ឈឺចាប់​​ធ្លាក់​ចេញ​ពី World Cup កីឡាករ​ Messi អ៊ីរ៉ង់​ចូល​និវត្តន៍​ក្នុង​វ័យ​២៣​ឆ្នាំ

  • 2018-06-29 08:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sardar Azmoun ដែល​គេ​ប្រដូច​ទៅ​នឹង​ Lionel Messi បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​ក្នុង​វ័យ​ទើប​តែ​២៣​ឆ្នាំ​បន្ទាប់​ពី​ឈឺចាប់​នឹង​ការ​ធ្លាក់​ចេញ​ពី​ World Cup ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។​

ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប FC Rubin Kazan របស់​រុស្ស៊ី​​ជាប់​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០១៤​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​២៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​៣៦​ប្រកួត។ ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​២៣​របស់​ Azmoun គឺ​មាន​១១​គ្រាប់​ជា​ការ​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ជម្រុះ​ប៉ុន្តែ​នៅ​ការ​ប្រកួត​៣​លើក​វគ្គ​ចែក​ពូល​រូប​គេ​មិន​អាច​រក​បាន​សូម្បី​តែ​១​គ្រាប់។​

ក្រោយ​ធ្វើ​មិន​បាន​ល្អ​តារា​ឆ្នើម​រូប​គេ​​បាន​រង​ការ​រិះគន់​ និង​ជេរ​ប្រមាថ​ពី​អ្នក​គាំទ្រ​ដូច​ទឹក​បាក់​ទំនប់​ហើយ​ សកម្មភាព​អាក្រក់​ទាំង​នោះ​​ត្រូវ​ Azmoun អះអាង​ថា​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ផ្ទាល់​ខ្លួន​ និង​សុខភាព​​ផ្លូវ​ចិត្ត​​ម្ដាយ​របស់​គេ​ ដូច្នេះ​​ទើប​​គេ​សម្រេច​ចិត្ត​ចូល​និវត្តន៍​តែ​ម្ដង។

គួរ​រម្លឹក​ថា​អ៊ីរ៉ង់​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពូល​B នៅ​ពី​ក្រោម​អេស្ប៉ាញ​ និង​ព័រទុយហ្គាល់​ដែល​ឈរ​លេខ​១​ និង​លេខ​២​បន្ត​បន្ទាប់​។ ក្រុម​សេដ្ឋី​ប្រេង​មួយ​នេះ​សឹង​តែ​អាច​ឡើង​វគ្គ​បន្ត​បាន​ទៅ​ហើយ​ តែ​ខកខាន​វិញ​ក្រោយ​មិន​អាច​​ឈ្នះ​ព័រទុយហ្គាល់​ក្នុង​ប្រកួត​ចុង​ក្រោយ​បាន​ត្រឹម​ស្មើ​ ១​ទល់​នឹង​១៕

ប្រភព៖ thesun   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម