សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ​ថា Ronaldo អាច​ចូល​រួម​ជាមួយ​ Juventus ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​

  • 2018-07-10 11:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ សារព័ត៌មាន​ល្បី​ឈ្មោះ Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo អាច​ទៅ​ចូល​រួម​ជាមួយ Juventus ក្នុង​រយៈ​ពេល​ ៤៨ ម៉ោង។

បើ​តាម​ប្រភព​ខាង​លើ នៅ​វេលា ២ ថ្ងៃ​ទៅ​មុខ​ទៀត Real Madrid អាច​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​ខ្លួន​ទាក់​ទង​នឹង​ការ​ឲ្យ​សំណើ​របស់ Juventus ក្នុង​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់។

Sky Sports បាន​បន្ត​អះអាង​ថា នៅ​ពេល​នេះ ភាគី​ទាំង​បី រួម​មាន​ភ្នាក់​ងារ​កីឡាករ Ronaldo លោក Jorge Mendes ក្លឹប Real Madrid និង ក្លឹប Juventus កំពុង​ធ្វើ​ការ​ចរចា​គ្នា។

តម្លៃ​ផ្ទេរ​ត្រូវ​បាន​គេ​ជឿ​ថា ស្ថិត​ក្នុង​រង្វង់ ១០០ លាន​អឺរ៉ូ (១១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

ការ​ចុះ​ផ្សាយ​របស់​ Sky Sports ធ្វើ​ឡើង​ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា Ronaldo នឹង​ចាក​ចេញ​ពី​ក្លឹប​អេស្ប៉ាញ Real Madrid ទៅ​ចូល​រួម Juventus នៅ​អ៊ីតាលី។ កាល​ពី​សប្ដាហ៍​មុន លោក Mendes ភ្នាក់ងារ​កីឡាករ​ព័រទុយហ្គាល់ បាន​ព្រលយ​ពាក្យ​ថា បើ​ Ronaldo ចាក​ចេញ​មែន កីឡាករ​ធ្វើ​នេះ ដើម្បី​ស្វែង​រក "ដំណាក់​កាល និង​ការ​ប្រកួត​ប្រជែង​ថ្មី"។

Ronaldo បាន​ចូល​រួម​ជាមួយ​ Real Madrid កាល​ពី​ឆ្នាំ ២០០៩។ ក្នុង​រយៈ​ពេល ៩​ឆ្នាំ​នៅ​ក្លឹប កីឡាករ​ស៊ុត​ចូល​សរុប ៤៥០ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៨ លើក​ព្រម​ទាំង​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី