៥ក្បាច់ ដើម្បី​ស្នើ​សុំ​ស្លាក​លេខ​ឡាន​ថ្មី​ មិន​បាច់​ចាំ​យូរ ក្រោយ​បាត់បង់

  • 2018-07-04 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​បាត់​ស្លាក​លេខ​ឡាន កំពុង​បន្ត​កើត​មាន បើ​ទោះ​ជា​ករណី​ខ្លះ​អាជ្ញាធរ​ធ្លាប់​បង្ក្រាប​បាន។ បញ្ហា​នេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ រស់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​បង្ហាញ​នូវ​ការ​បារម្ភ​ពី​រឿង​អសន្តិសុខ​សង្គម។

តាមរយៈ​ការ​ចែករំលែក​តាម​បណ្ដាញ​សង្គម​កន្លង​ទៅ ប្រជាពលរដ្ឋ​ទាំង​អ្នក​ជួប​បញ្ហា​ផ្ទាល់ និង​អ្នក​​គ្រាន់​តែ​បាន​ដឹង​រឿង មាន​ចម្ងល់​ពី​បែបបទ​ស្នើ​សុំ​ស្លាក​លេខ​ថ្មី​ពី​អាជ្ញាធរ។ តើ​ស្មុគស្មាញ ឬ​ត្រូវ​ចំណាយ​ពេល និង​ថវិកា​ច្រើន​ទេ?

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ២ បាន​ប្រាប់ Sabayថា​ករណី​បាត់​ស្លាក​លេខ​ភាគច្រើន កើត​មាន​ចំពោះ​អ្នក​រស់​នៅ​តាម​បុរី ឬ​អ្នក​មាន​ផ្ទះ​រស់​នៅ​ជាប់​ផ្លូវ ហើយ​ឡាន​ចត​ទុក​មុខ​ផ្ទះ​។

ឆ្លើយតប​នឹង​បញ្ហា​នេះ Sabay មិន​អាច​សុំ​ការ​បំភ្លឺ​ ពី​មន្ត្រី​ប៉ុស្តិ៍​នគរបាល សង្កាត់​ស្ទឹង​មាន​ជ័យ២បានទេ។

ករណី​បាត់​ស្លាក​ឡាន​ អ្នក​ខ្លះ​ទៀត អះអាង​ថា ទោះ​ឡាន​ចត​ក្នុង​របង​ហើយ​ក៏​ដោយ ​នៅ​តែ​មាន​ចោរ​លួច​បាន​ដែរ។ ប្រជាពលរដ្ឋ​ដដែល​ បាន​បញ្ជាក់​ថា ធ្លាប់​មាន​បាត់​ក្នុង​តំបន់​តែ​មួយ​ខ្លះ តែរយៈពេល១យប់ ចោរលួច និង​ប្រមូល​ម្ដង​ បាត់​រហូត​ដល់ ៥ឬ​១០ ស្លាក​ក៏​មាន។

ជាក់​ស្ដែង ប្រជាពលរដ្ឋ​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ Sabay ថា អ្នកស្រី​កំពុង​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ២។ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​នេះ អ្នកស្រី ​​បាត់​ស្លាក​លេខ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ដែល​បាន​ចត​ក្នុង​របង​ផ្ទះ​ នៅ​ពេល​យប់។ អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​បញ្ហា​អសន្តិសុខ ក្នុង​តំបន់​រស់នៅ។

ឡានគ្មានស្លាកលេខ រូបតំណាង

ក្រោយមក អ្នកស្រី​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ ខណ្ឌ​សង្កាត់​ស្ទឹង​មានជ័យ២។ ប្រហែល២ ទៅ៣ថ្ងៃ បន្ទាប់ពី​បំពេញ​បែប​បទ​ នៅ​កន្លែង​ពាក់ព័ន្ធ​ផ្សេង​ទៀត ទើប​អ្នកស្រី​បាន​ទទួល​ស្លាក​លេខ​ឡាន​ថ្មី ដោយ​អ្នកស្រី លើក​ឡើង​ថា មិន​មាន​បញ្ហា​ពិបាក​ទេ។

លោក ធូរ ផូយ មន្ត្រី​ការិយាល័យ​ចុះ​បញ្ជី នៃ​នាយកដ្ឋាន​ដឹកជញ្ជូន ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់ Sabay ថា​ករណី​បាត់​ស្លាក​លេខ​រថយន្ត​ បើ​តាម​តួលេខ​លោក​ទទួល​បាន មាន​ប្រហែល ២ ទៅ៣ករណីក្នុង១ខែ។ លោក​បន្ត​ថា​ បែបបទ​ស្នើសុំ មិន​មាន​អី​ស្មុគស្មាញ ឬ​ត្រូវ​ចំណាយ​ច្រើន​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​បញ្ហា​បាត់​ស្លាក​លេខ​រថយន្ត អាច​អនុវត្ត​ដូច​ចំណុច ខាងក្រោម​ ដើម្បី​ទទួល​បាន​ស្លាក​លេខ​ឡាន​ថ្មី​ឆាប់​រហ័ស ក្នុងរយៈពេល​តែ ៣ ទៅ៤ថ្ងៃ។

១.​ដាក់​ពាក្យ​បណ្ដឹង ទៅ​អធិការ​នគរបាល​ខណ្ឌ ឬ​ស្រុក ដែល​បាន​កើត​ហេតុ

២. ត្រៀម​សំណៅ​ដើម​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

៣. ឯកសារ​ហ្វូតូកូពី ​លតាប័ត្រ​ពន្ធ​នាំ​ចូល​រថយន្ត

៤. ឯកសារ​ហ្វូតូកូពី ឆៀកឡាន

៥. មក​មន្ទីរ​សាធារណការ ដែល​មាន​អាសយដ្ឋាន​ដូច​ក្នុង​កាតគ្រី​រថយន្ត ដើម្បី​បំពេញ​ឯកសារ​ទុតិយតា ជាដើម។

ទម្រង់ទុតិយតា យកពីគេហទំព័រក្រសួង

សូម​បញ្ជាក់​ថា បើ​ប្រជាពលរដ្ឋ​មាន​ចម្ងល់​បន្ថែម ទាក់ទង​បញ្ហា​ខាងលើ​សូម​ទាក់ទង​តាម​លេខ ០៨៥-០១៥-០៦៧ ៩២៩ ០៩០ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​រៀងរាល់​ម៉ោង​ធ្វើការ។

ម្យ៉ាង​វិញ​ទៀត​លោក​អ្នក​អាច​ចូល​មើល​ព័ត៌មាន​នានា ក្នុង​គេហទំព័រ​របស់​ក្រសួង https://www.mpwt.gov.kh

អត្ថបទ៖ ពៅ រក្សា