ទម្លាយរឿងពិតសាលាកម្សត់ ប្រក់ស្បូវ សិស្សរៀនជាង ៣០០នាក់ ខុសពីសារតាមហ្វេសប៊ុក

  • 2018-07-05 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ មាន​ការ​ចែក​ចាយ​ព័ត៌មាន​ត​គ្នា​ បង្ក​ការ​ភ្ញាក់ផ្អើល​ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពី​ជ្រុង១ នៃសាលារៀន​កូន​ក្មេង​​តូច​ៗ កម្សត់​ប្រក់​ស្បូវ និង​មាន​លិច​ដំបូល​ធ្លុះធ្លាយ​១​កន្លែង នៅ​ភូមិ​ត្រាច ឃុំ​បាល្លង ​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប។

អ្នក​ចែកចាយ បាន​បង្ហាញ​អារម្មណ៍​ខុស​ៗ​គ្នា តាម​រយៈ​រូបភាព​ គ្មាន​ប្រភព​បកស្រាយ និង​បាន​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ។

​​តាម​ការពិត​ដំណើរ​រឿង​មិន​ដូច​ការ​ចែកចាយ​នោះ​ឡើយ ដូច្នេះ​សាធារណជន មុន​ចែកចាយ​បន្ត សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន។ នេះ​បើ​តាម​ការ​លើកឡើង​ របស់​មន្ត្រី​នៃ​ការិយាល័យ​អប់រំ​ស្រុក​ប្រាសាទ​បាគង។

ទិដ្ឋថ្នាក់រៀនប្រក់ស្បូវ

**រឿង​យល់​ច្រឡំ​ត​គ្នា ចែកចាយ​តាម​ហេ្វសប៊ុក**

ដំណើរ​រឿង គឺ​មាន​ម្ចាស់​គណនី​ហ្វេសប៊ុក​១ មិន​បាន​ដឹង​រឿង​ច្បាស់​ បាន​ចូល​ទៅ​បរិវេណ​អនុវិទ្យាល័យ និង​បឋមសិក្សា​ស្រី​វិបុល​ក្តេរិ៍។

គ្រាន់​តែ​ឃើញ​​ថ្នាក់​រៀន​ប្រក់​ស្បូវ​ រយីករយាក​ ធ្លុះធ្លាយ​ដំបូល​ភ្លាម ​ក៏​បាន​ថត​រូប​ អម​ដោយ​ការ​សរសេរ​អក្សរ​ភ្ជាប់ ក្នុង​ន័យ​ថា អាជ្ញាធរ​សូម​មើល​ និង​យក​ចិត្ត​ទុក​ដាក់​ផង។​

ចំណុច​នេះ គឺ​បាន​បង្ហាញ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​អប់រំ ដែល​ផ្ទុយ​ពី​ជាក់ស្ដែង។

ការពិត ត្រូវ​បាន​បក​ស្រាយ

ប្រភព​ពី​លោក តាន់ វិច្ឆិការង្សី ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប បាន​ផ្ដល់​កិច្ច​សម្ភាស​តាម​ទូរសព្ទ​មក Sabay ថា​ចំពោះ​ព័ត៌មាន​ថ្នាក់​រៀន​នេះ Sabay គឺជាស្ថាប័នទី១ ដែល​បាន​ទាក់ទង​ទៅ​លោក​ មុន​ចេញ​ផ្សាយ ដើម្បី​ដឹង​រឿង​ពិត មិន​ដូច​ព័ត៌មាន​ផ្សេង ដែល​បាន​ចែកចាយ​គ្មាន​មូលដ្ឋាន​ច្បាស់។

លោក​បាន​បញ្ជាក់​ថា ចំណុច​នេះ អាច​ឲ្យ​កើត​ជា​បញ្ហា​ផ្សេង​ៗ ដល់​ថវិកា​ជំនួយ​សប្បុរសជន និង​អាច​មាន​អ្នក​ក្លែងបន្លំ​ក៏​ថា​បាន។

ទិដ្ឋភាពរួម

​លោក តាន់ វិច្ឆិការង្សី​ បញ្ជាក់​ថា តាម​ការពិត​ថ្នាក់​រៀន​នោះ​ គឺ​ជា​ថ្នាក់​បណ្ដោះ​អាសន្ន ឬ​ហៅថា​រោង​ដោល​ មិនមែន​ទុក​ឲ្យ​សិស្ស​រៀន​អចិន្ត្រៃយ៍​ទេ។ សភាព​គឺ​លិច​ទឹក ​ធ្លុះធ្លាយ​ដំបូល​មែន។ លោក​បន្ត​ថា រោង​ដោល​នោះ​ មាន​សិស្ស​កំពុង​រៀន​ ចំនួន​២​ថ្នាក់ ​សង់​នៅ​ជាប់​អាគារ​ថ្ម១។

តាម​គម្រោង​​គឺ ត្រូវការ​ថ្នាក់រៀន ដែល​មាន​២បន្ទប់​បន្ថែម ហើយ​ក្រុម​ការងារ កំពុង​ត្រៀម​សាងសង់​ក្រោម​ជំនួយ​ ឧបត្ថម្ភ​មួយ​ផ្នែក​ ​នៃ​មូលនិធិ១ របស់​ប្រទេស​អូស្ត្រាលី ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ២០១៨នេះ។

សូម​បញ្ជាក់​ថា អនុវិទ្យាល័យ និង​បឋមសិក្សា​ស្រី​វិបុល​ក្តេរិ៍ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ត្រាច ឃុំ​បាល្លង ​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប មាន​ចម្ងាយ​ប្រមាណ ២៦គីឡូម៉ែត្រ បើ​គិត​ពី​ក្រុង​សៀមរាប នៃ​ខេត្ត​សៀមរាប។

បច្ចុប្បន្ន​សាលា​នេះ មាន​អគារ​ថ្ម ១ខ្នង មាន​៥បន្ទប់ សម្រាប់​សិស្ស​អនុវិទ្យាល័យ។ ចំណែក​ ១ខ្នង មាន​៣បន្ទប់​ទៀត របស់​សិស្ស​បឋម​សិក្សា និង​មាន​ចំនួន​សិស្ស​សរុប ប្រមាណ​ជាង ៣០០នាក់។

សិស្ស​​ ២ថ្នាក់​​​កំពុង​រៀន​នៅ​រោង​ដោល​ ប្រក់​ស្បូវ បណ្ដោះ​អាសន្ន។ បើ​ទោះ​មាន​ជំនួយ​ខ្លះ ក៏​សាលារៀន​នេះ នៅ​តែ​ត្រូវការ​ជំនួយ​មួយ​ចំនួន​ទៀត ពី​សប្បុរសជន ដូច្នេះ​លោក​អ្នក អាច​ទាក់ទង​បន្ត​ជួយ​ការងារ​សង្គម​នេះ តាម​រយៈ​លេខ ០១២ ៧១ ៧០ ៩០។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ តាន់ វិច្ឆិការង្សី ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប។

(រូបថតទាំងអស់ ផ្តល់ឲ្យ ដោយលោក តាន់ វិច្ឆិការង្សី)

អត្ថបទ៖ ពៅ រក្សា