រឿង​ភាគ​ខ្មែរ​បែប​រន្ធត់ ព្រឺព្រួច​ជា​លើក​ដំបូង​ចាក់ក្នុងម៉ោងមាសនៅ PNN

  • 2018-07-10 13:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់​កណ្តាល​ខែ​កក្កដា​នេះ ទស្ស​និក​ជន​នឹង​បាន​ប្លែក​ភ្នែក​ជាមួយ​រឿង​ភាគ​ខ្មែរ​បែប​ភ័យ​រន្ធត់ ព្រឺព្រួច​គឺ​រឿង «​កន្ទោង​ខៀវ​» ដែល​ខ្សែ​ភាព​យន្ត​មួយ​នេះ​ប្រ​ជុំ​ដោយ​តារា​ល្បីៗ​ដូចជា​៖ លោក ប៉ែន ភក្ត្រ​សុធា​រិទ្ធ កញ្ញា ម៉ាក់ សែន​សូ​នី​តា កញ្ញា ឌី សូ​នី​តា លោក យ៉ែម សំអូន រួម​និង​សិល្បករ សិល្បការ​នី​ល្បីៗ​ជាច្រើនរូប​ទៀត​។

រឿង​នេះ​នឹង​បញ្ចាំង​នៅ​ក្នុង​ម៉ោងមាសគឺ ៧:៥០-៩:០០​យ​ប់​ ហើយ​មូលហេតុ​ដែល​ចាក់​ក្នុង​ម៉ោងនេះ​គឺកញ្ញា​ ទូច បុប្ផា​ ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន​អិន​បានបញ្ជាក់ឲ្យ​ដឹងថា៖ ​«​ជា​គោលការណ៍​របស់​ភី​អិន​អិន គឺ​យើង​តែងតែ​គាំទ្រ​នូ​វ​ស្នាដៃ​សាច់រឿង​របស់​ខ្មែរ មិន​ថា​ជា​ស្នាដៃ​និពន្ធ​ចាស់ ឬ​និពន្ធ​ថ្មី យើង​តែងតែ​យក​រឿង​ទាំង​នោះ មក​ផលិត​ជា​ភាព​យ​ន្ត​ភាគ​ទូរទស្សន៍ ដោយ​កន្លង​មក​ក៏​មាន​ការផលិត​បានជា​ច្រើន​រឿង​រួច​មក​ហើយ ដូចជា​រឿង ទុំ​ទាវ រឿង​ ពស់​កេងកង នៅក្នុង​នោះ​ក៏​មាន​ប្រភេទ​រឿង​ថ្មីៗ​ដូចជា​រឿង​ក្រ​មុំ​បាយ​ឆា រឿង​កញ្ញា​អំពិល​ផ្អែម ជាដើម​"។

ដោយឡែក​រឿង​ភាគ​ខ្មែរ «​កន្ទោង​ខៀវ​» កញ្ញា ទូច បុប្ផា ប្រាប់ឲ្យ​ដឹង​ទៀត​ថាជា​រឿង​ដែល​ត្រូវបាន​ផលិត​ចេញពី​ព្រេង​និទាន​ខ្មែរ​ក្នុង​ឆ្នាំ​១៨៦៦ ដោយ​រក្សានូ​វ​ទម្រ​ង់​ដើម​ទាំងស្រុង​។ ហើយ​រឿង​នេះ​ក៏​ជារឿង​រសជាតិ​បែប​ថ្មី​មួយ ដោយ​ពាក់​ព័ន្ធ​នឹង​ជំ​នឿ និង​ប្រពៃណី​ខ្មែរ ដែល​នឹងត្រូវ​ចាក់ផ្សាយ​ជា​លើក​ដំបូង​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិ​ន​»​។

កញ្ញា​បាន​បន្ថែមថា​៖ «​រឿង កន្ទោង​ខៀវ នេះ​ដែរ​នឹងត្រូវ​ចាក់ផ្សាយ​នៅក្នុង​ម៉ោង​ពិសេស ដែល​ការ​ចាក់ផ្សាយ​ក្នុង​ម៉ោង​នេះ យើង​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ជាមួយ​អ្នកដឹកនាំ​រឿង ព្រោះ​ជាធម្មតា​ម៉ោង​នេះ​គឺ​ភី​អិន​អិន​ចាក់ផ្សាយ​រឿង​បែប​ស​ង្គ​ម គ្រួសារ តែបើ​ងាក​មក​រឿង កន្ទោង​ខៀវ គឺជា​រឿង​បែប​ខ្មោច​តែ​មិនមែន​ខ្មោច​គួរ​ឲ្យ​ខ្ពើម ដូច្នេះ​ហើយ​ទើប​សម្រេច​យក​ម៉ោង​ពិសេស​គឺ​ម៉ោង ៧:៥០-៩:០០​យ​ប់​តែម្តង​»​។​

«​កន្ទោង​ខៀវ​» គឺជា​រឿង​ភាគ​ខ្មែរ​ដែល​បង្ហាញ​ពី​មនោសញ្ចេតនា​ស្នេហា ភ័យ រន្ធត់ ព្រឺព្រួច​និង​ការចង​គំនុំ​។ រឿង​មួយ​នេះ​ត្រូវ​បាន​ដំណា​ល​តៗ​គ្នា​មក​ថា មាន​បុរស​ម្នាក់​ឈ្មោះ​ថា​នា​យចាន់​(​សុធា​រិទ្ធ​) ដែល​ជា​អ្នកមាន​ទ្រ​ព្យ​សម្បត្តិ និង​មាន​រូបរាង​សង្ហា​រ ដែល​ជា​បំណងប្រថ្នា​សម្រាប់​នារី​គ្រប់ៗ​រូប​។ ថ្ងៃ​មួយ​នៅ​ក្នុងភូមិ​បាន​រៀបចំ​ពិធី​ចេញ​ព្រះវស្សា បាន​ធ្វើ​ឲ្យ​នាយ​ចាន់​បាន​ជួប​ជាមួយ​នាង​ខៀវ (​ម៉ាក់ សែន​សូ​នី​តា​) ហើយ​ក៏​បាន​ចាប់ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅមក ប៉ុន្តែ​ត្រូវ​បាន​ឪពុកម្តាយ​ទាំង​សង្ខាង​រារាំង​មិន​ឲ្យ​ជួបគ្នា​ឡើយ​។ ទោះបីជា​បែបណា​អំ​ណា​ច​ស្នេហា​របស់​ពួកគេ​ទាំងពីរ​ពិតជា​គ្មាន​អ្នកណាម្នាក់​អាច​រារាំង​បាន​ឡើយ ដោយ​ពួកគេ​ទាំងពីរ​នាក់​សុខចិត្ត​លួច​រត់​ជាមួយគ្នា រហូត​នាង​ខៀវ​មាន​ផ្ទៃពោះ​ជាមួយ​នាយ​ចាន់​។

នៅ​ថ្ងៃ​ដែល​នាង​ខៀវ​ឈឺពោះ​ឆ្លង​ទ​ន្លេ ចាន់​មិនបាន​នៅ​ជិត​នាង​ខៀវ​ទេ ដោយ​មានធុរៈរ​វល់​ទៅ​រកស៊ី​ឆ្ងាយ​។ ជា​អកុសល​នាង​ខៀវ​មិន​អា​ចឆ្លង​ទ​ន្លេ​បាន​ក៏​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្ងៃ​នោះ​តែម្តង​។ ចុះតើ​ចាន់​នឹងមាន​អារម្មណ៍​បែបណា​ប្រសិនបើ​ដឹងថា​ប្រពន្ធ​នឹង​កូន​បាន​ស្លាប់​ទៅហើយ​? តើ​នាង​ខៀវ​អាច​ទៅ​ចាប់​ជាតិ​ដែរ​ទេ បើ​ពេលដែល​នាង​ស្លាប់ គឺ​ស្លាប់​ទាំង​បិត​ភ្នែក​មិន​ជិត​បែប​នេះ​?

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង «​កន្ទោង​ខៀវ​» នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន​ដែល​នឹង​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧:៥០-៩:០០​យ​ប់ រៀងរាល់ថ្ងៃ​ចន្ទ​-​ពុធ បន្ទាប់ពី​រឿង «​ប្រពន្ធ​អ្នក​ឆ្លាត​»៕

ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

អត្ថបទ៖ ថា ម៉ាលីដា