ចាន់​ សម័យ​ ភរិយា និងកូនៗ រៀប​រាប់​ជីវិត​រស់​ក្នុង​ភាព​លំ​បាក​ជាង​១០​ឆ្នាំទាំងអួល​ដើម ក (វីដេអូ)

  • 2018-07-13 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ចាន់​ សម័យ​ បាន​ប្រាប់​ថា អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​គ្រួសារ​លោក​រស់​នៅ​ក្នុង​ជីវភាព​ក្រ​ដុន​ដាប រស់​ដោយ​សារ​ខ្ចី​ប្រាក់​គេ ជួន​កាល​មិត្តភ័ក្ដិ​គេ​អាណិត​ គេ​ជួយ​ជា​ប្រាក់​បន្តិច​បន្តួច និង​ពេល​ណា​មាន​កម្មវិធី​បុណ្យ​ ​ឬ​រៀប​ការ​​តាម​ខេត្ត លោក​ចេញ​ច្រៀង​ម្ដង​ម្កាល​គ្រាន់​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។​

មួយ​រយៈ​ចុង​ក្រោយ​នេះ ជំ​ងឺ​របស់​លោក​កាន់​តែ​ធ្វើ​ទុក្ខ​ខ្លាំង​ រហូត​ឈរ​មិន​បាន​យូរ​ ម្ល៉ោះ​ហើយ​គ្រួសារ​ទាំង​មូល​រស់​ដោយសារ​ការ​ស្ទូច​ត្រី​ពី​ទន្លេ ហើយ​ពេល​ណា​ស្ទូច​មិន​បាន កូន​ប្រពន្ធ​របស់​លោក​មិន​មាន​អាហារ​ហូប​នោះ​ឡើយ។ ប្រពន្ធ​ និង​កូន​របស់​លោក​ បារម្ភ​ខ្លាំង​ណាស់ ព្រោះ​កម្លាំង​លោក ចាន់ សម័យ​ កាន់​តែ​ចុះ​ខ្សោយ សូម្បី​ចូល​បន្ទប់​ទឹក​ ឬ​ផ្លាស់​សម្លៀកបំពាក់ ក៏​ប្រពន្ធ​លោក​ជួយ​គ្រាហ៍ដែរ។

​​ប្រពន្ធ​លោក​ ចាន់ សម័យ​ បញ្ជាក់​ថា តាម​ពិត​លោក​មាន​ជំងឺ​របេង​ឆ្អឹង​នេះ​តាំង​ពី​អាយុ១៤​ឆ្នាំ​មក​ម្ល៉េះ តែ​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​ប្រហែល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​ពេទ្យ​ប្រាប់​ថា បើ​បន្ត​ទុក​លោក​អាច​នឹង​ត្រូវ​ពិការ​ជើង​ទាំង​២តែ​ម្ដង។ ​​

ម្ចាស់​បទ​" សុំ​មេ​មាន់​មួយ​"​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​តូច​ចង្អៀត ពេល​ភ្លៀង​មក​ម្ដង​ៗ ខូច​ខាត​របស់​ទ្រព្យ និង​មិន​អាច​សម្រាក​បាន​នោះ​ទេ។ ​​ដោយសារ​តែ​បែប​នេះ មិត្ត​ភ័ក្កិ​ជិត​ស្និទ្ធ​របស់​លោក​មួយ​ចំនួន​ ជំរុញ​ឲ្យ​លោក​លាត​ត្រដាង​ការពិត​ដើម្បី​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន តែ​លោក ចាន់ សម័យ​ ពុំ​ព្រម​នោះ​ទេ និង​ថែម​ទាំង​ផ្តាំ​ឲ្យ​គេ​ជួយ​លាក់​រឿង​នេះ​ផង។ តែ​ដោយ​មិន​អាច​ទ្រាំ​មើល​នឹង​ភ្នែក ត​ទៅ​ទៀត ទើប​មិត្ត​ជិត​ស្និទ្ធ​លោក​ម្នាក់បង្ហោះ​រូប​លោក​ស្ទូច​ត្រី​តាម​មាត់​​ទន្លេ​ឲ្យ​មហាជន​បាន​ដឹង ធ្វើ​ឲ្យ​ទស្សនិកជន​ជន​ភ្ញាក់​ផ្អើល​ មិន​នឹក​ស្មាន​ថា តារា​ចម្រៀង​ល្បី​រូប​នេះ ធ្លាក់​ខ្លួន​ក្នុង​ស្ថាន​ភាព​បែប​នេះ​ទៅ​វិញ។

លោក​ ចាន់ សម័យ​ សុំ​បដិសេធ​ទាំង​ស្រុង​នូវ​ដំ​ណឹង​ដែលថា លោក​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​វក់​នឹង​ល្បែង ទាំង​​ការពិត​​ ​​លោក​រក​ស៊ី​ខាត​អស់​ដើម​អស់​ចុង ​គួប​ផ្សំ​នឹង​ជំ​ងឺ​ផង ទើប​ធ្លាក់​មក​ដល់​ស្ថាន​ភាព​បែប​នេះ។​​

ផ្ទះជួល​របស់​លោក​ ចាន់ សម័យ

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

​​

អត្ថបទ៖ លឹម សុនា