កូនខ្មែរម្នាក់នៅ New Zealand បង្ហាញឈុតបុរាណខ្មែរលើឆាកអន្តរជាតិ

  • 2018-07-02 04:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនខ្មែរមួយរូប ឈ្មោះ លី តារា បាននាំយកសម្លៀកបំពាក់បុរាណខ្មែរ ឈ្មោះនាងកិន្នរ មកប្រកួត​ក្នុងកម្មវិធី ស្នាដៃឯកច្នៃម៉ូដ ពានរង្វាន់ Edible Fashion Awards ដែលផ្តល់ឱកាសឲ្យយុវវ័យមានទេពកោសល្យ បានបញ្ចេញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក។

ឆាកកម្មវិធី Edible Fashion Awards

ការប្រកួតនេះ ត្រូវបានធ្វើឡើងនៅប្រទេស New Zealand ដោយមានការចូលរួមបេក្ខភាពចំនួន ៤៧រូប មកពីប្រទេសផ្សេងៗគ្នា ដោយម្នាក់ក្នុងចំណោមនោះ ជាយុវជនសិល្បករគំនូស ឌីជីថល លី តារា វ័យ ២៣ ឆ្នាំ។ តារា ក៏បានប្រាប់ Sabay តាមរយៈសារក្នុងសង្គម Facebook ថា នេះជាលើកទី២ហើយដែលរូបគេធ្វើការច្នៃម៉ូដ បុរាណខ្មែរ មានអប្សរា និង នាងកិន្នរ យកមកបង្ហាញលើឆាកអន្តរជាតិ។

យុវជន លី តារា និងប្អូនស្រី រៀបឈុត កិន្នរ

កាលពីឆ្នាំ ២០១៧ សម្លៀកបំពាក់ អប្សរា របស់ តារាទទួលការពេញចិត្ត និងកោតសរសើរ ព្រមទាំងធ្វើឱ្យបរទេសមានការស្រឡាំងកាំងនឹងរូបភាពរបស់សិល្បបុរាណខ្មែរ។ គួរឱ្យសោកស្តាយ សម្លៀកបំពាក់ អប្សរា មិនទទួលបានជយលាភី តែតារាទទួលបានការកត់ចំណាំពីកម្មវិធីខាងលើ និងការកោតសរសើរ ទើបតារា បានយកសម្លៀកបំពាក់ អប្សរាដែលខ្លួនបានច្នៃម៉ូដជាង ៦ខែមកដល់ខេត្តសៀមរាបជាលើកដំបូង ក្រោយបែកពីកម្ពុជា ជាង ១៨ឆ្នាំ។

ឈុត អប្សរា កាលពីឆ្នាំ ២០១៧

ដល់មកឆ្នាំ ២០១៨ ចុងខែ មិថុនា នេះ យុវជន លី តារា ត្រូវបានកម្មវិធីអញ្ជើញជាកិត្តិយសដើម្បីច្នៃម៉ូដសម្លៀកបំពាក់ថ្មី គឺនាង កិន្នរ មកបង្ហាញជាថ្មី ដោយរូបគេចំណាយពេលត្រឹមតែ ២ សប្តាស៍ប៉ុណ្ណោះដើម្បីធ្វើឈុតមួយនេះ។ តែជាលទ្ធិផល តារា នៅតែមិនទទួលបានពាន រង្វាន់​ដដែរ ព្រោះតែរបៀបវិរៈនៃការជ្រើសរើសជយលាភី មិនស្ថិតលើវប្បធម៌ប្រពៃណីនោះទេ តែវាទាក់ទងនឹងបរិស្ថាន និងការរស់នៅ ឬក៏ដោយសារវប្បធម៌ខ្មែរជាពិសេសសម្លៀកបំពាក់ កិន្នរជាដើមនេះ មិនទាន់ជ្រាប់ដល់គណៈកម្មការវាយតម្លៃពិន្ទុរ​ នេះបើយោងតាមការបញ្ជាក់របស់ យុវជន លី តារា។

ទោះជាមិនទទួលបានពានរង្វាន់ក្តី យុវជន លី តារា យល់ថា នេះជាការចាប់ផ្តើមរបស់ខ្មែរនៅ New Zealand បង្ហាញពីការងារ វត្តមានជាតិខ្មែរ និងវប្បធម៌ជាតិខ្មែរលើឆាកអន្តរជាតិ។ តារា បន្តទៀតរថា រូបលោក នឹងព្យាយាមបន្ថែមទៀតដើម្បីនាំយកវប្បធម៌ខ្មែរ ជាច្រើនទៀតបង្ហាញលើឆាកអន្តរជាតិ និងបង្ហាញមោទកភាពជាតិខ្មែរលើឆាកអន្តរជាតិជាបន្ត៕

តួស្រី ស្លៀកពាក់ឈុត កិន្នរ

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយ Lee Dara