Chompoo និងតារាៗនាំគ្នាលើកទឹកចិត្តគ្រូបង្វឹកក្មេងទាំង ១២ ក្រោយផ្ទុះពាក្យរិះគន់

  • 2018-07-06 03:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​រក​ឃើញ​ ក្មេងៗ​ទាំង​ ១២ និង​គ្រូបង្វឹក​ម្នាក់​ក្នុង​ល្អាង​ភ្នំ​ ប្រជាជន​ថៃ និង​ជនជាតិ​ផ្សេង​ទៀត​លើ​ពិភពលោក​មាន​ក្ដី​រំភើប​ និង​ធូរ​ចិត្ត​ច្រើនពេល​ដឹង​ថា​ពួកគេ​ទាំង​នោះ​នៅ​មាន​ជីវិត។

ប៉ុន្តែ​ក្រោយ​ចប់​បញ្ហា​នេះ​ មហាជន​មួយ​ចំនួន​បាន និង​កំពុង​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​ផ្ទុះ​ករណី​មួយ​ទៀត​ទាក់ទង​នឹង​គ្រូ​បង្វឹក​របស់​ក្មេងៗ​ទាំង​នោះ ដែល​មាន​ឈ្មោះ​ថា​ Ekapol Chanthawong។ អ្នក​ទាំង​នោះ​បាន​ចោទ​ប្រកាន់​ថា​ វា​ជា​កំហុស​របស់​គ្រូបង្វឹក​ម្នាក់​នោះ​ រហូត​ក្មេងៗ និង​ខ្លួនឯង​ជាប់​ក្នុង​ល្អាងបែបនេះ។

ស្របពេល​មាន​ការ​បន្ទោស​ ក៏​មាន​មនុស្ស​មួយ​ចំនួន​ធំ​ លើកទឹក​ចិត្ត​ និង​និយាយ​ថា​វា​មិនមែន​ជា​កំហុស​របស់​លោក​គ្រូ​នោះទេ។ ក្នុង​ចំណោម​នោះ​ ក៏​មាន​តារាសម្ដែង​ Chompoo Araya ដែរ។ នាង​មិន​ព្យាយាម​និយាយ​អ្វី​ច្រើន​ទេ ដោយ​គ្រាន់​តែ​បង្ហោះ​រូបនាង​មួយសន្លឹក​លើ Instagram ដោយ​ភ្ជាប់​ជាមួយ​ Hashtag ខ្លីៗ​ថា​ #ខាងក្រុមគ្រូបង្វឹកEk #Captionមិនទាក់ទង​នឹង​រូបភាព #មិននិយាយច្រើនឈឺក #ក្មេងៗ

តាម​រយៈ​ពាក្យ​មួយ​ម៉ាត់​ដែល​សរសេរ​ថា​ ខាង​ក្រុមគ្រូបង្វឹក​ ដែល​Chompoo បញ្ជាក់​ពេល​នេះ​ អ្នក​គាំទ្រ​ជឿជាក់​ថា​ នាង​ព្យាយាម​ផ្ដល់​កម្លាំង​ចិត្ត​ និង​គាំទ្រ​លោក​ Ekapol Chanthawong ខណៈ​អ្នក​ខ្លះ​នាំគ្នា​ទម្លាក់​កំហុស មកលើលោក។

យ៉ាងណា​ក្ដី​មិនថា​តែ​ Chompoo ទេ ពោល​នៅ​មាន​តារា​ផ្សេង​ទៀត​ដែរដែល​បាន​ ផ្ដល់​ការ​លើក​ទឹកចិត្ត​ចំពោះ​គ្រូ​បង្វឹក​វ័យ​ ២៥​ឆ្នាំ​នោះ​ រួមមាន​តារា​ចម្រៀង​ Ekkachai Srivichai និង អ្នក​ដឹកនាំ​រឿង​លោក​ Poj Arnon ជាដើម។

ភាគ​ច្រើន​សុទ្ធ​តែ​បាន​កោតសរសើរ​នូវ​ទឹកចិត្ត​របស់​ គ្រូវបង្វឹក​ Ek ដោយ​បាន​និយាយ​ថា​ លោក​ជា​មនុស្ស​ល្អ​ និង​តែង​ណែនាំ​កូនក្រុម មើល​ថែ​រហូត​ដល់ទៅ ១២នាក់​គ្រប់​ពេល​ជានិច្ច ទោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាងណា​ក៏ដោយ៕

ប្រភព៖ tvpoolonline | posttoday   ប្រែ​សម្រួល៖ យី សុធារី