប្រជែង​គ្នា​យក​ស្បែក​ជើង​មាស​ គេ​មិន​ភ្លេច​ទេ​នូវ​ពាន​រង្វាន់​បាល់​មាស​ ដែល​ផ្ដល់​ឲ្យ​កីឡាករ​លេចធ្លោ​ និង​នាំ​លេង​នៅ​ World Cup ហើយ​បាល់​មាស​នេះ​ដែរ​អ្នក​​ឈ្នះ​កាល​ពី​៤​ឆ្នាំ​មុន​គឺ Lionel Messi។ ខាង​ក្រោម​គឺ​ជា​កីឡាករ​លេច​ធ្លោ​៤​រូប​អាច​ជា​ម្ចាស់​បាល់​មាស​ឆ្នាំ​២០១៨៖

#៤ Philippe Coutinho

Coutinho គឺ​ជា​កីឡាករ​ដ៏​លេចធ្លោបំផុត​​មួយ​រូប​នៅ​ World Cup ដោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ នៅ​២​ប្រកួត​ដំបូង​ និង​ជា​អ្នក​នាំ​លេង​ក្នុង​ក្រុម។​ ​មិន​អាច​ប្រកែក​បាន​ ខ្សែ​បម្រើ​ Barcelona ជា​អ្នក​ស៊ុត​ក្រៅ​ប្រអប់​បញ្ចូល​ទី​ស្វីស​ និង​គ្រាប់​ចុង​ម៉ោង​យក​ឈ្នះ​កូស្តារីកា។​ Coutinho ក៏​ជា​អ្នក​ចែក​បាល់​គន្លឹះ​សំខាន់​ៗ​ឲ្យ​ទៅ​ Neymar និង​ Douglas Costa។ ជា​ការ​ពិត​បើ​ប្រេស៊ីល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ឬ​លើស​ពី​នេះ​ Coutinho ប្រាកដ​ជា​អ្នក​ប្រជែង​ពាន​បាល់​មាស។​

#៣ Isco

ខ្សែ​បម្រើ​សម្បូរ​បច្ចេកទេស​ Isco បាន​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​​នៅ​ World Cup គិត​មក​ទល់​នឹង​ពេល​នេះ។​Isco ស៊ុត​បាន​១គ្រាប់​ និង​បង្កើត​ឱកាស​ច្រើន​នៅ​៣​ប្រកួត​កន្លង​មក​ឲ្យ​អេស្ប៉ាញ​មាន​កៅអី​វគ្គ​១៦​ក្រុម។​ ជា​មធ្យម​តារា​ឆ្នើម​មក​ពី​ Real Madrid ប៉ះ​បាល់​ជាង​១០០​ដង​ក្នុង​១​ប្រកួត ហើយ​គេ​រត់​នៅ​តំបន់​ស្លាប​ និង​គាំទ្រ​ក្រោយ​ខ្សែ​ប្រយុទ្ធ។ Isco​ បន្តិច​ម្ដងៗ​បាន​ឆក់​តួនាទី​ជា​ អ្នក​នាំ​លេង​ក្នុង​ក្រុម​ពី​ Andres Iniesta ដែល​ធ្វើ​ឲ្យ​អេស្ប៉ាញ​មិន​អាច​អត់​រូប​គេ​បាន។

#២ Cristiano Ronaldo

ទោះ​មិន​បាន​ស៊ុត​ចូល​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​អ៊ីរ៉ង់​ តែ​២​ប្រកួត​មុន​ គ្រាប់​បាល់​ទាំង​អស់​របស់​ព័រទុយហ្គាល់​សរុប​៤​គ្រាប់​គឺ​ជា​ថ្វី​ជើង​របស់​ Cristiano Ronaldo។ ទាំង​ភាព​ជា​អ្នក​ដឹក​​នាំ​ ល្បឿន​ កម្លាំង​ បច្ចេកទេស​ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Real Madrid នៅ​តែ​ជា​ក្បាល​ម៉ាស៊ីន​ក្នុង​ក្រុម​ព័រទុយហ្គាល់​បើ​ទោះ​ជា​មាន​វ័យ​៣៣​ឆ្នាំ​ទៅ​ហើយ​ក្ដី។

#១ Luka Modric

បើ​និយាយ​ពី​កីឡាករ​ល្អ​ទាំង​នៅ​ក្លឹប​អាជីព​ និង​ក្រុម​ជម្រើស​ជាតិ​ Luka Modric ត្រូវ​តែ​មាន​ឈ្មោះ​មិន​អាច​ខ្វះ​បាន​។ Modric រត់​គ្មាន​ឈប់​ក្នុង​ប្រកួត​ទាំង​៣​របស់​ក្រូអាត​ ថែម​ទាំង​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ផង។ ខ្សែ​បម្រើ​មក​ពី Real Madrid ប៉ះ​បាល់​ជោគជ័យ​៨៧​% និង​ជា​អ្នក​នាំ​លេង​ជួយ​ជម្រើស​ជាតិ​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ហើយ​បើ​ក្រូអាត​អាច​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​​គេ​នឹង​​មាន​ឱកាស​ខ្ពស់​ជាង​មិត្ត​រួម​ក្រុម​ Rakitic, Rebic និង​ Perisic ក្នុង​ការ​ឈ្នះ​បាល់​មាស៕ ​

ប្រភព៖ FIFA   អត្ថបទ៖ វិរ័ត្ន