មូលហេតុ​៣​យ៉ាង​ដែល​បែលហ្សិក​អាច​ទម្លាក់​ប្រេស៊ីល​

  • 2018-07-06 04:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បែលហ្សិក​គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ៗ​ដែល​គេ​គិត​ថា​អាច​ឈ្នះ​ពាន​ FIFA World Cup ឆ្នាំ​២០១៨​នេះ។​

ក្រុម​រហស្សនាម​ថា​ Red Devils ឈ្នះ​គ្រប់​ការ​ប្រកួត​នៅ​ World Cup លើក​នេះ​ដោយ​យក​ផ្ដួល​​ ប៉ាណាម៉ា ៣-០, ឈ្នះ​ ទុយណេស៊ី​ ៥-២ និង​​ ឈ្នះ​អង់គ្លេស​ ១-០ ហើយ​​ចុង​ក្រោយ​ឈ្នះ​ជប៉ុន​ ៣​-២ នៅ​វគ្គ​១៦​ក្រុម​ដើម្បី​ឡើង​មក​ប៉ះ​ប្រេស៊ីល​នៅ​វគ្គ​៨​ក្រុម​ ឬ​១/៤​ផ្ដាច់ព្រ័ត្រ។​

ការ​ប្រឈម​មុខ​ជាមួយ​ប្រេស៊ីល​ នៅ​យប់​នេះ​វេលា​ម៉ោង​១​រំលង​អាធ្រាត្រ​ នឹង​ក្លាយ​ជា​ជំនួប​ដ៏​តានតឹង​របស់​បែលហ្សិក​ ប៉ុន្តែ​ក្រុម​នេះ​អាច​មាន​សង្ឃឹម​ឆ្លង​ផុត​បើ​មើល​ចំណុច​ខ្លាំង​របស់​ពួក​គេ​​​៣​ខាង​ក្រោម៖​

#៣. កំពែង​ការពារ​ដ៏​រឹងមាំ​របស់​បែលហ្សិក

បែលហ្សិក​គឺ​ជា​ក្រុម​ខ្លាំង​ខាង​ការពារ​មួយ​នៅ​ World Cup។ ខ្សែ​ការពារ​ ៣​ខាង​ក្រោម​របស់​ពួក​គេ​ពិត​ជា​រឹង​មាំ​ ដែល​ពោរពេញ​ដោយ​បទ​ពិសោធ​​ដូចជា​ Vertonghen, Alderweireld, និង​ Kompany។ ក្រុម​ខ្លាំង​មក​ពី​អឺរ៉ុប​មួយ​នេះ​របូត​២​គ្រាប់​ប៉ុណ្ណោះ​ នៅ​វគ្គ​ចែក​ពូល​ និង​២​គ្រាប់​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ យ៉ាង​ណា​ការ​លេង​ជាមួយ​ប្រេស៊ីល​ដែល​មាន​កម្លាំង​ប្រយុទ្ធ​ខ្លាំង ​បែលហ្សិក​នឹង​ប្រឹងប្រែង​ពង្រឹង​ការ​ការពារ​ទ្វេ​ដង​ដើម្បី​រារាំង​តារា​ឆ្នើម​ៗ​ដូចជា Neymar, Jesus, Willian និង​ Coutinho ជា​ដើម​កុំ​ឲ្យ​ស៊ុត​បញ្ចូល​ទី​។​

#២ កីឡាករ​បម្រុង​ ឬ​ Plan B

បែលហ្សិក​នឹង​មិន​ផ្លាស់ប្ដូរ​ជម្រើស​ដំបូង​របស់​ខ្លួន​នោះ​ទេ​ពេល​លេង​ទល់​នឹង​ប្រេស៊ីល ពី​ព្រោះ​​កីឡាករ​ទាំង​អស់​​កំពុង​យល់​ចិត្ត​គ្នា​បាន​ល្អ។​ ក្រុម​ A ​ពូកែ​គ្រប់គ្រង​បាល់ វាយ​បក​លឿន​ និង​មាន​ជំនាញ​អូស​បាល់​ពី​ខ្សែ​បម្រើ​ស្លាប​ទាំង​ពីរ តែ​ក្នុង​ករណី​មិន​មាន​ប្រសិទ្ធភាព ​គ្រូ​បង្វឹក​នឹង​ប្រើ​ Plan B ដោយ​ដាក់​កីឡាករ​បម្រុង​ចូល​ហើយ​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់​ដូច​កាល​វាយ​បក​ជប៉ុន​ពី​​គ្រាប់​បាល់ ២-០ រហូត​​ឈ្នះ​ ៣-២​ វិញ​នៅ​ចុង​ម៉ោង។​ ​កីឡាករ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ Plan B របស់​បែលហ្សិក​គឺ​ Fellaini ដែល​មាន​កម្ពស់​ខ្ពស់​ និង​ពូកែ​តែត​បាល់​បញ្ចូល​ទី។​

#១ អ្នក​នាំ​លេង

​ ក្រៅ​ពី​អ្នក​ចាំ​ទី​ឆ្នើម​ ខ្សែ​ការពារ​រឹងមាំ​ និង​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ បែលហ្សិក​មាន​ខ្សែ​បម្រើ​ និង​បម្រើ​ប្រយុទ្ធ​កំពូល​២​រូប​ដែល​ជា​អ្នក​នាំ​លេង​ល្អ​បំផុត​នៅ​ក្នុង​ក្រុម​គឺ​ Eden Hazard និង​ Kevin De Bruyne។ Hazard ​ជា​បេក្ខភាព​ដណ្ដើម​ពាន​ Ballon d'Or នៅ​រដូវ​កាល​នេះ​ បើ​អាច​ជួយ​បែលហ្សិក​ឈ្នះ​ World Cup។ ខ្សែ​បម្រើ​មក​ពី​ Chelsea ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ និង​ Assist បាន​២​លើក​​នៅ​៤​ប្រកួត​កន្លង​មក។​ ចំពោះ​ De Bruyne វិញ​ទោះ​មិន​អាច​រក​គ្រាប់​បាន​តែ​គេ​​ជា​ឆ្អឹងខ្នង​យ៉ាង​សំខាន់​របស់​ក្រុម។ ខ្សែ​បម្រើ​ប៉ះ​ច្បាស់​ៗ​មក​ពី Man City ប៉ះ​បាល់​សរុប​ ១៧៤​ដង​នៅ​៣​ប្រកួត​កន្លង​មក​ហើយ​ដល់​គោល​ដៅ​ ១៤២​ដង ស្មើ​នឹង​ ៨៤,៦%៕

ប្រភព៖ FIFA   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម