Ronaldo ​និយាយ​ពាក្យ​រំជួល​ចិត្ត ​ក្រោយ​ចេញ​ពី Real Madrid

  • 2018-07-11 01:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 535

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ចាកចេញ​ពី​ក្លឹប Real Madrid ​ទៅ​លេង​ឱ្យ​ក្រុម Juventus ​ហើយ ​ក្នុង​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ ​មាន​ប្រាក់​ឈ្នួល​៥០០ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​នៅ​ទឹក​ដី​អ៊ីតាលី។

កីឡាករ​ដែល​អ្នក​គាំទ្រ​ចាត់​ទុក​ជា​វីរបុរស​របស់ Real Madrid ​ខាង​លើ​នេះ​បាន​និយាយ​ក្រោយ​ប្រកាស​ចែក​ផ្លូវ​ពី​ទឹក​ដី​អេស្ប៉ាញ​ថា​៖ “ខ្ញុំ​ជឿ​ជាក់​ថា ​នេះ​ជា​ពេល​វេលា​មួយ​ដែល​ត្រូវ​ឱ្យ​ខ្ញុំ​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​សុំ​ក្លឹប​ឱ្យ​ផ្ទេរ​ខ្ញុំ។ ខ្ញុំ​ក៏​សូម​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់ យល់​ពី​ខ្ញុំ​ផង។ ការ​លេង​ឱ្យ Real Madrid ​គឺ​ជា​ការ​សប្បាយ​ចិត្ត​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ អរគុណ​ដល់​អ្នក​គាំទ្រ​នៅ Real Madrid ​ក្រុម​ការងារ ​និង​ប្រធាន​ក្លឹប​ផ្ទាល់​តែ​ផ្ដល់​តម្លៃ​ឱ្យ​ខ្ញុំ។ ៩​ឆ្នាំ​នៅ​អេស្ប៉ាញ ​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ ខ្ញុំ​សប្បាយ​ចិត្ត ​ជោគជ័យ ​និង​មិន​អាច​ភ្លេច​ការ​លេង​ជាមួយ Real Madrid ​បាន​ឡើយ​ក្នុង​១​ជីវិត​នេះ។ អរគុណ​ដល់​អ្នក​គ្រប់​គ្នា អរគុណ​សម្រាប់​ពេល​៩​ឆ្នាំ​នេះ! Hala Madrid ”។

ការ​និយាយ​របស់​កីឡាករ​ឆ្នើម​បំផុត​លើ​លោក​នេះ គឺ​មាន​សេចក្ដី​ថា ​រូបគេ​ជា​អ្នក​សម្រេច​ចិត្ត​ចង់​ចាកចេញ​ទៅ​លេង​នៅ Juventus ​ផ្ទាល់​តែ​ម្ដង ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ​នេះ។ ខណៈ​ដែល​ការ​ផ្ទេរ​នេះ​កើត​ឡើង ​កាល​ពី​ម្សិលមិញ ​បន្ទាប់​ពី​ប្រធាន​ក្លឹប Juventus ​ផ្ទាល់​បាន​ទៅ​ជួប​ជាមួយ Ronaldo ​ពេល​រូបគេ​កំពុង​លំហែ​កាយ​នៅ​ប្រទេស​ក្រិក។

ក្នុង​នាម​ជា​កីឡាករ​ថ្មី​របស់ Juventus ​ប្រកួត​ដំបូង​របស់ Ronaldo ​នឹង​ត្រូវ​លេង​ទល់​ក្រុម Real Madrid ​ផ្ទាល់​តែ​ម្ដង ​ក្នុង​ការ​ប្រកួត​មិត្តភាព ​នៅ​ថ្ងៃ​ទី​៤​ខែ​សីហា​ឆ្នាំ​២០១៨​នេះ ​នៅ​ទឹក​ដី​អាមេរិក៕


ប្រភព៖ Real Madrid   ប្រែ​សម្រួល៖ មុន្នីរម្យ