Yang Hyun Suk បង្ហោះ​សារ​បែបដៀមដាម​គំរាម​ទៅ Dispatch តែក្រោយមកក៏លុបចោលវិញ

  • 2018-07-02 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ផលិតកម្ម YG លោក Yang Hyun Suk បាន​បង្ហោះ​សារ​មួយ​លើ​គណនី Instagram របស់​លោក បន្ទាប់​មក​មិន​ទាន់​បាន​ប៉ុន្មាន​លោក​​ក៏​បាន​លុប​សារ​នោះ​ចោល​វិញ ដែល​សារ​មួយ​នោះ​ដែរ គ្រប់​គ្នា​អះអាង​ថា វា​ជា​ការ​គំរាម​ទៅ​កាន់​សារព័ត៌មាន​ Dispatch សម្រាប់​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ​ជុំវិញ​រឿង​របស់​តារា​ចម្រៀង G-Dragon។

ទោះ​បី​ជា​ម្ចាស់​ផលិតកម្ម​រូប​នេះ​បាន​លុប​សារ​មួយ​នោះ​ចោល​ទៅ​ហើយ​ក្ដី ប៉ុន្តែ អ្នក​គាំទ្រ​របស់​លោក​បាន​ថត​រូប​សារ​នោះ​ទុក​បាន​ជា​មុន​រួច​ទៅ​ហើយ។ រូប​​ដែល​បាន​បង្ហោះ​នោះ​ដែរ គឺ​ជា​សារ​ធម្មតា​ដែល​មិន​មាន​ពាក្យ​ពេចន៍​​អសុរោះ ឬ​ដៀមដាម​ចំ​ៗ​នោះ​ទេ គ្រាន់​តែ​សារ​នោះ​ដែរ មាន​លក្ខណៈ​ដូច​ជា​លោក YG កំពុង​តែ​ត្រៀម​ខ្លួន​នឹង​ធ្វើ​រឿង​អ្វី​មួយ។

ក្នុង​រូប​ដែល​បាន​បង្ហោះ​នោះ​ដែរ​លោក​បាន​សរសេរ​ថា៖ "របៀប​នៃ​ការ​ប្រមាញ់​របស់​តោ គឺ​​វា​តែង​តែ​រង់​ចាំ​ឱកាស​ល្អ​មួយ​មក​ដល់។ ផ្នែក​ខាង​ក្រៅ ពួក​វា​មើល​ទៅ​ដូច​ជា​ដាក់​ខ្លួន​បន្តិច​មែន បើ​ទោះ​បី​ជា​វា​មើល​ទៅ​ដូច​ស្ងៀមស្ងាត់​មែន តែ​បេះដូង​ពួក​វា​កំពុង​តែ​ពុះ​កញ្ជ្រោល​ខ្លាំង"។

តាម​រយៈ​សារ​ដែល​មាន​ន័យ​ធៀប​មួយ​នេះ អ្នក​គាំទ្រ​ប្រាកដ​ច្បាស់​ថា ប៉ាប៉ា YG គឺ​កំពុង​តែ​ដៀមដាម និង​គំរាម​ទៅ​កាន់​សារព័ត៌មាន Dispatch ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ​ទៅ​លើ​តារា​ចម្រៀង G-Dragon ថា​ទទួល​បាន​ការ​ព្យាបាល​ជា​ពិសេស​ពី​មន្ទីរពេទ្យ​ទាហាន។ មួយ​វិញ​ទៀត តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​បន្ទប់​មន្ទីរពេទ្យ ខណៈ​មុខ​របួស​របស់​លោក​មិន​ទាន់​បាន​ជា​សះស្បើយ​នៅ​ឡើយ​នោះ ក៏​ដោយ​សារ​តែ​សារព័ត៌មាន​នេះ​ដែរ។

បើ​ទោះ​បី​ជា​ ម្ចាស់​ផលិតកម្ម​រូប​នេះ មិន​បាន​បញ្ជាក់​ឈ្មោះ​ចំ​ៗ​ក្ដី ប៉ុន្តែ​បើ​តាម​អ្វី​ដែល​លោក​បាន​សរសេរ​ពី​ក្រោម​រូបភាព​ដែល​បាន​បង្ហោះ​នោះ​ថា៖ "អារម្មណ៍​របស់​ខ្ញុំ​ក៏​ដូច​អ្នក​ទាំង​អស់​គ្នា​ដែរ។ ពួក​យើង​មាន​បេះដូង​តែ​មួយ V.I.P” អ្នក​គាំទ្រ​ជឿជាក់​ថា ពាក្យ​តោ​ដែល​លោក​បាន​សរសេរ​ក្នុង​រូប​ដែល​បាន​បង្ហោះ​នោះ គឺ​សំដៅ​លើ​រូប​លោក និង​អ្នក​គាំទ្រ (V.I.P) ដែល​កំពុង​តែ​ចាំ​ពេលវេលា​ស័ក្ដិសម​ណា​មួយ​ដើម្បី​វាយ​ប្រហារ​តប​វិញ៕ ​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា