ក្រុមសង្គ្រោះសម្រេចខួងភ្នំថាំហ្លួង ១០០កន្លែង ដើម្បីជួយក្មេងទាំង១៣ ឯលទ្ធផល...

  • 2018-07-07 06:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ប្រធាន​ក្រុម​ជួយ​សង្គ្រោះ បាន​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍​នេះ​ថា គេ​កំពុង​ខួង​ភ្នំ​ពី​ផ្នែក​ខាង​លើ​ជាង ១០០កន្លែង ដើម្បី​ជួយ​សង្គ្រោះ​ក្រុម​បាល់ទាត់ និង​គ្រូ​បង្វឹក​ដែល​ជាប់​ក្នុង​រូង​ភ្នំ​ថាំហ្លួង អស់​រយៈពេល​ជាង​២​សប្តាហ៍​មក​ហើយ។

កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ កំពុងតែ​ព្យាយាម​បង្កើត​ផ្លូវ​ថ្មី ដើម្បី​នាំ​យក​ក្មេងៗ​ទាំង​នោះ​ពី​ខាង​លើ​តែម្ដង ប្រសិន​បើ​រូង​ភ្នំ​ត្រូវ​ទឹក​ជន់​លិច ស្រប​ពេល​ដែល​គេ​ទទួល​ស្គាល់​ថា ការ​ជម្លៀស​ពួកគេ​ដោយ​ការ​ជ្រមុជ​ទឹក គឺ​ប្រថុយប្រថាន​ខ្លាំង។

លោក Narongsak Osottanakorn បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា «កន្លែង​ខ្លះ​ត្រូវ​បាន​ខួង​ជម្រៅ ៤០០ម៉ែត្រ ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​អាច​រក​ឃើញ​ទីតាំង​នៃ​ក្មេង​ទាំង​នោះ»។ លោក បាន​បន្ថែម​ថា បេសកកម្ម​នេះ​គឺ​ខ្វះ​ជំនួយ​ពី​បច្ចេកវិទ្យា ដើម្បី​បញ្ជាក់​ពី​ទីកន្លែង​ជាក់​លាក់ ដែល​ពួកគេ​កំពុង​ស្នាក់​នៅ។

«យើង​ប៉ាន់​ប្រមាណ​ថា ពួកគេ​នៅ​ជម្រៅ ៦០០ម៉ែត្រ ប៉ុន្តែ​យើង​មិន​ដឹង​ច្បាស់​ពី​ទីតាំង​ពិត​ប្រាកដ​នោះ​ទេ» លោក Osottanakorn បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង