យុវតីខ្មែរវ័យត្រឹម១៨ឆ្នាំ មានជំនាញសិល្បៈគំនូរ Digital ចង់បង្កើតសៀវភៅនិយាយពីតួអង្គក្នុងរឿងបុរាណ​

  • 2018-07-07 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយខ្មែរមិនសូវច្បាស់ព្រោះទម្លាប់រៀនភាសាបរទេសតាំងពីក្មេង កញ្ញា ឈៀ សុជាតា ឈ្មោះក្នុងសិល្បៈគំនូរ ហៅថា អប្សរា ជាសិល្បករគំនូរ Digital វ័យក្មេងម្នាក់ ដែលរកឃើញជំនាញរបស់ខ្លួនលើផ្នែកគំនូរ និងព្យាយាមយកសិល្បៈបុរាណខ្មែរមកផ្សព្វផ្សាយ។

កញ្ញា Apsavra

វ័យត្រឹម១៨ឆ្នាំ កញ្ញា អប្សរា បានបញ្ចាប់ការសិក្សាខាងផ្នែកពាណិជ្ជកម្ម និងគំនូរពីសាលាអន្តរជាតិ ISPP ហើយកញ្ញា ព្យាយាមស្វែងរកសកម្មភាពដែលខ្លួនពេញចិត្តនឹងធ្វើ ចុងក្រោយក៏រកឃើញថាខ្លួនចូលចិត្ត គំនូរ Digital និងនិងគំនូរផាត់ពណ៌ទឹកខ្មៅ។ កាលដើមឡើយ វិចិត្រករស្រីវ័យក្មេងនេះធ្លាប់បង្ហាញសិល្បៈច្នៃម៉ូដ គំនូរប្លែកជាច្រើន តែមកដល់ពេលនេះ កញ្ញា គិតថា ខ្លួនមានជំនាញ និងមានផ្លូវដើរលើវិស័យសិល្បៈ ពិសេសការបង្កើតគំរូរូបភាពថ្មីលើ Digital ដោយយកតួអង្គក្នុងរឿងបុរាណខ្មែរ ដូចជារឿង នាងសុវណ្ណមច្ចា ឬរៀមកេរ្តិ៍ជាដើម។

កញ្ញា Apsavra

ការច្នៃប្រឌិតរបស់ អប្សរា គឺជាសាច់រឿងមានរូបភាព និងអត្ថបទខ្លី ដូចប្រភេទសាច់រឿង Comic Book, Manga ជាដើម។ កញ្ញា អប្សរា ពន្យល់ថា ការគូររូបប្រភេទនេះ ជាចំណូលចិត្ត ឬក៏អាចនិយាយបាន កញ្ញា ទទួលបានការជំរុញលើកទឹកចិត្ត ពីសៀវភៅ Comic Book និង សៀវភៅ Manga ដែលខ្លួនបានអាន ហើយរីករាយជាមួយវា។ ជាក់ស្តែង បើសិនជាខ្មែរចេះច្នៃយកសាច់រឿងរបស់ខ្មែរ យកមកដាក់ក្នុងសៀវភៅបែបនេះ សិល្បខ្មែរក៏នឹងអាចទទួលបានការគាំទ្រដូចគ្នា ព្រោះវាមានរូបភាពស្អាតៗ និងមានសាច់រឿងបន្ថែម នេះបើតាមការលើកឡើងរបស់ កញ្ញា អប្សរា។

កញ្ញា Apsavra

សិល្បករគំនូរ Digital ដ៏វ័យក្មេងម្នាក់នេះក៏លើកឡើងដែរថា ជាទូទៅយើងច្រើនឃើញគំនូរខ្មែរជាប្រភេទផ្ទាំងធំ និងមានការប្រើប្រាស់ពណ៌ជាច្រើន តែសម្រាប់យុវតីម្នាក់នេះ ក៏មានគំនិតខ្លួនឯងដែរថាត្រូវតែមានអ្វីជាផ្នត់គំនិតរបស់ខ្លួន។ កញ្ញា ​បន្តថានៅថ្ងៃមុខនឹងព្យាយាមគូសគំនូរថ្មីៗទៀត ដែលបង្ហាញពីតួអង្គក្នុងរឿងបុរាណខ្មែរ ឱ្យបានច្រើនតាមដែរអាចធ្វើបាន៕

អត្ថបទ៖ Sunny