៧ចំណុចដ៏សំខាន់ មុនពេលអាចជួយក្មេងថៃទាំង១៣ ចេញពីរូងភ្នំដោយសុវត្ថិភាព

  • 2018-07-04 03:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវ​នេះ​ក្មេង​ប្រុស​ថៃ និង​គ្រូ​បង្វឹក​បាល់ទាត់​ទាំង​១៣នាក់ ត្រូវ​បាន​គេ​រក​ឃើញ និង​កំពុង​មាន​សុវត្ថិភាព​ហើយ ខណៈ​ជំហាន​បន្ទាប់​នោះ​គឺ ត្រូវ​នាំ​យក​ពួកគេ​ចេញ​ពី​រូងភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ដែល​ត្រូវ​ទឹក​ភ្លៀង​ជន់​លិច​ដោយ​សុវត្ថិភាព។

ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ចំនួន និង​ហេតុ​អ្វី​បាន​ជា​ក្រុម​អ្នក​សង្គ្រោះ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​អាច​នាំ​ពួកគេ​ចេញ​ពី​រូង​ភ្នំ​នោះ​ដោយ​សុវត្ថិភាព៖

#១ រូង​ភ្នំ​នោះ​ធំ​សម្បើម

រូងភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ បាន​លាត​សន្ធឹង​ក្រោម​ភ្នំ​ចម្ងាយ ១០គីឡូម៉ែត្រ និង​សម្បូរ​ទៅ​ដោយ​ច្រក​តូច​ចង្អៀត ដែល​នាំ​ទៅ​កាន់​ល្អាង​ធំៗ ហើយ​ក៏​នាំ​ទៅ​កាន់​ច្រក​តូច​ចង្អៀត​ជា​ច្រើន​ទៀត​ដែរ។

#២ រូង​ភ្នំ​នោះ​ត្រូវ​ទឹក​ជន់​លិច

ការ​ស្វែងរក​ក្មេង​ទាំង​នោះ​បាន​ចំណាយ​ពេល​ជិត ១០ថ្ងៃ ដោយសារតែ​វា​លំបាក​ក្នុង​ការ​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ។ មិន​តែ​ប៉ុណ្ណោះ រូងភ្នំ​ថាំហ្លួង ត្រូវ​ទឹក​ជន់​លិច​នៅ​ក្នុង​អំឡុង​រដូវ​ភ្លៀង​នេះ ហើយ​សូម្បី​តែ​ក្រុម​អ្នក​មុជ​ទឹក​មក​ពី Thai Navy SEAL ក៏​ពិបាក​ឆ្លង​កាត់​ផ្លូវ​ភក់ , ទឹកហូរ និង ច្រក​តូច​ចង្អៀត​ក្នុង​រូង​ភ្នំ​ដែរ។

#៣ សុវត្ថិភាព​ជា​ចម្បង

អាជ្ញាធរ​ថៃ​និយាយ​ថា ពួកគេ​បាន​ប្ដេជ្ញា​ថា​នឹង​ផ្ដល់​សុវត្ថិភាព​១០០ភាគរយ នៅ​ពេល​ពិចារណា​ពី​វិធី​នាំ​យក​ក្មេង​ទាំង​នោះ​ចេញ​មក​វិញ។ អភិបាល​ខេត្ត​ឈៀងរ៉ាយ លោក Narongsak Osatanakorn បាន​និយាយ​ថា «យើង​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែងរក​ពួកគេ ហើយ​យើង​នឹង​មិន​បាត់បង់​ពួកគេ​វិញ​ឡើយ»។

