ផលិតករ ឧត្តម វិវឌ្ឍន៍ ពោលសរសើររឿង "បាតដៃខ្មៅ" មិនដាច់ពីមាត់

  • 2018-07-11 10:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្នុងនាមជាផលិតករ ក៏ដូចជាអ្នកដឹកនាំរឿងដូចគ្នា លោក ឧត្តម វិវឌ្ឍន៍ មានការកោតសរសើរលើស្នាដៃភាពយន្តរឿង "បាតដៃខ្មៅ" ដឹកនាំដោយលោក មាស រស្មី ហើយថែមពោលសរសើរមិនដាច់ពីមាត់ពីគុណភាពសាច់រឿង ការសម្តែង និងការផលិតដែលប្រើប្រាស់ដើមទុនតិចជាងការស្មាន។

រូបក្រៅឆាក រឿង «បាតដៃខ្មៅ»

លោក ឧត្តម វិវឌ្ឍន៍ ជាផលិតករភាពយន្ត និងអ្នកដឹកនាំរឿង "នំប៉័ងសុបិនស្នេហ៍" ដែលទទួលបានការទស្សនាច្រើនជាងគេក្នុងឆ្នាំ ២០១៧កន្លងទៅ លើកឡើងក្នុងបទសម្ភាសខ្លីជាមួយ Sabay ថា៖ "យើងកុំនិយាយរឿងខ្វះខាតក្នុងការផលិតភាពយន្ត វាតែងតែមានហើយ សំខាន់រឿង បាតដៃខ្មៅពិតជារឿងខ្មែរលើរោងកុនមួយដែលអ្នកនឹកស្មានមិនដល់មិនខាន"។

ផលិតករខាងលើបន្តថា ភាពយន្តខ្មែរមិនច្រើនទេដែលព្យាយាមយកចំណុចថ្មីមកបង្ហាញ ពិសេសការផ្តល់ឱកាសសម្រាប់តួសម្តែងថ្មី ដែលរូបលោកធ្លាប់មានបទពិសោធន៍ដឹកនាំសម្តែង​ជាច្រើនដងមកឃើញថា តួសម្តែងថ្មីៗ ក្នុងរឿង "បាតដៃខ្មៅ" មានទេពកោសល្យ និងសម្តែងមានលក្ខណៈធម្មជាតិ មិនដូចអានអត្ថបទកុន ឬសម្តែងដូចល្ខោនទេ។

លោក ឧត្តម វិវឌ្ឍន៍

លក្ខណៈពិសេសរបស់រឿង "បាតដៃខ្មៅ" មួយទៀត ដែលធ្វើឱ្យរូបលោកកាន់តែកោតសរសើរនោះ គឺការ Twist សាច់រឿង ដែលធ្វើឱ្យអ្នកទស្សនាមិនអាចទស្សទាយមុនបាន ចំណុចនេះលោក ឧត្តម វិវឌ្ឍន៍ បញ្ជាក់ថាជាចំណុចចងចាំរបស់សាច់រឿង និងផ្តល់តម្លៃអប់រំ លាយនឹងផ្ទាំងទស្សនីយភាពប្លែកភ្នែក ដែលរូបលោកផ្ទាល់ចូលចិត្ត ហើយទៅទស្សនា ៣ ដងហើយតាំងពីចាប់ផ្តើមបញ្ចាំង លើរោងភាពយន្តមក៕

ចង់ដឹងច្បាស់ថា លោក ឧត្តម វិវឌ្ឍន៍ និយាយអ្វីខ្លះពីរឿង «បាតដៃខ្មៅ» តោះទស្សនាបទសម្ភាសខ្លីខាងក្រោមទាំងអស់គ្នា៖


អត្ថបទ៖ Sunny