ថ្មីចែស! គ្រូគីមីជើងចាស់ រំលឹកសិស្សរឿងសំខាន់៤​ បើមិនចង់ស្តាយក្រោយ ពេលប្រលងបាក់ឌុប

  • 2018-07-13 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាស្ត្រាចារ្យ​​មុខវិជ្ជា​គីមីវិទ្យា ដែល​មាន​បទពិសោធន៍​បង្រៀន​ជាង៣០ឆ្នាំ បាន​រំលឹក​​រឿង​សំខាន់​ទាំង​៤​ ដែល​សិស្ស​ត្រូវ​ត្រៀម កុំ​ឲ្យ​ស្ដាយ​ក្រោយ ខណៈ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ នៅ​ពេល​ខាង​មុខ​ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ នៅ​សម័យ​ប្រលង ២០ និង២១ ​សីហា ឆ្នាំ​២០១៨។

សិស្ស​ទាំង​អស់​ប្រាកដ​ណាស់ គឺ​ត្រៀម​រឿង​រៀន​សូត្រ ឬ​គន្លឹះ​នានា តែ​ក៏​កុំ​ធ្វេសប្រហែស​តែ​១ប៉ប្រិចភ្នែក នោះ​នឹង​ស្មើ​នឹង​គ្មាន​ឱកាស​ទៅ​ប្រលង​បាក់ឌុប ឬ​ប្រលង​ហើយ តែ​បន្សល់​នូវ​វិប្បដិសារី​។

លោក ងិន ណៃស៊ត គ្រូបង្រៀន​មុខវិជ្ជា​គីមីវិទ្យា នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ បាន​មាន​ប្រសាសន៍​ ប្រាប់ Sabay ថា នៅ​ពេល​ប្រលង​សិស្ស​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ចំណុច​សំខាន់​ទាំង​៤​នេះ ដើម្បី​ភាព​ជោគជ័យ។

១. ប្រុង​ប្រយ័ត្ន​រឿង​ចរាចរណ៍

ចំណុច​នេះ​សំខាន់​បំផុត​ លោក​គ្រូ ងិន ណៃស៊ត រំលឹក​សិស្ស​គ្រប់រូប មុន​ថ្ងៃ​ប្រលង ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ឬ​កាត់បន្ថយ​ការ​ធ្វើ​ដំណើរ​ណា​ដែល​មិន​ចាំ​បាច់។

ដូច​យើង​ធ្លាប់​ឃើញ​ហើយ កាល​ប្រលង​ឆ្នាំ​ចាស់ៗ​កន្លង​ទៅ គ្រោះ​ថ្នាក់​ចរាចរណ៍ ជា​ចៃដន់​កើត​មាន បាន​បង្អាក់​ដំណើរ និង​ឆក់​យក​អាយុ​សិស្ស​ដែល​ត្រៀម​មក​ប្រលង​បាក់​ឌុប ដែល​នេះ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​បំផុត។

លោកគ្រូ សង្កត់​ធ្ងន់​ថា មិនថា យើង​រៀន យើង​ត្រៀម​អ្វី​បាន​ល្អ​គ្រប់​យ៉ាង​នោះ​ទេ បើ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ហើយ គឺ​ពិតជា​សោក​ស្ដាយ ព្រោះ​យើង​សុទ្ធ​តែ​ដឹង​ថា វា​ជា​រឿង​ចៃដន់​មែន ប៉ុន្តែ​ត្រូវ​ចាំ​ថា យើង​សុទ្ធ​តែ​អាច​បង្ការ​បាន ពិសេស​គឺ​មិន​ប្រើ​ត្រូវ​សេព​គ្រឿងស្រវឹង​ដាច់ខាត និង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​នានា​ដែល​មិន​ចាំ​បាច់។

២. មើល​សំណួរ​ឲ្យ​យល់​ច្បាស់​មុន ចាប់​ផ្ដើម​សរសេរ

ក្នុង​ថ្ងៃ​ប្រលង មិន​ថា​កូន​សិស្ស​ពូកែ​ប៉ុណ្ណា​ក៏​ដោយ ត្រូវ​មើល​ប្រធាន​លំហាត់ ឬ​សំណួរ​ ២ ទៅ ៣ដង​ឲ្យ​យល់​ច្បាស់​សិន មុន​ចាប់​ប៊ិច​សរេសរ។ លោកគ្រូ​បង្រៀន​គីមីវិទ្យា​ខាងលើ បញ្ជាក់​ថា លំហាត់​គីមី​ខ្លះ កូន​សិស្ស​អាច​ច្រឡំ ព្រោះ​មើល​វិញ្ញាសា​មិន​ច្បាស់​ រួច​ក៏​ចាប់​ផ្ដើម​ដោះស្រាយ​លំហាត់​ទាំង​ប្រឡំ ដូច្នេះ​ជា​លទ្ធផល​គឺ​ខុស។