#៤ ការ​ផ្ដល់​អាហារ និង​ការ​ផ្គត់ផ្គង់​ផ្សេងៗ​ទៀត​ដល់​ពួក​គេ

វា​គឺ​ជា​ជម្រើស​ដ៏​សុវត្ថិភាព​បំផុត​នា​ពេល​នេះ។ វា​នឹង​រួម​បញ្ចូល​ទាំង​ការ​នាំ​យក​អាហារ និង​ការ​ផ្គត់ផ្គង់​ផ្សេងៗ​ទៀត​ដល់​ពួកគេ ហើយ​ត្រូវ​រង់ចាំ​ទឹក​ស្រក​ដោយ​ឯកឯង ឬ​បូម​វា​ចេញ ឬ​ក៏​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រុម​អ្នក​សង្គ្រោះ​អាច​រក ឬ​បង្កើត​ច្រក​ចេញ​ផ្សេង​ទៀត។ វា​អាច​ត្រូវ​ចំណាយ​ពេល​ច្រើន​ថ្ងៃ , ច្រើន​សប្ដាហ៍ ឬ ច្រើន​ខែ ខណៈ​រដូវ​ភ្លៀង​នឹង​បញ្ចប់​នៅ​ខែ​តុលា។

#៥ គ្រោះថ្នាក់​នៃ​ការ​ស្នាក់​នៅ​យូរ

ភ្លៀង​មូសុង​ជា​ច្រើន​ទៀត​កំពុង​បង្អុរ​ចុះ​មក។ នាយកដ្ឋាន​ឧតុនិយម​ថៃ​បាន​ព្យាករណ៍​ថា ខេត្ត​ឈៀងរ៉ាយ នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​ថ្ងៃ​សុក្រ ហើយ​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់​ផ្ដើម​ពី​ថ្ងៃ​សៅរ៍ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី១០ ខែ​កក្កដា។ ករណី​បែប​នេះ​អាច​នឹង​បង្កើន​កម្ពស់​ទឹក​ក្នុង​រូង​ភ្នំ​ជា​ថ្មី​ម្តង​ទៀត ហើយ​ធ្វើ​ឲ្យ​បេសកកម្ម​ផ្គត់ផ្គង់​អាហារ​កាន់​តែ​ស្មុគស្មាញ។

#៦ បង្កើត​ច្រក​ចេញ​ផ្សេង​ទៀត

ក្រុម​អ្នក​សង្គ្រោះ​កំពុង​តែ​ស្វែងរក​ច្រក​ចេញ​ផ្សេង​ទៀត ខណៈ​ត្រាក់ទ័រ​កាប់​និង​កើប​ដី រួម​ទាំង​ឧបករណ៍​ខួង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ភ្នំ​ខាង​លើ ប៉ុន្តែ​ការ​បង្កើត​ប្រឡោះ​ធំ​ល្មម​ដើម្បី​នាំ​យក​ពួកគេ​ចេញ នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​បំផុត ហើយ​ក៏​ត្រូវ​ចំណាយ​ពេល​យូរ​ដែរ។

#៧ ជ្រមុជ​ទឹក​ចេញ

ការ​ជ្រមុជ​ទឹក​ចេញ គឺ​ជា​វិធីសាស្ត្រ​ដ៏​លឿន​បំផុត​មួយ ប៉ុន្តែ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​បំផុត​ដែរ។ ការ​នាំ​យក​ពួកគេ​ចេញ​ដោយ​វិធី​នេះ ជា​វិធីសាស្ត្រ​ដ៏​លឿន​បំផុត​ដោយសារតែ​មាន​ជំនួយ​ពី ការ​ដំឡើង​ខ្សែ​បន្ទាត់​ជ្រមុជ​ទឹក , ការ​ទុក​អុកស៊ីហ្សែន​នៅ​តាម​ផ្លូវ និង ការ​ដាក់​ភ្លើង​បំភ្លឺ​តាម​ផ្លូវ។ ទោះ​ជា​យ៉ាង​ណា បើ​តាម​អ្នក​ជំនាញ និង​ក្រុម​អ្នក​សង្គ្រោះ​រូង​ភ្នំ​អង់គ្លេស និយាយ​ថា វា​នៅ​តែ​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ដែល​គួរ​ពិចារណា​លើ បញ្ហា​បច្ចេកទេស និង ហានិភ័យ​ផ្សេងៗ​ទៀត៕

ចុច​អាន៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី