រកឃើញកន្លែងញ៉ាំអីបែបធម្មជាតិសុទ្ធគ្មានគីមី ៣កន្លែង ទេសភាពស្អាតកប់ហើយថោកទៀត

  • 2018-07-14 03:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលទំនេរពីការងារ និងការសិក្សាមនុស្សម្នាក់ៗតែងរៀបចំគម្រោងដើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា នៅតាមបណ្ដាខេត្តនានា។ ប្រសិនបើប្រិយមិត្តមានឱកាសទៅកម្សាន្តនៅតាមបណ្ដាខេត្តដូចខាងក្រោមនេះ កុំភ្លេចឆៀងចូលភ្លក់ម្ហូបអាហារបែបស្រុកស្រែ បន្លែធម្មជាតិគ្មានគីមីដូចខាងក្រោមនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំង​មានទេសភាពដ៏ស្រស់បំព្រងទៀតផង។

១. ភោជនីយដ្ឋានគ្រួសាររីករាយដាំបន្លែខ្លួនឯងធ្វើម្ហូបជូនភ្ញៀវ

ប្រិយ​មិត្ត​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៦ កាត់​តាម​ខេត្ត​កំពង់​ធំ​ ត្រង់​ចំណុច​ថ្នល់​បំបែក ក្នុង​សង្កាត់​អាចារ្យ​លក្ខ​ ក្រុង​ស្ទឹង​សែន កម្រ​រំលង​ភោជនីយដ្ឋាន គ្រួសារ​រីក​រាយ​ណាស់ ព្រោះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ខ្យល់​អាកាស​បរិសុទ្ធ ហ៊ុម​ព័ទ្ធ​ដោយ​បន្លែ​ចម្រុះ​ពណ៌​បៃតង​ខ្ចី ភោជនីយដ្ឋាន​គ្រួសារ​រីក​រាយ​ចាប់​ផ្ដើម​ដំណើរ​ជាង​១០​ឆ្នាំ​មក​ហើយ និង​មាន​ភ្ញៀវ​ចេញ​ចូល​មិន​ដាច់ ព្រោះ​ជាប់​ចិត្ត​នឹង​សម្ល​ខ្មែរ គ្រប់​មុខ​ជា​ពិសេស​បន្លែ​គ្មាន​ជាតិ​គីមី​តែ​ម្ដង។

ម៉ូលីកា ជា​កូន​ស្រី​ម្ចាស់​ភោជនីយដ្ឋាន​នេះ ប្រាប់​ក្រុម​ការងារ​ Sabay ដែល​ទៅ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​នៅ​ទី​នោះ​ថា បន្លែ​ជា​ច្រើន​ប្រភេទ គឺ​ដាំ​ដោយ​គ្រួសារ​ផ្ទាល់ ប្រើ​ជី​ធម្មជាតិ ហើយ​អាច​ផ្គត់ផ្គង់​បាន​ស្ទើរ​ទាំង​ស្រុង (៩០%) នាំ​បន្លែ​មក​ពី​ទី​ផ្សារ​តិច​តួច​បំផុត។ បន្លែ​ទាំង​នោះ​មាន​ដូចជា៖ ត្រកួន ស្ពៃ​ខ្មៅ ស្ពៃ​តឿ ស្ពៃ​ចង្កឹះ ជី ស្បៃរឿង ប៉េង​ប៉ោះ ត្រប់​វែង ពោត​បារាំង ត្រសក់ ម្ទេស​។ល។

ម៉ូលីកា ប្រាប់​ទៀត​ថា ចំពោះ​មុខ​ម្ហូប​ដ៏​ពេញ​និយម​បំផុត សម្រាប់​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​ពិសា​នៅ​ទី​នោះ​មាន​ដូច​ជា៖ ​ទឹក​គ្រឿង​អន្លក់​ខ្ចី​ស្រស់ៗ សម្ល​កកូរ ត្រី​ស្រែ​អាំង​គ្រប់​ប្រភេទ ផ្អក ម្ជូរ​ស្រែ ម្ជូរ​គ្រឿង ម្ជូរ​ក្ដាត និង​សម្ល​ខ្មែរ​ជា​ច្រើន​មុខ​ទៀត។ ចំណែក​មាន់​វិញ លុះ​ត្រា​តែ​មាន់​ស្រែ​ទើប​លក់​ឲ្យ​ភ្ញៀវ បើ​មិន​មាន​ទេ គឺ​មិន​លក់​ឡើយ រង់​ចាំ​ទាល់​តែ​ទិញ​បាន​ពី​អ្នក​ស្រុក។ រី​​ឯ​តម្លៃ​វិញ​ចាប់​ពី​ ១​ម៉ឺន​២​ពាន់​រៀល​ឡើង​ទៅ អា​ស្រ័យ​លើ​មុខ​ម្ហូប។