នោះ​ជា​ចំណុច​គ្រោះថ្នាក់ ព្រោះ​បើ​ប៉ះ​ចំ​លំហាត់ ឬ​សំណួរ​ដែល​បាន​ពិន្ទុ​ច្រើន។

៣. រៀបចំ​របៀប​សរសេរ

ចំពោះ​លំហាត់​គីមី គឺ​មាន​លក្ខណៈ​ពិបាក​មួយ​ក្នុង​ចំណោម​មុខវិជ្ជា​ដទៃ ដែល​មាន​ប្រើ​លេខ និង​​រូបមន្ត​ច្រើន។ ដូច្នេះ ចាំបាច់​សិស្ស​ត្រូវ​ចាប់​អារម្មណ៍ ពី​របៀប​សរសេរ ព្រោះ​ប្រសិន​បើ​ចម្លើយ​លំហាត់​​ខ្ជីខ្ជា សរសេរ​គ្មាន​សណ្ដាប់​ធ្នាប់ ធ្វើឲ្យ​អ្នក​កែ​ពិបាក ឬ​អាច​និយាយ​បាន​ថា គ្មាន​ភាព​រៀបរយ ក្នុង​កិច្ចការ ឬ​បង្ហាញ​ពី​ភាព​មិន​ទាក់ទាញ។

ខាង​ក្រោម​នេះ ជា​ឧទាហរណ៍ នៃ​ការ​សរសេរ​មាន​របៀប និង​ការ​សរសេរ​គ្មាន​របៀប ក្នុង​លំហាត់ PH ដែល​សរសេរ​ដោយ លោកគ្រូ ងិន ណៃស៊ត។

៤. ពេល​ធ្វើ​កិច្ចការ​រួច តែ​សល់​ម៉ោង

មែន​ទែន​ទៅ កាល​បើ​ធ្វើ​កិច្ចការ​ហើយ សល់​ម៉ោង សិស្ស​ភាគ​ច្រើន​សប្បាយចិត្ត និង​ដើរ ចង់​ចេញ​មក​ក្រៅ​មុន​ម៉ោង។ លោក​គ្រូ​គីមី មាន​បទពិសោធន៍​បង្រៀន​ជើង​ចាស់​រូប​នេះ បញ្ជាក់​ថា មិនថា​ជា​សិស្ស​ដែល​រៀន​មាន​កម្រិត​មធ្យម​ និង​សិស្ស​ពូកែ​យ៉ាង​ណា​ទេ សូម​ចាំ​ថា បើ​ទោះ​ជា​អាច​ធ្វើ​វិញ្ញាសា​រួច​សល់​ម៉ោង​ក៏ដោយ សូម​កុំ​ចេញ​មុន​ម៉ោង​ភ្លាមៗ​ឲ្យសោះ។

ត្រូវ​ចំណាយ​ពេល មើល​ក្រដាស​វិញ្ញាសា​ចុះ​ឡើង​ៗ ឬ​មើល​ថា​តើ​បាន​បំពេញ​ឈ្មោះ ឬ​លេខ​តុ​ ឬនៅ ជា​ដើម? ​

ចំណុច​នេះ គឺ​លោក​គ្រូ​ចង់​រំលឹក​ហើយ​ៗ​ទៀត​ថា តែ​ប្រញាប់​ហុច​វិញ្ញាសា​ឲ្យ​គ្រូ​ហើយ រួច​ដើរ​ចេញ​ រួច​មាន​អ្វី​ចង់​កែកុន​លើ​វិញ្ញាសា ថែម​ថយ ឬ​ទើប​ដឹង​ថា​បាន​ធ្វើ​ខុស​ចំណុច​ណា ចង់​កែ​វិញ គឺ​ចប់​ហើយ មានន័យ​ថា​គ្មាន​ផ្លូវ​បក​ក្រោយ​វិញ​ទេ។

អត្ថបទ៖ ពៅ រក្សា