ផលិតករឥណ្ឌា ចំណាយលុយផលិតភាពយន្តនិយាយពីគ្រួសារកីឡា ព្យាយាមស្វែងរកមេដាយមាសជូនជាតិខ្មែរ

  • 2018-07-04 09:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ពិត​នៅ​ពី​ក្រោយម្ចាស់​មេដាយ​មាស​កីឡា​បោក​ចំ​បាប់ នឹង​ត្រូវ​បាន​លាត​ត្រដាង​ក្នុង​ខ្សែ​ភាពយន្ត​ «បោកចំបាប់ ក្តី​សង្ឃឹម​ចុង​ក្រោយ​» ជា​ការ​ផលិត​របស់​ផលិតករ​ឥណ្ឌា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជាជា​ច្រើន​ឆ្នាំ និង​ស្រលាញ់​ពេញចិត្ត​វិស័យ​កីឡា​ផង និង​ភាពយន្ត​ផង។

លោក Manish Sharma ផលិតករ​រឿង «បោកចំបាប់» ប្រាប់ Sabay ឱ្យ​ដឹង​ថា ​ក្រោយ​ពី​បាន​ដឹង​ព័ត៌មាន​អំពី​ការ​តស៊ូ​របស់​គ្រួសារ​កីឡា​កញ្ញា នី សំណាង ជម្រើស​ជាតិ​កីឡា​ចំបាប់​កម្ពុជា​ លោក​ក៏​តាំង​ចិត្ត​ភ្លាម​ថា​ត្រូវ​តែ​ផលិត​ភាពយន្ត​នេះ​ដើម្បី​គ្រួសារ​នេះ​ផង និង​ដើម្បី​លើ​កម្ពស់​វិស័យ​កីឡា​ផង។ ផលិតករ​រូប​នេះបន្ត​ថា ភាពយន្ត​មួយ​នេះ​នឹង​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​ភាពយន្ត​កីឡា​របស់​កម្ពុជា​ ហើយ​ក៏​ជា​មោទកភាព​មួយ​របស់​ជនជាតិ​ខ្មែរ​ និង​កីឡាករ​ខ្មែរ​ទាំង​អស់​។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង លោក Manish Sharma

ភាពយន្ត «បោកចំបាប់» ជា​ប្រភេទ​រឿងលើក​ទឹក​ចិត្ត​ និង​ការ​បង្ហាញ​ពី​ប្រវត្តិ​របស់​កីឡាករ​បោក​ចំបាប់​ម្នាក់​ដែល​បាន​ឆ្លង​កាត់​ពេល​វេលា​យ៉ាង​លំបាក​ក្នុង​ជីវិត​ តែ​គាត់​នៅតែ​មិន​បោះបង់​ក្តី​ស្រមៃ​ដើម្បី​យក​មេដាយ​មាស​ជូន​ជាតិ​មាតុភូមិ​របស់​ខ្លួន​រយៈ​ពេល​ ៥០​ឆ្នាំ​។ រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​ចាស់​ជរា​របស់កីឡាករ​បោក​ចំបាប់​ម្នាក់​នេះ កូន​ស្រី​តែ​ម្នាក់​របស់​លោក​បាន​សម្រេច​គោល​បំណង​ជូន​លោក​ គឺ​កញ្ញា នី សំណាង ផ្ទាល់​តែ​ម្តង​។

តួសម្តែងជា ឪពុក កញ្ញា នី សំណាងកាលនៅក្មេង

ផលិតករ​ភាពយន្ត រឿង «បោកចំបាប់» បាន​ប្រាប់​ឱ្យ​ដឹង​ថា រូប​លោក​មាន​ការ​រំភើប​ដែល​ភាពយន្ត​នេះ​ចេញ​ជា​រូបរាង​ឡើង​ក្នុង​ឆ្នាំ ២០១៨ នេះ ក្រោយ​ព្យាយាម​រៀប​ចំ​ផលិត​ជាង១ ឆ្នាំ​មក​។ ពិសេស​វា​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​រើស​តួ​សម្ដែង​ឱ្យ​សម​នឹង​បុគ្គលិក​លក្ខណៈ​របស់​តួអង្គ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ។ ក្រោយពេលភាពយន្ត «បោកចំបាប់» ថត​ចប់​មាន​រឿង​មួយដែល​ផលិតករ​រូប​នេះ​មាន​ការ​សោក​ស្ដាយ​ ព្រោះភាពយន្ត​នេះ​មិន​អាច​កាត់ត​ហើយ​មុន​ពេល​កីឡាករដែល​ជា​ឪពុក​របស់ ​កញ្ញា នី សំណាង​ទទួល​មរណភាព កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​បន្តិច​។

ផលិត​ករ​រូប​នេះ បន្ត​ថា​ រូប​លោក​មិន​រំពឹង​ការ​ចំណេញ​ពី​ការ​ផលិត​ភាពយន្ត​នេះ​ទេ ​ហើយ​ក៏​បាន​សិក្សា​រួច​មក​ហើយ​ដែរ​ ថា​មិន​អាច​ចំណេញ​លើ​ការ​ផលិត​ភាពយន្ត​ក្នុង​ទុន​ដល់​ច្រើន​បែប​នេះ​ទេ​ក្នុង​ប្រទេស​កម្ពុជា​។ លោក Manish Sharma គ្រាន់តែ​សង្ឃឹម​ថា​ភាពយន្ត​នេះ​នឹង​ទទួល​ស្វាគមន៍​ពី​សំណាក់​ប្រជាជន​ខ្មែរ​ដោយ​ការ​ពេញ​ចិត្ត ហើយ​ចំពោះ​រូប​លោក​ផ្ទាល់ ទុន​ជាង ២៥ ម៉ឺន​ដុល្លារ​សម្រាប់​ផលិត​ភាពយន្ត​នេះ គឺ​គ្រាន់​តែ​ជា​ការ​ចូលរួម​ផលិត​ និង​ជួយ​ដល់​វប្បធម៌​ខ្មែរ​ ពិសេស​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ឥណ្ឌា​ឱ្យ​កាន់​តែ​ប្រសើរ​។

សន្និសីទកាសែតរឿង "បោកចំបាប់"

លោក Manish Sharma ​ក៏​បាន​ត្រៀម​យក​ភាពយន្ត​ថ្មី​នេះ​បញ្ចាំង​នៅ​កម្ពុជា​មុន​គេ ក្នុង​កំឡុងខែ សីហា ឆ្នាំ ២០១៨ នេះ ឬ​យូរ​ជាង​នេះ​បន្តិច​ មុន​នឹង​យក​ទៅ​ចាក់​ផ្សាយ​ក្នុង​រោង​ភាពយន្ត​៤​ប្រទេស​ទៀត​ដែល​មាន​ទំនាក់ទំនង​នឹង​ប្រទេស​ឥណ្ឌា​ និង​ក្នុង​រោង​ភាពយន្ត​ប្រទេស​ ឥណ្ឌា​តែ​ម្ដង​៕

ទស្សនាវីដេអូខ្លីរឿង "បោកចំបាប់" ខាងក្រោមនេះ៖

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយលោក Manish Sharma