ប្រធាន​សមាគម​១ថា និស្សិត​ខ្មែរ មាន​សុវត្ថិភាព ខណៈ​ទឹក​ជំនន់​ដ៏​អាក្រក់​នៅ​ជប៉ុន

  • 2018-07-10 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​និស្សិត​ខ្មែរ​ នៅ​​ប្រទេស​ជប៉ុន បាន​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ មិនទាន់​មាន​របាយ​ការណ៍​និស្សិត​ខ្មែរ​​រង​គ្រោះថ្នាក់​ នៅ​ក្នុង​ចំណោម​ខេត្ត​ចំនួន​៣ ក្នុង​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ដ៏​ធំ នៅ​ភាគ​ខាងលិច និង​ភាគ​កណ្ដាល នៃ​ប្រទេស​ជប៉ុន។

គ្រោះ​ធម្មជាតិ​នេះ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​បាន​​បាត់​ខ្លួន ស្លាប់ និង​អាជ្ញាធរ​ជម្លៀស​មនុស្ស​ជាង ៥លាន​នាក់​ ទៅ​កាន់​ទី​សុវត្ថិភាព។ ​

សកម្មភាពអាជ្ញាធរ​ ជប៉ុន សង្រ្គោះប្រជាជន

តាម​រយៈ​សារ​អេឡិចត្រូនិក ឆ្លើយឆ្លង​ពី​ប្រទេស​ជប៉ុន លោក កាន់​​​​​ ផាន់ណារិទ្ធ ប្រធាន​សមាគម​និស្សិត​ខ្មែរ​ នៅ​ប្រទេស​ជប៉ុន បាន​ផ្ដល់​ព័ត៌មាន​មក​កាន់ Sabay ​ថា ជំនន់​ទឹក​ភ្លៀង និង​ការ​បាក់​ដី​ដ៏​ធំ ​បាន​កើត​មាន​ នៅ​ប្រទេស​ជប៉ុន ហើយខេត្ត​ចំនួន៣​ បានរងគ្រោះ​ខ្លាំង ក្នុង​ចំណោម​តំបន់​ផ្សេង គឺ​ខេត្ត Hiroshima, Okayama និង Ehime។

ក្នុង​ចំណោម​ខេត្ត​ទាំង​៣ មាន​២ខេត្ត ដែល​មាន​និស្សិត​ខ្មែរ​ កំពុង​មាន​វត្តមាន។ ហេតុការណ៍​ដដែល​នេះ មិន​មាន​និស្សិត​ខ្មែរ​ ណា​១​ មាន​បញ្ហា​ ឬ​រង​គ្រោះថ្នាក់​ទេ​ គឺ​សុខ​ទុក្ខ​ធម្មតា និង​មាន​សុវត្ថិភាព។

​នេះ​បើ​តាម​ព័ត៌មាន ​ដែល​លោក កាន់​​​​​ ផាន់ណារិទ្ធ និង​ក្រុម​ការងារ ទទួល​បាន​តាម​​ការ​ហៅ​ទូរសព្ទ។

លោក កាន់​​​​​ ផាន់ណារិទ្ធ (រូបផ្តល់ឲ្យ)

​លោក​បន្ត​ថា ​និស្សិត​ខ្មែរ​ដែល​មាន​សុវត្ថិភាព មាន​ចំនួន១៣នាក់ កំពុង​នៅ​ក្នុង​ខេត្ត​ចំនួន​២ ដែល​ជា​ចំណុច​កើត​មាន​​គ្រោះ​ទឹក​ជំនន់។ ​នៅ ខេត្ត Hiroshima មាន​និស្សិត​ខ្មែរ​ ៩នាក់ និង​ ៤នាក់ទៀត នៅ​ខេត្ត Okayama។

លោក​បញ្ជាក់​ថា តួលេខ​នេះ គឺ​គិត​តាម​ចំនួន​និស្សិត​ ដែល​ធ្លាប់​ផ្ដល់​ព័ត៌មាន​ស្ទង់​មតិ​ មកកាន់​សមាគម​លោក កន្លងទៅ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក កាន់​​​​​ ផាន់ណារិទ្ធ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​សមាគម​លោក​ កំពុង​សហការ​ជាមួយ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ក្នុង​ករណី​មាន​និស្សិត ឬ​ជនជាតិ​ខ្មែរ​ធ្វើការ​ផ្នែក​ផ្សេង​ទៀតទាំងអស់ ជួប​បញ្ហា​ ឬ​ករណី​បន្ទាន់​ ណា​មួយ ​នៅ​ក្នុង​តំបន់​ដែល​កំពុង​ទទួល​រង​ឥទ្ធិពល​ទឹកជំនន់ និង​បាក់​ដី។ ​

​​​​​សូម​ទាក់ទង​ស្ថានទូត​ជាបន្ទាន់​តាមរយៈ​ ហ្វេសប៊ុក​ របស់​ស្ថានទូត ដែល​មាន​ឈ្មោះ Royal Embassy of Cambodia in Japan ឬ​តាមរយៈ

១. ឯកឧត្ដម តាំង ផេងរិទ្ធី ទីប្រឹក្សា​ទទួល​បន្ទុក​ពលករ លេខទូរសព្ទ ០៨០ ៣៤៥៩ ៧៨៨៩

២. លោក ឆេង ចំរើន លេខទូរសព្ទ ០៨០ ៤៦៨៩ ៩៣៧៤

៣. លោក ឌឿក វណ្ណរិទ្ធិ លេខទូរសព្ទ ០៨០ ៤៤៣៩ ៥៧០៤

រូប Print Screen ផ្តល់ឲ្យដោយលោក កាន់​​​​​ ផាន់ណារិទ្ធ

សូម​បញ្ជាក់​ថា បើ​គិត​មក​ត្រឹម​ពេល​នេះ ព្យុះ​ទីហ្វុង និង​ភ្លៀង​ឥត​ឈប់​ឈរ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន ទទួល​កម្រិត​ទឹក​ភ្លៀង​ច្រើន​លើស​លប់ ​រហូត​បង្ក​ជា​ទឹក​ជំនន់ និង​ការ​បាក់​ដី​ ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង ១២៦​នាក់​។

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe បាន​បង្កើត​កង​កម្លាំង​សង្គ្រោះ​បន្ទាន់​មួយ​ មាន​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ ៥៤០០០នាក់ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព ​ដែល​កាន់​តែ​អាក្រក់។

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី