បើរាកហើយ កុំបង្អង់យូរដាច់ខាត ៣យ៉ាងនេះ ត្រូវធ្វើភ្លាមប្រយ័ត្នទុក្ខធំ

  • 2018-06-29 06:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុកំពុងតែប្រែប្រួល ជួនភ្លៀងជួនក្តៅ ដូច្នេះទាមទារឲ្យការរស់នៅប្រចាំថ្ងៃ ត្រូវប្រកបដោយអនាម័យ ជៀសវាងកើតជំងឺផ្សេងៗដោយយថាហេតុ ជាពិសេសគឺជំងឺរាករូសតែម្តង។

ជំងឺរាកច្រើនតែបង្កឡើងដោយមេរោគ តែក៏មានជំងឺរាកខ្លះបង្កឡើងដោយឱសថមួយចំនួន ជាពិសេសពពួកឱសថអង់ទីបីយូទិក (Antibiotics) ដោយវាអាចសម្លាប់បាក់តេរីល្អៗ មានប្រយោជន៍នៅក្នុងក្រពះពោះវៀន ដែលធ្វើឲ្យងាយកើតជំងឺរាក។

បើតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក (WHO) មានជំងឺរាកប្រមាណ ១,៧ពាន់លាន ទៅ ៥ពាន់លានករណីក្នុង១ឆ្នាំ ដែលកើតញឹកញាប់បំផុតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺរាកមានប្រមាណ ១,២៦ លាន់នាក់ក្នុងឆ្នាំ ២០១៣ ហើយក្នុងឆ្នាំ ២០១២ ជំងឺរាកជាមូលហេតុនៃការស្លាប់របស់កុមារស្ថិតក្នុងលេខរៀងទី២ (០,៧៦លាននាក់)។

ជំងឺរាកនេះមិនប្រកាន់វ័យឡើយ អ៊ីចឹងបើសិនដឹងថាខ្លួនមានជំងឺរាកភ្លាមៗហើយ គួរតែស្វះស្វែងរកដំណោះស្រាយ ឬថ្នាំសម្រាប់ព្យាបាលឲ្យបានទាន់ពេលវេលា កាលណាទុកយូរអាចនឹងធ្វើឲ្យអ្នកកាន់តែពិបាកជាពិសេសអំឡុងពេលធ្វើដំណើរផ្លូវឆ្ងាយ។ ៣ចំណុចខាងក្រោមអ្នកគួរអនុវត្តភ្លាមៗ ជៀសវាងកុំឲ្យជំងឺកាន់តែដុនដាប៖

១. តមចំណី៖ អំឡុងពេលរាកគួរចៀសវាងប្រភេទអាហារដូចជាផ្លែឈើក្រៀម និងបន្លែដូចជា ប្រូខូលី ផ្កាខាត់ណា ស្ពៃក្ដោប ខ្ទឹមបារាំង អាហារសំបូរជាតិផ្អែម ជាតិកាហ្វេអ៊ីន អាហារចៀន និងអាហារសំបូរជាតិខ្លាញ់។

២. ចំណុចសំខាន់បំផុតដែលអ្នកអាចធ្វើបានក្នុងពេលនេះគឺ ត្រូវរក្សាតុល្យភាពជាតិទឹក ដោយពិសាទឹកឲ្យបានច្រើន ឬពិសាទឹកអូរ៉ាលីត និងជៀសវាងអាហារដែលធ្វើឱ្យរោគសញ្ញារបស់អ្នកកាន់តែអាក្រក់។

៣. រកថ្នាំ៖ មានប្រភេទ Probiotic ល្អៗជាច្រើនដូចជា Saccharomyces boulardii CNCM I-745, Lactobacillus rhamnosus GG, Lactobacillus Rhamnosus LB, Lactobacillus Paracasei strain។ ក្នុងចំណោមនេះមាន Probiotic មួយប្រភេទដែលមានប្រសិទ្ធភាពល្អបំផុតគឺ Saccharomyces boulardii CNCM I-745 ដែលការពារ និងព្យាបាលជំងឺរាកតាមរយៈ៖

  • ការជួយរក្សាបាក់តេរីល្អពីធម្មជាតិដែលមានស្រាប់នៅក្នុងរាងកាយមនុស្ស
  • ការពារការរីកលូតលាស់របស់បាក់តេរីមិនល្អ (បាក់តេរីបង្កជំងឺ) នៅក្នុងក្រពះ ពោះវៀន
  • ការប្រើជាថ្នាំដែលជួយក្នុងការព្យាបាល ឬការពារបញ្ហារាកដោយសារ Rotavirus ចំពោះទារក និងក្មេង
  • ចំពោះមនុស្សវ័យជំទង់ មនុស្សពេញវ័យ និងមនុស្សចាស់ Saccharomyces boulardii CNCM I-745 មានប្រសិទ្ធភាពការពារអាការ រាករូសចំពោះអ្នកឧស្សាហ៍ធ្វើដំណើរ
  • វាក៏មានប្រសិទ្ធភាពជួយដល់បញ្ហាផ្សេងទៀត រួមបញ្ចូលទាំងបញ្ហាពោះវៀនធំ រលាកពោះវៀនធំដោយសារបាក់តេរី។

បើសិនមានបញ្ហាធ្ងន់ធ្ងរ កុំបង្អង់យូរត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