ការសិក្សាថ្មី បើជំពាក់លុយគេហើយមិនព្រមសង នឹងប្រឈមជំងឺផ្លូវងងឹត៥ប្រភេទ

  • 2018-06-30 05:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ថា​ការ​រាប់​អាន​ តែង​មាន​ការ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ជៀស​មិន​ផុត ជាពិសេស​រឿង​លុយ​កាក់​នេះ​តែ​ម្ដង។ មនុស្ស​មួយ​ចំនួន​នៅ​ពេល​ដាច់​លុយ​ចាយ ​តែង​រក​នឹក​មនុស្ស​ណា​ដែល​អាច​ខ្ចី​លុយ​បាន បន្ទាប់​មក​តែង​រក​ហេតុផល​រាប់​រយ​ជំពូក​ ដើម្បី​ឱ្យ​គេ​ទន់​ចិត្ត​យល់​ព្រម​ឱ្យ​ខ្ចី​លុយ​។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​​ខ្ចី​លុយ​គេ​ហើយ ដល់​ថ្ងៃ​សង​បែរ​ជា​មិន​សង​ហើយ​ធ្វើ​ភ្លេច ខណៈ​ភាគី​ម្ខាង​ទៀត​រង់​ចាំ​យ៉ាង​អន្ទះសា​ថ្ងៃ​ណា​គេ​សង​លុយ​។ ដូចនេះ​តើ​អ្នក​ជំពាក់​លុយ​គេ​មិន​ព្រម​សង​មាន​ហានិភ័យ​អ្វី​ខ្លះ? ​ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ សុខ ចាន់​គុម្ភៈ ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​កន្លែង បាន​ប្រៀប​ធៀប​ផល​អាក្រក់ ទៅ​ជា​ជំងឺ​៥​ប្រភេទ ចំពោះ​អ្នក​ដែល​ជំពាក់​លុយ​គេ​ហើយ​មិន​សង។

 ១. ជំងឺ​បាត់បង់​ទំនុក​ចិត្ត

អ្នក​ដែល​ចូលចិត្ត​ជំពាក់​លុយ​គេ​ហើយ​មិន​ព្រម​សង​នឹង​ធ្វើ​ឱ្យ​គេ​បាត់បង់​ទំនុក​ចិត្ត​។ ទំនុក​ចិត្ត​ផ្ដល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​រឿង​សំខាន់​ណាស់ មិន​មែន​ទំនុក​ចិត្ត​តែ​រឿង​ខ្ចី​លុយ​នេះ​ទេ គឺ​គ្រប់​រឿង​ទាំង​អស់​ប្រសិន​បើ​ធ្វើ​ឱ្យ​គេ​អស់​ការ​ទុក​ចិត្ត​ហើយ​នោះ ប្រៀប​ដូច​ជា​មនុស្ស​មាន​តែ​សំបក​ខ្លួន ប៉ុន្តែ​គ្មាន​តម្លៃ​នោះ​ទេ។ ដូចនេះ​ការ​ដែល​គេ​ឱ្យ​ខ្ចី​លុយ​មក​ពី​គេ​ទុក​ចិត្ត​ម្នាក់​នោះ ប៉ុន្តែ​បើ​មិន​ព្រម​សង​ទេ នោះ​លើក​ក្រោយ​គ្មាន​នរណា​​ព្រម​ឱ្យ​ខ្ចី​ទៀត​ទេ។

រូបតំណាង

**២. ជំងឺ​មាន​ឈ្មោះ​មិន​ល្អ**

កាល​ណា​ធ្វើ​ឱ្យ​គេ​អស់​ទំនុក​ចិត្ត​ហើយ គឺ​នឹង​ធ្វើ​ឱ្យ​អសោច​ដល់​កេរ្តិ៍ឈ្មោះ​។ ​ជំពាក់​លុយ​គេ​មិន​សង គេ​ប្រាកដ​ជា​យក​ទៅ​និយាយ​ដើម​ ឬ​និយាយ​មិន​ល្អ ដូចនេះ​ដោយសារ​តែ​លុយ​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ធ្វើ​អី មាន​លុយ​ហើយ​គួរ​តែ​សង​គេ​ទៅ។