ចង់​ញ៉ាំ​មាន់​ស្រែ​បន្លែ​ស្រស់ កុំ​ភ្លេចឆៀង​ចូល គ្រួសារ​រីករាយ។

២. អាហារដ្ឋាន​ចម្ការ​ត្រាវ

អាហារដ្ឋាន​ចម្ការ​ត្រាវ​ គឺ​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ចូលចិត្ត​ទេសភាព​បែប​ស្រុកស្រែ និង​ស្ងប់​ស្ងាត់។ រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​មួយ​នេះ កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ឲ្យ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ។ ក្រៅ​ពី​មាន​ទេស​ភាព​ដ៏​ស្រស់​បំព្រង មាន​ទាំង​វាល​ស្រែ ​ស្រះទឹក​ធំៗ​ដ៏​ថ្លា​ឈ្វេង​ព្រម​ទាំង​ផ្កាឈូក​កំពុង​រីក​ក្រពុំ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ជះ​ក្លិន​ក្រអូប​ប្រហើរ​នៃ​ក្លិន​ស្រូវ រុក្ខជាតិ​តូចធំ​ហើយ​នោះ គឺ​ម្ហូប​អាហារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។

បើ​តាម​ការ​រៀបរាប់​ពី លោក​ យ៉ាន វិវឌ្ឍន៍ ជា​ម្ចាស់​អភិវឌ្ឍ​រមណីដ្ឋាន​មួយ​នេះ ប្រាប់​ថា ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​ជា​ច្រើន​មុខ​ដូចជា​សម្ល​ម្ជូរ​ត្រាវ​កូន​ត្រី ម្ជូរ​ពង​ត្រី ម្ជូរ​ស្រុក​ស្រែ សម្ល​កកូរ ប្រហើរ ម្ជូរ​គ្រឿង ត្រីអាំងត្រី​បំពង មាន់អាំង មាន​ស្ងោ និង​ម្ហូប​ជាច្រើន​មុខ​ទៀត សុទ្ធ​តែ​បែប​ធម្មជាតិ​ទាំង​អស់​ដោយ​ទិញ​ពី​អ្នក​ភូមិ​ផ្ទាល់​គ្មាន​ជាតិ​គីមី ទាំង​សាច់​ ត្រី និង​បន្លែ​គ្រប់​ប្រភេទ​ស្រស់​យក​មក​ចម្អិន​ភ្លាមៗ ជូន​ពិសា​ក្ដៅៗ​យ៉ាង​ឈ្ងុយឆ្ងាញ់។

ដូច្នេះ​ប្រសិន​បើ​ចង់​ភ្លក់​រសជាតិ​ម្ហូប​ខ្មែរ​គ្រប់​មុខ​ដ៏​ឈ្ងុយឆ្ងាញ់ និង​សម្រាក​លម្ហែ​កាយ​ក្រវាត់​ចោល​ភាព​ស្មុគស្មាញ​ទាំង​ឡាយ​អាច​ទៅ​ទីនោះ​បាន ដោយ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេ​ខ៦ ក្នុង​សង្កាត់ទឹកវិល​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។

៣. រមណីយដ្ឋាន​ធម្មជាតិ​ភ្នំក្រោម

ក្រៅ​ពី​រមណីយដ្ឋាន​ខាងលើ ​ភ្នំក្រោម ក៏​ជា​កន្លែង​លេង​កម្សាន្ត​បែប​ស្រុកស្រែ​ដ៏​ល្បីល្បាញ​មួយ​ដែរ។ ចំពោះ​អ្នក​មិន​ចង់​ទៅ​កន្លែង​ថ្លង់​អ៊ូអរ ចូល​ចិត្ត​បែប​ស្ងប់ស្ងាត់ រ៉ូមែនទិក ជាមួយ​គូស្នេហ៍ ឫ​ជា​លក្ខណៈ​គ្រួសារ គឺ​មិន​ខក​បំណង​ឡើយ។ រមណីយដ្ឋាន​ធម្មជាតិ​ភ្នំក្រោម មាន​ទេសភាព​ស្អាត​លម្អ​ដោយ​សួន​ផ្កា​ដ៏​ស្រស់​បំព្រង ស្រះទឹក​ដ៏​ថ្លា​ឈ្វេង​មាន​ដាំ​ដើម​ឈូក និង​ខ្ទូស​សាងសង់​លើ​ទឹក​ជា​ច្រើន​ច្រើន​កន្លែង​ទៀត​ផង ហើយ​ប្រិយមិត្ត​ក៏​អាច​ជិះ​ទូក​លេង​កម្សាន្ត​បានដែរ​។

ជា​ពិសេស​នោះ គឺ​ល្បី​ថា​ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​គ្រប់​មុខ​សុទ្ធ​តែ​ឆ្ងាញ់​ចង់​ញ៉ាំ​អ្វី​ក៏​មាន​តាម​តម្រូវ​ការ​ ហើយ​តម្លៃ​ក៏​សមរម្យ​សេវា​ក៏​រហ័ស​ទាន់​ចិត្ត។

រមណីយដ្ឋាន​ភ្នំ​ក្រោមមាន​ទីតាំង​នៅ​ភូមិ​ក្រសាំង​រលើង ស្រុក​សៀមរាប ជិត​ភ្នំ​ក្រោម ខេត្ត​សៀមរាប​៕

អត្ថបទ៖ វឌ្ឍនៈ