មកដឹងឲ្យហើយ! ប្រឡងបាក់ឌុបឆ្នាំនេះ ចង់ចូលបន្ទប់ទឹក មានអនុរក្សទៅតាមទេ?

  • 2018-07-02 09:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អំឡុង​សរសេរ​ចម្លើយ​កិច្ចការ ​ក្នុង​ដំណើរ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ស្រាប់​តែ​បេក្ខជន​ចង់​ទៅ​បន្ទប់​ទឹក គឺ​ត្រូវ​អម​ដំណើរ​ដោយ​អនុរក្ស​ផងដែរ ជៀសវាង​ករណី​បេក្ខជន​ទៅ​បើក​ចាក់​ក្នុង​បន្ទប់​ទឹក។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម ហង្សជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការ​រៀបចំ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​២០១៨។

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ថ្លែង​បន្ត​ថា ទន្ទឹម​នឹង​មាន​ការ​រឹត​បន្តឹង​ខ្លាំង ក្រសួង​ក៏​បាន​ជួយ​សម្រួល​យ៉ាង​ច្រើន​ដល់​សិស្សានុសិស្ស ដើម្បី​ឲ្យ​ការ​សិក្សា​របស់​ពួកគេ​ទទួល​បាន​លទ្ធផល​ល្អ។ ក្នុង​រួម​មាន​ដូចជា៖ ការ​សង្ខេប​មេរៀន​គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវទ្យាជា​ដើម។ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​២០១៧ ក្រសួង​បាន​សង្ខេប​មុខវិជ្ជា​ប្រវត្តិ​វិទ្យា និង​វិធីសាស្ត្រ​តែង​សេចក្ដី​អក្សរសាស្ត្រ​ខ្មែរ ដល់​សិស្ស​ថ្នាក់​ទី១២ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដ៏​ទូលំទូលាយ​លើ​បណ្ដាញ​សង្គម។ ជាពិសេសនោះ ក្រសួងតែងបង្ហោះវិញ្ជាសាប្រឡងឆ្នាំចាស់ និងអត្រាកំណែរផ្សេង ដើម្បីឲ្យសិស្សយកទៅសិក្សារៀនសូត្រ និងរៀនដោះស្រាយ ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការប្រឡង។

ឯកឧត្ដម ហង់ជួន ណារ៉ុន ឲ្យ​ដឹងទៀត​ថា​កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​បាន​រៀបចំ​កម្មវិធី​ធ្វើ​តេស្ត​សាកល្បង ​សមត្ថភាព នៅ​លើ​គេហទំព័រ​របស់​ក្រសួង។ ដូច្នេះ​សិស្ស​គ្រប់​គ្នា​អាច​ចូល​សាកល្បង​ពី​សមត្ថភាព​របស់​ខ្លួន​ឯង ដើម្បី​ឲ្យ​ដឹង​ថា​ខ្លួន​ឯង​ចេះ​អ្វី​ខ្លះ? ក៏​ដូចជា​វាស់​ស្ទង់​កម្រិត​សមត្ថភាព។

ក្រៅ​ពី​នេះ​ក្រសួង​ក៏​បាន​បន្ថែម​ម៉ោង​រៀន​ដល់​សិស្ស បំប៉ន​សិស្ស និង​ពង្រឹង​លើ​គុណភាព​អប់រំ គុណ​ភាព​គ្រូបង្រៀន​សព្វ​គ្រប់​បែប​យ៉ាង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជាប់​បាក់ឌុប​កាន់​តែ​កើន​ឡើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ចំណែក​ឯ​ឆ្នាំ​២០១៨​នេះដែរ រដ្ឋ​មន្ត្រី​ហង់ជួន ណារ៉ុន ក៏​រំពឹង​ថា​ចំនួន​អ្នក​ជាប់​និទ្ទេស​A នឹង​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ព្រោះ​ពួក​គេ​បាន​ត្រៀម​ខ្លួន​រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ការ​រឹត​បន្តឹង​ការ​ប្រឡង​ពី​ឆ្នាំ​២០១៤​មក៕

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ ដែល​នឹង​ត្រូវ​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី​២០​ ខែ​សីហាខាងមុខនេះ នឹងមានការចូលរួមទាំង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ និង​សង្គម មាន​ចំនួន​សរុប ១១៧ ០៦១នាក់​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន១៩៥​មណ្ឌល ចែកចេញ​ជា​ ៤ ៧១៦​បន្ទប់ នៅ​រាជធានី​-ខេត្ត​ទូទាំង​២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អត្ថបទ៖ វឌ្ឍនៈ