៣. ជំងឺ​បាត់បង់​ទំនាក់​ទំនង

ទំនាក់ទំនង​គឺ​ជា​រឿង​សំខាន់​ កុំ​ព្រោះ​តែ​លុយ​តិចតួច​មិន​ព្រម​សង​គេ​ សុខ​ចិត្ត​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ​គេ​នោះ។ មិត្តភាព​ជិតស្និទ្ធ​យ៉ាង​ណា​ក៏​ដោយ​តែ​រឿង​លុយ​កាក់​នៅ​តែ​សំខាន់ ត្រូវ​ចាំ​ថា​មនុស្ស​មួម៉ៅ​បំផុត​ពេល​អត់​លុយ​ចាយ ហើយ​មាន​អ្នក​ជំពាក់​លុយ​អត់​សង​ទៀត​កាន់​តែ​ក្ដៅ​ក្រហាយ។ ដូចនេះ​ទោះ​ចង់​មិន​ចង់​ គេ​ប្រាកដ​ជា​ជះ​កំហឹង​ទៅ​អ្នក​ជំពាក់​លុយ​មិន​ព្រម​សង​នោះ នាំ​ឱ្យ​មាន​ជម្លោះ​បែក​បាក់​មិត្តភាព​។

៤. ជំងឺ​អាច​ត្រូវ​គេ​ប្ដឹង

ក្រៅ​ពី​បាត់បង់​មិត្តភាព​ហើយ​ជួន​កាល​ប្រសិន​បើ​លុយ​ដែល​ជំពាក់​គេ​មិន​ព្រម​​សង​មាន​ចំនួន​ច្រើន​ដែរ គេ​ប្រាកដ​ជា​ដាក់​ពាក្យ​បណ្ដឹង​ឡើង​ទៅ​តុលាការ​នាំ​រឿង​កាន់​តែ​វែង​ឆ្ងាយ។ កាល​ណា​ឡើង​ដល់​តុលាការ​ហើយ ​ទោះ​ចង់​មិន​ចង់​ប្រាកដ​ជា​ល្បី​ឈ្មោះ​ថា ជំពាក់​លុយ​គេ​មិន​សង​គេ​ប្ដឹង​ឡើង​តុលាការ ស្អុយ​ឈ្មោះ​មួយ​សារ​ទៀត​។ ដូច​នេះ​ហើយ​គួរ​តែ​សង​លុយ​គេ​ទៅ​ មាន​តិច​សង​តាម​តិច​ មាន​ច្រើន​សង​តាម​ច្រើន​ កុំ​លេង​​មិន​សង​គេ​ទាំង​ដុល​បែប​នេះ​។

៥. អាច​កើត​ជំងឺ​ផ្លូវ​ចិត្ត

​អ្នក​ជំពាក់​លុយ​គេ​មិន​ព្រម​សង​ គេងមិន​​លក់​ទេ ព្រោះ​ភ័យ​ខ្លាច​គេ​ប្ដឹង ខ្លាច​គេ​យក​ទៅ​និយាយ​ដើម និយាយ​រួម​គឺ​ខ្លាច​សព្វ​គ្រប់​។ អារម្មណ៍​ភ័យ​ខ្លាច​គេង​មិន​លក់ នៅ​មិន​សុខ​ទាំង​នេះ​ហើយ​ធ្វើ​ឱ្យ​ចិត្ត​មិន​ស្កប់ អារម្មណ៍​មិន​នៅ​នឹង​ខ្លួន ធ្វើ​ការ​រកស៊ី​អ្វី​ក៏​ចេះ​តែ​រវើរវាយ​។ ដូចនេះ​បើ​មិន​ចង់​ជួប​អារម្មណ៍​បែប​នេះ​ទេ មាន​លុយ​គួរ​លៃលក​សង​គេ​ទៅ​ ព្រោះ​អ្នក​ដែល​ត្រូវ​បាន​គេ​ខ្ចី​ក៏​នៅ​មិន​សុខ​ដូច​គ្នា​៕

អត្ថបទ៖ វឌ្ឍនៈ