​LG ដណ្ដើម​បាន​អេក្រង់​ OLED រាប់លាន​ផ្ទាំង​ពី​ Samsung

  • 2018-07-13 09:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ទើប​ចេញ​ផ្សាយ​ថ្មី​ចុង​ក្រោយ បាន​បង្ហាញ​លម្អិត​ទាក់ទង​នឹង​ការ​បញ្ជាក់​​កាល​ពី​ដើម​ឆ្នាំ​ថា​ LG ក៏​មាន​ជាប់​ទាក់ទង​នឹង​ការ​ផលិត​អេក្រង់​ OLED សម្រាប់​បំពាក់​លើ​ iPhone ​ដែល​ចេញ​ឆ្នាំ​ ២០១៨ ដែរ។

រូបរាងគំរូ iPhone X (2018) និង iPhone X Plus

​ដំណឹង​ថ្មី​ចុង​ក្រោយ​បាន​អះអាង​ថា​ LG នឹង​ផ្គត់ផ្គង់​អេក្រង់​ OLED ​ប្រមាណ​ ៣ ទៅ ៤ លាន​ផ្ទាំង ទៅ​ឲ្យ​ Apple នៅ​អំឡុង​ចុង​ឆ្នាំ​ ២០១៨ នេះ។ បន្ថែម​ពី​នេះ​ក៏​មាន​ការ​បញ្ជាក់​ថា​អេក្រង់​ OLED ទាំង​នេះ​គឺ​សម្រាប់​ iPhone X Plus ដែល​មាន​អេក្រង់​ទំហំ​ ៦,៥ អ៊ីញ។ នៅ​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​ LG ក៏​ទំនង​ជា​នឹង​ផ្គត់ផ្គង់​ OLED ទៅ​ឲ្យ​ Apple ក្នុង​បរិមាណ​ច្រើន​បន្ថែម​ទៀត​ដែរ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​ដុត​ដៃ​ដុត​ជើង​បង្កើន​ចំនួន​ផលិត​របស់​ខ្លួន។

ក្រៅ​ពី​ផ្គត់ផ្គង់​អេក្រង់​ OLED ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​នេះ​​ទំនង​ជា​នឹង​ផ្គត់ផ្គង់​អេក្រង់​ LCD ប្រមាណ​ ២០ លាន​ផ្ទាំង​​ដល់​ Apple សម្រាប់​បំពាក់​លើ​ iPhone អេក្រង់​ទំហំ​ ៦,១ អ៊ីញ​ ដែល​ចេញ​ឆ្នាំ ២០១៨ នេះ​ដែរ។

ក្រៅ​ពី​ LG អេក្រង់​ LCD ​សម្រាប់​ iPhone ឆ្នាំ​ ២០១៨ ក៏​នឹង​ត្រូវ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Japan Display ផង​ដែរ ខណៈ​ Samsung នៅតែជា​អ្នក​ផ្គត់ផ្គង់​អេក្រង់​ OLED យ៉ាង​ច្រើន​សម្បើម​​ឲ្យ​ Apple ​ប្រើ​លើ​ iPhone ឆ្នាំ ២០១៨៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង