រូបភាព​ថ្មី​ពី​កញ្ចុំផ្កាយ ថត​ពិតៗ​ដោយតេឡេទស្សន៍ ស្អា​តហួស​ស្មាន

  • 2018-07-12 10:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តេឡេទស្សន៍​ដ៏​ធំ Very Large Telescope (VLT) របស់​ប្រទេសឈីលី ទើប​តែ​បាន​បំពាក់​ឧបករណ៍​អុបទិក​ស៊េរី​ថ្មី ដែល​អា​ច​ឲ្យ​វា​ចាប់​យក​រូប​ភាព​នានា​នៅ​ក្នុង​ចក្រវាឡ​បាន​យ៉ាង​ល្អផុត​តេឡេ​ទស្សន៍​ដទៃ​ទៀត ដែល​មាន​នៅ​លើ​ផែន​ដី​យើង​នេះ។

ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ VLT បាន​ចាប់​យក​កញ្ចុំ​ផ្កាយ​មាន​ឈ្មោះ​ថា RCW 38 ដែល​មាន​ចម្ងាយ​ប្រមាណ ៥ ៥០០ ឆ្នាំ​ពន្លឺ ពី​ផែន​ដី​យើង​នេះ។ ដោយ​​មាន​ជំនួួយ​ពី​ឧបករណ៍ High Acuity Wide-field K-band Imager (HAWK-I) និង​ឧបករណ៍ "Adaptive Optics" ឈ្មោះ​ថា GRAAL នោះ VLT បាន​ចាប់​យក​រូប​ភាព​ដ៏​ស្រស់​ស្អាតនៃ​កញ្ចុំ​ផ្កាយ RCW 38 ដែល​មានធូលី​អវកាសពណ៌​ក្រហម រំលេច​លាយ​ជាមួយ​ពណ៌​ខៀវ ហើយ​តេឡេទស្សន៍​ធំ​ៗនានា មិន​ដែល​ចាប់​បាន​រូប​ភាព​ដ៏​ល្អ​នេះ​ឡើយ នា​ពេល​កន្លង​មក។ កន្លែង​ដែល VLT ចាប់​យក​រូបភាព​ពី​ក្នុង​អវកាស​នោះ ជា​កន្លែង​ដែល​ផ្កាយ​ថ្មី​ៗ ទើប​នឹង​ចាប់​កំណើត​ផង​ដែរ។

កញ្ចុំផ្កាយ RCW 38 ថត​ដោយ HAWK-I

នៅ​ក្នុង​ដំណើរការ​ចាប់​យក​រូបភាព​នេះ HAWK-I មាន​សមត្ថភាពទំលុះ​ចូល​ទៅ​ក្នុង​អវកាស​បាន​ដោយ​ប្រើ​រលក​ចម្ងាយអុីនហ្រ្វា (Infrared Wavelenghts) ដែល​ត្រូវ​ឆ្លង​កាត់ ពពក ធូលី ឧស្ម័ន (ណេប៊ុយឡា) ដើម្បី​ចាប់​ទាញ​យក​រូបភាព​នេះ​ពី​លំហ​អវកាស។ ប៉ុន្តែ អ្វី​ដែល​ចាំ​បាច់​បំផុត​នោះ គឺ GRAAL ជា​ឧបករណ៍​បំបាត់​ភាព​ព្រាល​ក្នុងការ​ចាប់​យក​រូបភាព ដោយ​សារ​តែ​បរិយា​កាស​ផែន​ដី។ ដូច​នេះ GRAAL ជា​អ្នក​កំណត់ effect របស់​ស្រទាប់​បរិកាស ហើយ​កាត់​វា​ចោល ដើម្បីឲ្យ HAWK-I និង VLT ទទួល​បាន​រូបភាព​ដ៏​ពិត​ប្រាកដនៃ​កញ្ចុំផ្កាយ RCW 38 នេះ។

តាម​លទ្ធផល​ថ្មី​នេះ​ ហើយ​ប្រៀបធៀប​ទៅ​នឹង​រូប​ភាព​ដែល​ចាប់​ដោយ​តេឡេទស្សន៍ ESO VLT នា​ឆ្នាំ ២០០៩ នោះ VLT របស់​ប្រទេស ឈីលី​ ដែល​បាន​បំពាក់ HAWK-I និង GRAAL នេះ ពិត​ជា​មាន​ភាព​ខុស​ប្លែក​មែនទែន ដោយ​កាល​នោះ​វា​មាន​តែ​ពណ៌​ក្រហម ខ្មៅ និ​ង​ពន្លឺ​របស់​ផ្កាយ​តែ​ប៉ុណ្ណោះ​ ហើយ​រូប​ភាព​ទៀត​សោត​ក៏​មាន​ភាព​ព្រាល​ផង​ដែរ។

កញ្ចុំផ្កាយ RCW 38 ថត​នៅ​ឆ្នាំ​ ២០០៩

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