​​​ឆមាស​ទី​១​ឆ្នាំនេះ​​​​ ភ្ញៀវ​ធ្វើ​ដំណើរ​តាម​​យន្តហោះ​មាន​ប៉ុន្មាន​នាក់?

  • 2018-07-06 03:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដំណើរ​ជាតិ​ និង​អន្តរ​ជាតិ​ ដែល​​បាន​ឆ្លងកាត់​​តាមយន្តហោះ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងរយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន​ចំនួន​ ៥លាន​១សែន​នាក់​ ខណៈ​ចំនួន​បាន​កើន​ឡើង​ ២៤% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​ ២០១៧​ កន្លង។

លោក ពេជ្រ​​ សុប៉ុនតារា​ ប្រ​​​ធាន​​​​​ផ្នែក​​​​​​ពង្រីក​​ការហោះហើរ​​​​​នៅ​ព្រលាន​យន្តហោះ​​​​​កម្ពុជា​​​​ បា​ន​ឱ្យ​ដឹង​ថា តួលេខ​នេះ​រាប់​បញ្ចូល​ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ព្រលាន​យន្ត​ហោះ​ទាំង​បី​របស់​កម្ពុជា ​គឺ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ព្រលាន​ខេត្ត​សៀមរាប និង​ព្រលាន​យន្ត​ហោះ​ខេត្ត​ព្រះសីហនុ។ ​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​​ភ្នំពេញ​មាន​ចំនួន​​២ លាន៦ សែន​នាក់​​​ ឆ្លងកាត់​ព្រលាន​យន្ត​ហោះ​ខេត្ត​សៀមរាប​វិញ​​​​​​មាន ២លាន ៣ ​​​សែន​នាក់ និង​ក្រៅ​ពី​នេះ​ភ្ញៀវ​ឆ្លង​កាត់​ព្រលាន​យន្ត​ហោះ​ខេត្ត​ព្រះសីហនុ​​។​

លោ​ក​​មាន​​សុទិដ្ឋិនិយម​ថា ចំនួន​​ភ្ញៀវ​ធ្វើ​ដំណើរ​អាច​រក្សា​កំណើន​បន្ថែម​​ទៀត ខណៈ​ក្រុមហ៊ុន​អាកាស​ចរ​ថ្មី​ពីរ​​ទៀត​​​​គ្រោង​នឹង​ហោះ​ហើរ​ ហើយ​ក្រុមហ៊ុន​ ​ដែល​កំពុង​ប្រតិបត្តិ​ការ​ស្រាប់​​ក៏​គ្រោង​ពង្រីក​ជើង​ហោះហើរ​បន្ថែម​។ “ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ចំនួន​ភ្ញៀវ​អាច​នឹង​កើន​​ឡើង​បន្ថែម​ទៀត ព្រោះ​ក្រុមហ៊ុន​​ក្នុងស្រុក​ចំនួន​ពីរ​បន្ថែម​ទៀត​គ្រោង​បើក​ការ​ហោះ​ហើរ​។ ចំណែក​ក្រុមហ៊ុន​ចាស់​ក៏​គ្រោង​នឹង​ពង្រីក​ជើង​ហោះ​ហើរ​ផង​ដែរ”។

បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ក្រុម​ហ៊ុន​អាកាស​ចរ​ប្រមាណ​៤០​ ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​ ខណៈ​ក្រុម​ហ៊ុន​ក្នុងស្រុក​មាន​ចំនួន​ ៨ ក្រុមហ៊ុន​។ នេះ​បើ​តា​ម​​ការ​បញ្ជាក់​របស់​លោក ពេជ្រ​​ សុប៉ុនតារា​ ប្រ​​​ធាន​​​​​ផ្នែក​​​​​​ពង្រីក​​ការហោះហើរ​​​​​នៅ​ព្រលាន​យន្តហោះ​​​​​កម្ពុជា​។​

ទាក់ទង​នឹង​ការ​កើន​ឡើង​នេះ​សម្រាប់​​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​​ថ្លែង​​ថា  កំណើន​ភ្ញៀវ​ហោះហើរ​មក​កម្ពុជា​​​​​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរ​នៅ​កម្ពុជា​ហើយ​​បរទេស​គេ​ស្គាល់​ពី​​ប្រទេស​កម្ពុជា និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ក៏ដូចជា​ស្ថិរភាព​នយោបាយ​​ក្នុងស្រុក​​​។​​​​​​

លោកស្រី​បន្ថែមថា ​​​ សមាគម​ទីភ្នាក់ងារ​ទេសចរ​ស្វាគមន៍​ ផងដែរ​​ ដែល​កម្ពុជា​​​មាន​​ការ​រីក​ចម្រើន​លើស​វិស័យ​អាកាសចរ​​​ ​​​​​​ ហើយ​​​​ជាពិសេស​នោះ​ ​អាកាសចរ​ចិន​​​តែ​ម្ដង ​​​​​ដែល​បាន​​​ហោះហើរ​ត្រង់​មក​កាន់​​ប្រទេស​​​​កម្ពុជា​​បាន​​​​​​​​​​​ជាច្រើន​​ជើង​​​​​​​។​​​

នៅ​ក្នុង​ឆ្នាំ ២០១៧ ភ្ញៀវ​ទេសចរ​ចិន​បាន​ឈរ​នៅ​លំដាប់​ឈាន​មុខ​គេ​ដែល​មាន​រហូត​ដល់​ជាង​ ១,២​ លាន​នាក់​ កើន​ឡើង ​៤៥,៩​ ភាគ​រយ​ធៀប​នឹង​​ឆ្នាំ​២០១៦ ហើយ​​ក្រសួងទេសចរណ៍​​កម្ពុជា​រំពឹង​ថា​​នឹង​​ទទួល​បា​ន​ទេសចរ​ចិន​បាន​ចំ​នួន​​​​​​​​ជាង​ ១ លាន​នាក់​​​ ទៅ ២​លាន​នាក់​នៅ​ឆ្នាំ ២០២០​​ខាង​មុខ​​​​​​​​​៕

អត្ថបទ៖ សុផល