ភាគីពាក់ព័ន្ធវិស័យភាពយន្តប្រមូលក្តីកង្វល់ដាក់ជូនរដ្ឋាភិបាលដោះស្រាយ

  • 2018-07-09 05:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគីពាក់ព័ន្ធនឹងវិស័យភាពយន្ត ដូចជាផលិតករ សិល្បៈករ តំណាងរោងភាពយន្ត និងអ្នកចែកចាយភាពយន្តខ្មែរនិងបរទេស បានជួបជុំគ្នាដើម្បីលើកពីក្តីកង្វល់ក្នុងវិស័យភាពយន្តដែលកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន នៅសាកលវិទ្យាល័យវេស្ទឺនកម្ពុជា។

វេទិកានេះរៀបចំឡើងដោយសមាគមភាពយន្តកម្ពុជាដែលទើបទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ។ ឆ្លើយតបទៅនឹងការហូរចូលយ៉ាងកំហុកនូវភាពយន្តបរទេស និងរោងភាពយន្តទាក់ទងនឹងម៉ោងបញ្ចាំង និងកុងត្រាចែកភាគលាភនានា លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា បានគូសបញ្ចាក់ចំណុចសំខាន់ទាំងនេះដើម្បីឲ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហាទាំងនេះជៀសជាងការតតាំងដាក់គ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។

លោក ឆាយ បូរ៉ា ក៏បានបញ្ជាក់ប្រាប់ពីគម្រោងក្នុងការបង្កើតគណៈកម្មការវាយតម្លៃភាពយន្តខ្មែរដើម្បីលើកស្ទួយគុណភាពភាពយន្តខ្មែរ ខណៈដែលផលិតករមួយចំនួនដូចជា LD Picture ទាមទារអោយមានការ​​​សើរើឡើងវិញចំពោះ​​​ភាគលាភ និងតម្លាភាពក្នុងការអនុវត្តកុងត្រា។ ផលិតករខ្មែរមួយចំនួនទៀតបានលើកឡើងពី​​​បញ្ហាសុំទីតាំងថតកន្លែងវប្បធម៌នានាដែលត្រូវការអោយផលិតករស្នើសុំលិខិតអនុញ្ញាតពីច្រើនស្ថាប័ន ហើយនៅតែគ្មានសិទ្ធអនុញ្ញាត្តិទៀត «ពេលខ្លះផលិតករដែលព្យាយាមផ្តិតរូបភាពដើម្បីផ្សព្វផ្សាយពីវប្បធម៌ជាតិ ពិបាកជាងអ្នកថត Pre-wedding ទៀត» នេះបើយោងតាមការលើកឡើងរបស់លោក ឆាយ បូរ៉ា។

រូបតំណាង

ចំណែកខាងតំណាងរោងភាពយន្តបានត្អូញត្អែរពីចំនួនអ្នកទស្សនាភាពយន្តនៅទ្រឹងទោះចំនួនរោងភាពយន្តកើនឡើងច្រើនក្តីក្នុងរយៈពេលត្រីមាសចុងក្រោយនេះ ដែលអង្គប្រជុំបានកត់សម្គាល់ឃើញថាផលិតកម្មក្នុងស្រុកមួយចំនួន បែរជាត្រូវផ្អាកដំណើរការ និងកាត់បន្ថយសកម្មភាពផលិតទៅវិញ។ ភាគីចូលរួមអង្គប្រជុំបានយល់ស្របថាបញ្ហាចំនួនអ្នកទស្សនាតាមរោងកុនមិនកើនដោយសា​ការធ្លាក់ចុះនូវចំនួនភាពយន្តខ្មែរដែលមានគុណភាព និងទាក់ទាញ។

ចុងបញ្ចប់លោកឆាយ បូរ៉ាបានបញ្ចាក់ប្រាប់ថា សមាគមនឹងប្រមូលយកក្តីកង្វល់ទាំងឡាយរបស់វិស័យភាពយន្តដាក់ជូនដល់ក្រសួងពាក់ព័ន្ធ ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពត៌មាន ក្រសួងទេសចរណ៍ និងក្រសួងអបរំ យុវជន និងកីឡាជាដើម៕

អត្ថបទ៖ Sunny