ផែនការ​រៀបការ IU, Yoona និង Suzy កំណត់ច្បាស់ហើយ ចង់ដឹងពេលណាខ្លះទេ?

  • 2018-07-08 05:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីគ្រប់​រូប​សុទ្ធតែមាន​ក្ដី​សុបិន​ចង់​បាន​មង្គលការ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​រៀងៗខ្លួន ហើយ​ក្នុងនោះ​ក៏​មាន​តារា​ស្រី​ល្បី​ឈ្មោះកូរ៉េ​ទាំង​ ៣​នេះ​ដែរ។

YoonA, IU និង​ Suzy បាន​រៀបចំ​ផែនការ​សម្រាប់​មង្គលការ​របស់​ពួកគេ​រួច​ទៅហើយ ទោះ​បី​មិនទាន់​រក​ឃើញ​គូ​ពិត​ក៏ដោយ។ តើ​អ្នក​ទាំង ៣​មាន​ទិសដៅ​យ៉ាងណា​ខ្លះ សូម​មក​ជ្រាបទាំង​អស់គ្នា៖

១. Yoona (ក្រុម Girls' Generation)

ក្នុង​ឆ្នាំ ២០១២ Yoona បាន​និយាយ​ពី​ផែនការ​រៀបការ​របស់​នាង​ក្នុង​កម្មវិធី​ "Guerrilla Date” ថា​ នាងចង់​រៀបការ​នៅ​អាយុ ៣២ឆ្នាំ។ មង្គលការ​ក្នុង​ក្ដី​ស្រមៃនាង​ទៀត​សោត​ គឺ​រៀបចំ​តាម​បែប​ប្រពៃណី​បុរាណ និង​ជាលក្ខណៈឯកជន​ បែបសាមញ្ញៗ​បំផុត។

២. IU

ក្នុង​ឆ្នាំ​ ២០១២​ដូចគ្នា​ IU បាន​បង្ហើប​ពី​គម្រោង​រៀបការ​ដែល​នាង​ចង់បាន​ ក្នុង​កម្មវិធី​ "Strong Heart"។ ខុស​ពី​ Yoona ដាច់ ពោល​គឺ​ IU ចង់​រៀបការ​នៅ​វ័យ​ក្មេង​ ស្របពេល​នាង​កំពុង​ពេញ​ស្អាត​ និង​ល្បី។ តារា​ស្រី​រូបនេះថែម​ទាំង​បញ្ជាក់​ថា​ ក្រោយ​រៀបការ​ នាង​នឹង​ដក​ខ្លួន​ពី​សិល្បៈ​ ដើម្បី​ផ្ដោត​លើ​ជីវិត​គ្រួសារ​ និង​ធ្វើ​ជា​ភរិយា​ល្អ។ ពេលនោះ​ តារាស្រី​រាង​តូច​ច្រឡឹង​នេះ​ នៅ​បាន​និបង្ហាញពី​​​​​​​​​គោល​បំណង​ធំ​ក្នុង​ជីវិត​ គឺ​ចង់​បាន​មង្គលការ​ដ៏​រីករាយ​ និង​មានជីវិត​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ជាមួយ​គ្រួសារ។

៣. Suzy

អ្នកគាំទ្រជា​ច្រើន​តែង​ប្រាថ្នា​ចង់​ឲ្យ​ តារាស្រី​រូបនេះ​មាន​ស្នេហា​សម​ប្រកប​ កុំ​ឲ្យ​ជួប​តែ​រឿង​បែក​បាក់ ក្រោយ​នាង​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សា។ កាល​ពី​ក្នុង​កម្មវិធី​ "Off The Record” Suzy បាន​ទម្លាយ​ឥត​លាក់​ថា​ នាង​ចង់​រៀបការ​នៅ​អាយុ ៣៤។ មូលហេតុ​ពីក្រោយ​ ក៏ព្រោះ​គ្រូទាយ​ធ្លាប់​ទាយ​ថា​នាង​អាច​នឹង​រៀបការ​នៅ​អាយុ​ជាង ៣០។ ដូចនេះ​វា​នៅ​សល់​ពេល​ច្រើន​ទៀត​សម្រាប់​នាង​ក្នុង​ការ​ស្វែង​រក​ដៃគូ​យល់​ចិត្ត ដែល​អាច​កាន់​ដៃ​គ្នា​អស់​មួយ​ជីវិត៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី