​មក​ដឹង​​ចំនួន​​ក្រុមហ៊ុន​​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ​​នៅ​​​ខេត្ត​មណ្ឌល​គិរី

  • 2018-07-12 04:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

​មណ្ឌល​គិរី​គឺជា​ខេត្ត​មួយ ដែល​មាន​សក្ដានុពល​ច្រើនយ៉ាង​​ទាំង​សម្បត្តិ​ធម្មជាតិ​លើ​ដី​ និង​ក្នុង​ដី​។ នៅ​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​ ខេត្ត​មណ្ឌល​គិរី​បាន​ទាក់ទាញ​​​នូវ​គម្រោង​វិនិយោគ​ជាច្រើន​ទាំង​ការ​វិនិយោគ​លើ​ដំណាំ​កសិ​ឧស្សាហកម្ម និង​​​ក្រុមហ៊ុន​រក​ធនធាន​រ៉ែ​ ជាច្រើន​។ តើ​មាន​ក្រុម​ហ៊ុន​រ៉ែ​ប៉ុន្មាន​​កំពុង​វិនិយោគ​នៅ​ខេត្ត​មណ្ឌល​គិរី?

  ​​មាន​ក្រុម​ហ៊ុន​រុក​រក​ធនធាន​រ៉ែ​​​ចំនួន​សរុប​ ២៩​ក្រុមហ៊ុន និង​អាជីវកម្ម​ ស្មើនឹង​ ៣​៣ អាជ្ញាប័ណ្ណ​ក្នុង​នោះមាន​សុពល​ភាព​ចំនួន​ ២៧​អាជ្ញាប័ណ្ណ និង​ផុត​សុពលភាព​ចំនួន​៦​អាជ្ញាប័ណ្ណ។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​មណ្ឌល​​គិរី​ប្រចាំ​ឆ្នាំ​២០១៧។ ​ក្នុង​នោះ​ក្រុមហ៊ុន​ស្វែងរក​រ៉ែ​លោហៈ (រ៉ែ​មាស) ចំនួន​ ៥ ក្រុមហ៊ុន​ ស្មើ​នឹង ​៦​អាជ្ញាប័ណ្ណ ​ក្រុម​ហ៊ុន​រ៉ែ​បុកស៊ីត ៣​ក្រុមហ៊ុន​ ស្មើនឹង​ ៣​អាជ្ញាប័ណ្ណ អាជីវកម្ម​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​ចំនួន​១​ក្រុមហ៊ុន ស្មើនឹង​មួយ​អាជ្ញាប័ណ្ណ។ អាជីវកម្ម​រ៉ែ​មាស​ខ្នាត​តូច​ចំនួន​ ១៩​អាជីវកម្ម​ ស្មើ​នឹង​២២ អាជ្ញាប័ណ្ណ។

  ​ទោះ​យ៉ាង​ណា​ឯកឧត្ដម​​ ស្វាយ​ សំអ៊ាង អភិបាលខេត្ត​មណ្ឌល​គិរី​​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ឆ្នាំ​២០១៨ នេះ​​មាន​​ក្រុម​ហ៊ុន​រ៉ែ​មាស​ពីរ​ប៉ុណ្ណោះ​​​​កំពុង​ធ្វើ​អាជីវកម្ម និង​មាន​ក្រុម​ហ៊ុន​ចំនួន​ពីរ​ទៀត​កំពុង​ធ្វើ​ការ​សិក្សា​​​រុក​រ៉ែ បុក​ស៊ីត​។ ឯកឧត្ដម​​ថា នេះ​គឺជា​សក្ដានុពល​មួយ​​របស់​ខេត្ត​មណ្ឌល​គិរី​​ក្រៅ​ពី​ការ​វិនិយោគ​​លើ​​​ផ្នែក​កសិ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍ គឺ​មាន​ផ្នែក​ធនធាន​រ៉ែ ដែល​អាច​គៀង​គរ ​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​​ផង​ដែរ។ “​អញ្ចឹង​ចំពោះ​ក្រុមហ៊ុន​សិក្សា​រុក​រក​រ៉ែ​បុក​ស៊ីត​នៅ​ពេល​ខាង​មុខ ​​បើ​សិន​ជា​រ៉ែ​នេះ​មាន​បរិមាណ​​គ្រប់គ្រាន់​ គេ​នឹង​ស្នើ​សុំ​ធ្វើ​អាជីវកម្ម​​ទៅ​តាម​ច្បាប់​របស់​ប្រទេស​យើង​ អាហ្នឹង​! ខ្ញុំ​ថា​វា​ជំរុញ​​ចំណូល​សេដ្ឋកិច្ច​ជាតិ។ប៉ុន្តែ​សុំ​ថា​ឱ្យ​ក្រុម​ហ៊ុន​​គាត់​មាន​បំណង​វិនិយោគ​ពិត​ប្រាកដ​​ជៀសវាង ដែល​​គាត់​ធ្វើ​អ្វី​ដែល​បម្រើ​ឱ្យ​ក្រុមហ៊ុន​​គាត់​​ វា​អត់​បម្រើ​ផល​ប្រយោជន៍​ជាតិ​ អា​ហ្នឹង! ក៏​​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូលជាតិ​ដែរ​​”។

  ឯកឧត្ដម​បាន​អំពាវនាវ​ដល់​អ្នកវិនិយោគទុន​ជាតិ​ និង​អន្តរ​ជាតិ​មក​បណ្ដាក់​ទុន​នៅ​​កម្ពុជា​ក៏ដូចជា​ខេត្ត​មណ្ឌល​គិរី​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ជាពិសេស​ផ្នែក​ដំណាំ​កសិឧស្សាហកម្ម​ និង​ធនធាន​រ៉ែ​ ដើម្បី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​​ បង្កើត​ឱកាស​ការងារ​ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​។

  វិល​មក​​​ការ​​ងារ​គ្រប់​គ្រង​ក្រុម​ហ៊ុន​ធ្វើ​​អាជីវកម្ម​ធនធាន​រ៉ែ​​នៅ​ក្នុង​ខេត្ត​វិញ​ ​​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​មណ្ឌល​​គិរី​ បាន​​លំអិត​ពី​ការ​សកម្ម​ភាព​ចុះ​​ពិនិត្យ​ទីតាំង​​សហគ្រាស​ធ្វើ​អាជីវកម្ម​រ៉ែ​​មាស​ ការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ ​​ការ​ចុះ​ស្រង់​ស្ថិតិ​ ការ​ដក​ហូត​អាជ្ញាប័ណ្ណ​​អាជីវកម្ម​រ៉ែ​មាស​ ដែល​មិន​គោរព​​តាម​ការ​ណែនាំ​របស់​ក្រសួង​ ការ​ប្រមូល​សួយ​សារ​លើ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទ្រង់ទ្រាយ​តូច និង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​​ធនធាន​រ៉ែ​​ដល់​ប្រជាពលរដ្ឋ​ជាដើម៕   ​  ​


អត្ថបទ៖ សុផល