ហេតុ​អ្វី​​បាន​ជា​កម្ពុជា​មិន​​​បញ្ជូន​បាល់ទាត់​ទៅ​កីឡា​ទ្វីប​អាស៊ី​?

  • 2018-07-11 06:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​​ Asian Games នឹង​ចាប់​ផ្តើម​​នា​ខែ​សីហា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ហើយ​​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ និង​ប្រទេស​អាស៊ី​ទាំង​អស់​​ចូល​រួម​ប្រកួត​ដណ្តើម​​មេដាយ។ ក្នុង​នោះ​កម្ពុជា​ក៏​សមាជិក​មួយ​​ដែល​ត្រូវ​ចូល​រួម​ប្រកួត​ ប៉ុន្តែ​​​​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មហាជន​មាន​ការ​ងឿ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​​កម្ពុជា​មិន​​​បញ្ជូន​កីឡា​បាល់​ទាត់​ចូល​រួម​។

ឯក​ឧត្តម​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​បក​ស្រាយ ​​៖«​ប្រភេទ​កីឡា​ជា​ក្រុម​ដូច​ជា ​បាល់ទាត់ បាល់ទះ បាល់បោះ​ ជា​ដើម​មិន​​ធ្លាប់​បាន​ចូល​រួម​ប្រកួត​កម្រិត​អាស៊ី​ទេ​តាំង​ពី​ដើម​មក។ យើង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ត្រឹម​តែ​កីឡា​ស៊ីហ្គេម​​ដើម្បី​ឆ្ពោះ​ទៅ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។ អីចឹង​យើង​រៀប​ចំ​ក្រុម​យុវជន​ U16, U18, U21 ជា​ដើម​ដែល​ជា​លក្ខណ​ឆ្ពោះ​ទៅ​​ឆ្នាំ​២០២៣​ឲ្យ​មាន​ប្រសិទ្ធភាព។ ​យើង​សម្រេច​ថា​ យើង​មិន​ទាន់​ដាក់​​បញ្ចូល​កីឡា​ជា​ក្រុម​ទៅ​ Asian Games ទេ​»។

ក្រុម​បាល់ទាត់កម្ពុជា​

តំណាង​ស្ថាប័ន​កីឡា​កំពូល​រូប​នេះ​បន្ត​ថា ៖«យើង​ឃើញ​ថា​ ថ្វី​បើ​បាល់ទាត់​មាន​ការ​រីក​ចម្រើន មាន​ប្រជា​ប្រិយភាព​ តែ​ក្នុង​កម្រិត​អាស៊ី​ យើង​មិន​​ធ្លាប់​បាន​ចូល​រួម​ទេ។ យើង​មើល​ឃើញ​ថា​ ​បើ​និយាយ​បច្ចេកទេស​របស់​យើង​​វិញ​ចូល​កម្រិត​អាស៊ី​ក៏​មាន​ការ​ពិបាក។ Asian Games គេ​ដាក់​​ក្រុម​ធំ​ ​តែ​​​បើ​កម្រិត​យុវជន​ យើង​នឹង​បញ្ជូន​»។

ឯក​ឧត្តម​ វ៉ាត់ ចំរើន ​​ប្រាប់​ថា​ រហូត​ដល់​ពេល​នេះ​ កម្ពុជា​បាន​សម្រេច​បញ្ជូន​កីឡា​ចំនួន​១៣​ប្រភេទ​ដែល​​មាន​​​​​គណៈ​ប្រតិភូ​ និង​​អត្តពលិក​ចំនួន​៧១​នាក់​នឹង​​ទៅ​ចូល​រួម​ប្រកួត។ កីឡា​ទាំង​១៣​ប្រភេទ​​នោះ​ជា​​លក្ខណៈ​ឯកត្តជន​ដែល​មាន​សក្ដានុពល​​ បន្ទាប់​ពី​ប្រជុំ​ពិភាក្សា​ជា​ច្រើន​​លើក​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ទើប​បាន​សម្រេច​យក។

