Lloris រំលឹក​ការ​ឈឺ​ចាប់​កាល​ពី​ Euro ២០១៦ ក្រោយ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup

  • 2018-07-11 12:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ កីឡាករ Hugo Lloris បាន​រំលឹក​ពី​ការ​ចាញ់​របស់​បារាំង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Euro កាល​ពី​ ២ ឆ្នាំ​មុន ហើយ​អំពាវនាវ​ឲ្យ​មិត្ត​រួម​ក្រុម "បន្ត​យក​ចិត្ត​ទុក​ដាក់"។

Lloris បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ថ្ងៃ​នេះ៖ "វា​គឺ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ហើយ ដែល​យើង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ប៉ុន្តែ​យើង​ធ្លាប់​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ហើយ​កាល​ពី​ ២ ឆ្នាំ​មុន ដូច្នេះ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន"។

អ្នក​ចាំ​ទី Tottenham Hotspur បាន​បន្ត៖ "ការ​ជឿ​ជាក់​គឺ​ជា​រឿង​សំខាន់។ ក្នុង​ក្រុម​ជម្រើស​ជាតិ កម្រិត​នៃ​ការ​ជឿ​ជាក់ គឺ​មាន​សភាព​ខ្លាំង​ណាស់។ យើង​នៅ​លេង​មួយ​ប្រកួត​ទៀត​ក្នុង​កម្មវិធី ហើយ​ប្រកួត​ហ្នឹង​សំខាន់​ណាស់ ក្នុង​អាជីព​របស់​យើង"។

Lloris បាន​បន្ត​ថា មាន​កីឡាករ​ក្មេងៗ​ជា​ច្រើន​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង​បច្ចុប្បន្ន ដែល​មិន​បាន​ចូល​រួម​លេង​ក្នុង Euro ២០១៦។ ចំពោះ​កីឡាករ​ដែល​បាន​ចូល​រួម​លេង​កាល​នោះ Lloris បាន​លើក​ឡើង​ថា អាច​ប្រើ​ប្រាស់​បទ​ពិសោធន៍​ក្នុង​ផ្លូវ​វិជ្ជមានរបស់ខ្លួនដើម្បីធ្វើការ ណែនាំ​ដល់​កីឡាករ​ក្មេងៗ​ក្នុង​ក្រុម​ទាំង​នោះ។

គួរ​រំលឹក​ផង​ដែរ កាល​ពី Euro ២០១៦ ក្នុង​ដី​ខ្លួន​ឯង បារាំង​បាន​ចាញ់​ព័រទុយហ្គាល់​ក្នុង​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​យប់​រំលង​អាធ្រាត្រ​ម្សិលមិញ បារាំង​បាន​យក​ឈ្នះ​បែលហ្សិក​ក្នុង​លទ្ធផល ១ ទល់​នឹង ០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ លទ្ធផល​នេះ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​កំពុង​អ៊ុត​មើល​ថា តើ​អង់គ្លេស ឬ​ក្រូអាត​ដែល​នឹង​ត្រូវ​ប្រកួត​ជាមួយ​ខ្លួន៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី