ហេតុអ្វីពេល​ប៉ះទង្គិចគ្នា មានករណីខ្លះ​អ្នក​បើកបរតឹងសសៃ ក ដាក់​គ្នា​?​

  • 2018-07-03 07:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​ចរាចរណ៍​ចង្អៀត កកស្ទះ​ ការ​បើក​បរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ជាអ្វី​ដែល​អ្នក​ធ្វើ​ដំណើរ​បាន​ជួប​ប្រទះឬ​បានឃើញ​ស្ទើររាល់​ថ្ងៃ។ ជាមួយ​គ្នា​នោះដែរ​ក៏មាន​បញ្ហា​​ប៉ះពារ​គ្នា​នៅពេលធ្វើ​ដំណើរ​ហើយ​ពេល​ខ្លះ​បាន​បង្ក​ជា​ហិង្សា​ដោយ​ពាក្យ​សម្តី​ដាក់​គ្នា​ទៀត​ក៏​មាន​។

អ្នក​ធ្វើ​ការ​ទាក់​ទង​នឹង​ផ្នែក​សីល​ធម៌​​សង្គម​លើក​ឡើង​ថា​ការ​បាត់​បង់​សីល​ធម៌​របស់​អ្នក​បើកបរ​មួយ​ចំនួន​ធ្វើ​ឲ្យ​បាត់បង់​នូវ​កាយវិការ​គោរព​គ្នា​​នៅ​ពេល​មាន​ការប៉ះ​ពារ​គ្នា និង​​នៅ​ពេល​ធ្វើដំណើរ។

បើ​និយាយ​ដល់​ចំណុច​នេះ​ទំនង​ជាមាន​មិន​តិច​ដែរ​នៅ​ពេល​មាន​ការ​ប៉ះពារ​គ្នា​​​ពេលធ្វើ​ដំណើរ​ហើយ​មាន​ទំនាស់​ពាក្យ​សម្តី​​នឹង​គ្នាជា​ជាង​ការ​ដោះ​ស្រាយ​ដោយសន្តិវិធី​ និង​ការ​អ​ធ្យាស្រ័យ។​

អ្នក​បើក​បរ​ខ្លះ​បើ​ទោះ​បីជា​ភ្លើង​ក្រហម​ហើយ​ក៏​ដោយ​ក៏​នៅតែ​ឆ្លៀត​រុល​ទៅ​មុខ​ដែរ និង​មាន​ពេល​ខ្លះ​ថែម​ទាំង​ស៊ីផ្លេ​ឲ្យ​អ្នកដែល​មកពី​ផ្លូវ​មាន​ភ្លើង​បៃតង​ជៀស​ឬបន្ថយ​ល្បឿន​ក៏មាន​។​

​​​​​អ្វី​ទាំង​អស់​នេះ​លោក ប៉ា ចន្ទ​រឿន ប្រ​ធានមជ្ឈ​មណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍ និង​សីលធម៌​កម្ពុជា មាន​ប្រ​សាសន៍​ថា​ជា​ដើម​ចម​នៃ​ទំនាស់​ពាក្យ​សម្តី​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ឬការប៉ះពារ​គ្នា​បន្តិច​បន្តួចក្តី។​ លោក​បន្ត​ថា​អ្នក​បើក​បរ​ខ្លះ​បាន​បើក​បរដោយ​រុលឬជែង​ទៅ​មុខ​​ដោយ​មិន​បាន​គោរ​ព​ច្បាប់​ឬ​គោរព​​អ្នក​ធ្វើដំណើរ​ផ្សេង​ទៀត ដែល​ចំណុចនេះ​លោក​ថា​​ជា​រឿងអសីល​ធម៌​មួយ​។

បុគ្គល​ដែល​មិន​មាន​សីលធម៌​ក្នុង​ខ្លួន​ លោកថា​ងាយ​បំពាន​ច្បាប់​ពេល​បើក​បរជាងអ្នក​ដែល​ប្រកាន់​ខ្ជាប់​សីលធម៌​ក្នុង​ខ្លួន។ មិនតែប៉ុណ្ណោះ​លោក​ថា​​ថែមទាំង​អាង​នូវ​អំណាច​ដោះស្រាយ​បញ្ហា​នៅ​​ពេល​មាន​ការ​ប៉ះទង្កិច​គ្នា​ផង​ដែរ។ លោក​ឲ្យ​ដឹង​ទៀត​ថា​អ្នកខ្លះ​ក៏​បន្ទន់​ឥរិយាបថ​វិញ​​នៅពេល​ដែល​ភាគី​ម្ខាង​ទៀត​មិន​បាន​ខ្លាច​រអារ​នឹង​ពាក្យ​សម្តី ឬ​អំណាច​ដែល​បាន​អាង​នោះ​។

លោក ប៉ា ចន្ទរឿន បន្ថែម​យ៉ាងនេះ​ថា៖ «នៅ​ប្រទេស​គេដូចនៅថៃ​អី ទោះបីស្ទះចរាចរណ៍ក៏ជន​ជាតិ​គេ​បើក​បរមានសណ្តាប់​ធ្នាប់ មានវិន័យ មានជួរ មានផែន មិន​ដូច​អ្នក​បើក​បរ​នៅ​ភ្នំពេញយើង​ខ្លះ​គឺគាត់​ចេះតែ​រុលទៅ​ប្រ​ជ្រៀត​គ្នា​ ធ្វើម៉េចឲ្យតែ​ទៅ​បាន...​មិន​ត្រឹម​តែ​អត់​គោរពច្បាប់ទេ អត់​ទាំង​សីល​ធម៌​ទៅទៀត កាលណាបាត់​បង់​សីលធម៌ មនុស្ស​ ច្បាប់​ក៏លែង​ខ្លាច ឲ្យតែឆ្លៀតបាន មិន​ថា​ភ្លើង​ស្តុប​លឿង​ឬ​ក្រហម​ទេ​ គាត់​ជាន់​បាន​ឆ្លៀត​បាន​គាត់​ទៅ​ហើយ»។

​ហិង្សា​ពាក្យ​សម្តី​កើត​ចេញពី​ការ​ប៉ះពារ​គ្នា​ពេលធ្វើ​ចរាចរណ៍​នេះក៏ទំនង​កើត​ចេញពី​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​បើក​បរ​មួយ​ចំនួន​ដិត​ដាម​ដោយ​ហិង្សា​ ដែល​ថា​នាំឲ្យ​អ្នក​បើក​បរ​ជ្រើស​យក​ការជជែក​បែប​តឹង​សសៃ ក ជាជាង​ជជែក​ដោយ​សន្តិវិធី។ លោក ប៉ា ចន្ទរឿន បន្ថែម។ លោក​បន្តថា៖ «មិន​គិតថា​ទង្វើណាខុស​ទង្វើណាត្រូវ​ទេ​គាត់ថាបើ​ខ្លួនគាត់​ខ្លាំងជាង​ គាត់ធំជាង​គេ គាត់​សម្លុត​គេ​បាន គាត់​ធ្វើ​ហើយ អត់បែងចែក​ថា​ពេលប៉ះ​ហ្នឹង​អ្នកណា​គាត់ខុស​អ្នកណា​ត្រូវ​ ខុសទទួលខុស លែងមែន​ហើយ គាត់​គិត​តែ​ថា​គាត់​សម្លុត​បាន​គាត់​សម្លុត​ហើយ ...តែ​បើ​ពាក្យ​សម្តី​ហ្នឹង​មិន​អាច​បង្ក្រាប​ដៃគូ​ម្ខាង​ទៀត​បានទេ គឺ​​គាត់​ឈាន​ទៅ​ដល់​ការ​ផ្សាះផ្សា»។

​​បរទេស​ភាគច្រើន​​តែង​សរសើរប្រ​ជា​ពល​រដ្ឋខ្មែរថាមាន​ប្រពៃណី​​ថ្លៃថ្នូរ ទន់ភ្លន់​ អធ្យាស្រ័យ សីលធម៌​ល្អ​ជាដើម តែ​លោក​ថា​អ្វីទាំងនេះ​មាន​ខ្លះ​បាន​ធ្លាក់​ចុះ​ក្រោយពី​ប្រ​ទេស​មួយ​នេះ​បាន​ឆ្លង​កាត់​នូវ​សង្គ្រាម​រាំរ៉ៃ ដែល​ធ្វើ​ឲ្យ​ការអអប់​រំពីគុណតម្លៃ​ជាមនុស្ស និង​សីល​ធម៌​បាន​ធ្លាក់​ចុះ​បន្តិច​វិញ។

«សីលធម៌​ដូច​ជា​ធាតុ​ដទៃ​ទៀត​ក្នុង​សង្គម បើ​យើង​មិន​បណ្តុះ ​ថែទាំទេ វានឹង​បាត់​ចំណែ​កណា​មួយ ឬក្រិន...​ប្រទេស​ជាតិ​​យើង​មាន​ការរីក​ចម្រើន​ខាង​សេដ្ឋកិច្ច សម្ភារៈ យើង​មើល​ជា​ទូ​ទៅ តែ​ទាក់​ទង​នឹង​ស្មារតី​របស់​ខ្មែរ​យើង​វិញ​ ទាក់​ទងនឹង​ការអប់រំ​ពី​គុណតម្លៃ​ ពីសីល​ធម៌​សង្គម មានតិច​តួច​ណាស់ ទោះ​បីជា​មាន​មុខវិជ្ជា​សីលធម៌ ពល​រដ្ឋ​នៅ​តាម​សាលា​រៀន...ទាល់​តែ​យើង​នាំ​គ្នា​លើក​តំកើង​តម្លៃ​វាឡើង​វិញ ចាប់ផ្តើមតាំងពីគ្រួសារ សាលារៀន ស្ថាប័នសាសនា និង​សារព័ត៌មាន ដើម្បី​ឲ្យ​ប្រ​ជា​ជន​បាន​ដឹង នឹង​គិត​ទាំងអស់​គ្នា​»។

ងាក​មក​សីល​ធម៌​អ្នក​បើក​បរ​វិញ លោក ប៉ា ចន្ទ​រឿន ថា​អ្នកបើក​បរ​ត្រូវ​ចេះ​គោរពច្បាប់ មាន​សីលធម៌​ក្នុង​ខ្លួន ចេះគោរពជីវិត​អ្នក​ដទៃ និង​ត្រូវ​ចេះ​សង្រួម​អារម្មណ៍​​ពេល​មាន​ការ​ប៉ះពារ​គ្នា​នៅ​លើ​ដង​ផ្លូវ ដើម្បី​បាន​ដល់​ការ​អធ្យាស្រ័យ​គ្នា៕

អត្ថបទ៖ ទូច សុខា