វីដេអូ​ការ​លើក​ឡើង​របស់ឯកឧត្តម វ៉ាត់ ចំរើន​

ឯក​ឧត្តម​​​​បន្ត​ថា ​ប្រភេទ​កីឡា​​លក្ខណៈ​ឯកត្តជន​ទាំង​នោះ​មាន​កម្រិត​គុណភាព​ បច្ចេកទេស​ ដែល​អាច​ប្រកួត​ប្រជែង​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ី។ ក្នុង​ចំណោម​កីឡា​ទាំង​​នោះ​ក៏​មាន​កីឡា​មួយ​ចំនួន​ដែល​រំពឹង​ថា​អាច​រក​​មេដាយ​​បាន​​ដូច​ជា​ តេក្វាន់ដូ​​ដែល​មាន​វីរនារី ស៊ន សៀវម៉ី​ កីឡា​ Jet Ski ​មាន​កីឡាករ​ល្អ​ៗ​ និង​កីឡា​ Jujitsu ​​មាន​កីឡា​ការិនី​កូន​ខ្មែរ​មក​ពី​​អាមេរិក។ កីឡា​ទាំង​នេះ​អាច​មាន​លទ្ធភាព​រក​បាន​មេដាយ។​ កីឡា​ផ្សេង​ទៀត​ដូច​ជា​ ចំបាប់​ កាយសម្ព័ន្ធ​ ហែល​ទឹក​ អត្តពលកម្ម​ យូដូ​ ទូក​កានូ ទូក​ក្តោង​ ការ៉ាតេ​។

ផ្អែក​តាម​​លទ្ធផល​ចាប់​ឆ្នោត​បង្ហាញ​ថា ប្រភេទ​កីឡា​បាល់ទាត់​​ក្នុង​ព្រឹត្តិការណ៍​ទ្វីប​អាស៊ី​​រហូត​ដល់​ពេល​នេះ​មាន​ប្រទេស​ចំនួន​២៤​បាន​បញ្ជូន​ និង​ចាប់​ឆ្នោត​​រួច​រាល់​ហើយ។ ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ឥណ្ឌូណេស៊ី ឡាវ​ ថៃ​ ទីម័រ​ខាង​កើត​ វៀតណាម​ ម៉ាឡេស៊ី​ និង​មីយ៉ាន់ម៉ា។ ចំណែក​កម្ពុជា​ សិង្ហបុរី​ ប្រ៊ុយណេ និង​ហ្វីលីពីន​មិន​​បាន​បញ្ជូន​ចូល​រួម​ទេ។

កីឡា Asian Games ឆ្នាំ​២០១៨​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ត្រូវ​បាន​ដាក់​កីឡា​ចំនួន​៤០​ប្រភេទ​​ដែល​សរុប​​វិញ្ញាសា​ទាំង​អស់​ចំនួន​៤៦២​​ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨៕

ក្រុម U22 កម្ពុជា​ពេល​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០១៧
ក្រុម​បាល់ទះ​កម្ពុជា​ពេល​ទៅ​ស៊ីហ្គេម​២០១៧
ក្រុម​បាល់បោះ​កម្ពុជា​ទៅ​ស៊ីហ្គេម​២០១៧
ក្រុម​តេក្វាន់ដូ​កម្ពុជា​ពេល​ទៅ​ស៊ីហ្គេម​២០១៧
តារាង​ចាប់​ឆ្នោត​តាម​ពូល​នៃ​​កីឡា​បាល់ទាត់​នៅ​ Asian Games
  • អត្ថបទ​ជា​ច្រើន​ពាក់​ព័ន្ធ​ សូម​ចុច​អាន៖ Asian Games

  • អត្ថបទ​ជា​ច្រើន​អំពី​កឡា​ស៊ីហ្គេម សូម​ចុច​អាន៖ SEA Games


អត្ថបទ៖ ជាន ចាន់រ៉ា