ជីវិតថ្លៃមែន! មុនរកឃើញក្មេងថៃទាំង១៣ រឿងចៃដន្យមួយបានកើតឡើងក្នុងរូងភ្នំថាំហ្លួង

  • 2018-07-05 02:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជ្រមុជ​ទឹក​ជនជាតិ​អង់គ្លេស លោក John Volanthen ដែល​បាន​រក​ឃើញ​គ្រូ​បង្វឹក​បាល់ទាត់ និង​កូន​ក្រុម​ទាំង​១៣នាក់ នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​រឿងហេតុ​ចៃដន្យ​មួយ​កើត​ឡើង មុន​ពេល​លោក​រក​ឃើញ​ពួកគេ​ទាំង​នោះ។

លោក John Volanthen (ស្តាំ-អាវទឹកក្រូច)

អ្នក​ជំនាញ​ជ្រមុជ​ទឹក​ខាង​លើ​និយាយ​ថា នៅ​ពេល​នោះ​លោក​កំពុង​ជ្រមុជ​ទឹក​រាយ​ខ្សែ​បន្ទាត់​នាំ​ផ្លូវ នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង ខណៈ​ពេល​នោះ​ស្រាប់​តែ​អស់​ខ្សែ បង្ខំ​ឲ្យ​លោក​ងើប​ចេញ​ពី​ទឹក​តែម្ដង។ ជា​រឿង​ហេតុ​ដ៏​ចៃដន្យ និង​អស្ចារ្យ​បំផុត​មួយ ពួកគេ​ទាំង​១៣នាក់​ដែល​បាត់​ខ្លួន​អស់​រយៈពេល​៩ថ្ងៃ កំពុង​ផ្ដុំ​គ្នា​នៅ​លើ​ទី​ទួល​មួយ​កន្លែង ក្បែរ​លោក John នោះ ដោយ​នាំ​គ្នា​សម្លឹង​និង​ស្រែក​ហៅ​លោក បន្ទាប់​ពី​បាន​ឃើញ​ភ្លើង​អំពូល។

ចុច​អាន៖ គ្រូបង្វឹកបាល់ទាត់ នាំក្មេងថៃទាំង១២ចូលរូងភ្នំ អាចត្រូវជាប់ទោសដែរឬទេ?

លោក John បាន​បន្ថែម​ថា ប្រសិន​បើ​ខ្សែ​នោះ​ខ្លី​ជាង​នេះ​ត្រឹមតែ ៤-៥ម៉ែត្រ លោក​នឹង​ត្រូវ​ត្រលប់​ទៅ​ក្រោយ​វិញ ហើយ​ក៏​មិន​បាន​រក​ឃើញ​ពួកគេ នៅ​យប់​ថ្ងៃ​ច័ន្ទ​នោះ​ដែរ ខណៈ​ពួកគេ​នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​មួយ​យប់​ទៀត នៅ​ក្នុង​ទី​ងងឹត និង​មិន​ដឹង​ថា អ្នក​ជួយ​សង្គ្រោះ​អាច​រក​ពួកគេ​ឃើញ​ឬ​យ៉ាង​ណា​ឡើយ។

យ៉ាងណាមិញ ឥឡូវ​នេះ​ក្មេង​ប្រុស​ថៃ និង​គ្រូ​បង្វឹក​បាល់ទាត់​ទាំង​១៣នាក់ ត្រូវ​បាន​គេ​រក​ឃើញ និង​កំពុង​មាន​សុវត្ថិភាព​ហើយ ខណៈ​ជំហាន​បន្ទាប់​នោះ​គឺ ត្រូវ​នាំ​យក​ពួកគេ​ចេញ​ពី​រូងភ្នំ​ថាំហ្លួង ដែល​ត្រូវ​ទឹក​ភ្លៀង​ជន់​លិច​ដោយ​សុវត្ថិភាព ស្រប​ពេល​ដែល​គេ​អះអាង​ថា ការ​នាំ​យក​ពួកគេ​ចេញ​អាច​ត្រូវ​ចំណាយ​ពេល​យូរ​បន្ថែម​ទៀត៕

ចុច​អាន៖ ៧ចំណុចដ៏សំខាន់ មុនពេលអាចជួយក្មេងថៃទាំង១៣ ចេញពីរូងភ្នំដោយសុវត្ថិភាព

ប្រភព៖ nytimes   ប្រែ​សម្រួល៖ សេង ឡុង